
សេចក្ដីប្រកាសនេះបានបញ្ជាក់ថា ដើម្បីឈានទៅក្នុងការដំណើរការអប់រំតាមបែប គន្លងថ្មីដែលស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី ០១ ខែវិច្ចិកា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងនឹងមានការពង្រីកវិសាលភាពនៃការអប់រំតាមរយៈការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់តាំងពីកម្រិតបឋមសិក្សា វិទ្យាស្ថានអប់រំ វិទ្យាស្ថានបច្ចេកទេសវិទ្យា គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ គ្រឹះស្ថានអប់រំ ហើយជាពិសេស សាលាអនុវត្តន៍ រួមទាំងវិទ្យាល័យចំណេះដឹងទូទៅទាំងអស់ ត្រូវតែមានការអនុវត្តឲ្យបានម៉ត់ចត់ និងខ្ចាប់ខ្ជូនទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលជាកំហិត ។ ជាពិសេស អនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលទៅលើ សិស្ស និស្សិត ក៏ដូចជាលោកគ្រូ អ្នកគ្រូ ។
កាលពីខែ កញ្ញា កន្លងទៅនេះក្រសួងក៏បានចេញសេចក្ដីប្រកាសអនុញ្ញាតឲ្យមានការបើកសាលារៀននៅថ្នាក់វិទ្យាល័យ និងអនុវិទ្យាល័យឡើងវិញ ដែលទទួលសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយ ក៏ត្រូវបានគេសង្កេតឃើញថា នៅមានករណីឆ្លងកូវីដ-១៩ផងដែរ ប៉ុន្ដែនៅក្នុងចំនួនតិច និងតាមតំបន់តែប៉ុណ្ណោះ ដែលមិនតម្រូវឲ្យមានការបិទសាលានោះទេ។
សូមជម្រាបថា ដើម្បីធានាដល់សុវត្ថិភាព ពីការឆ្លងកូវីដ-១៩បន្តទៀត ក្រសួងតម្រូវឲ្យសិស្សានុសិស្សទូទាំងប្រទេសទាំងអស់ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីការពារនិងបង្កើនភាពស៊ាំនៅក្នុងខ្លួន។ មកទល់ពេលនេះ ក្រសួងសុខាភិបាលក៏បានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងចំពោះ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបាន៩៩,៦៧% ក្នុងគោលដៅ ១០ លាននាក់ អាយុ១២-១៧ឆ្នាំ បាន ៩០,៥៣% ក្នុងគោលដៅ២លាននាក់ និងការចាក់វ៉ាក់សាំងជូនកុមារនៅទូទាំងប្រទេស ដែលមានអាយុចាប់ពី ៦-១១ឆ្នាំ សម្រេចបាន៩៩,៩១% ផងដែរ៕
អត្ថបទ៖ ហួន ស្រីនីត
