បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មដដែលនេះ បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នតម្លៃផ្លែស្វាយនៅប្រទេសចិនក៏បានធ្លាក់ថ្លៃដែរ គឺចុះមកនៅត្រឹម១ដុល្លារ១០សេន ទៅ ១ដុល្លារ២០សេនប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
ជុំវិញរឿងស្វាយធ្លាក់ថ្លៃនេះដែរ មិនមែនតែកសិករម្ចាស់ចម្ការខ្នាតតូចៗដែលរងផលប៉ះពាល់ទេ សូម្បីតែឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាមហាសេដ្ឋីកសិកម្មនៅកម្ពុជានោះ ក៏ជួបបញ្ហាដូចគ្នាដែរ។ ប្រាប់សារព័ត៌មានតាមរយៈទូរស័ព្ទនាពេលថ្មីៗនេះ ឧកញ៉ា ម៉ុង ឫទ្ធីបញ្ជាក់ថា ស្វាយលោកនៅសល់ប្រមាណ៦ម៉ឺនដើម ស្មើនឹងជិត១ពាន់តោន មិនទាន់បានបេះផ្លែនោះទេ ដោយសារតែគ្មានទីផ្សារ ព្រោះស្វាយលោកភាគច្រើនលក់ចេញទៅក្រៅប្រទេស ប៉ុន្ដែដោយសារកូវីដ-១៩ ធ្វើឲ្យរាំងស្ទះដល់ការដឹកជញ្ជូនតាមផ្លូវអាកាសបានជាធ្វើឲ្យស្វាយរបស់ឧកញ៉ា ម៉ុងឫទ្ធីមិនអាចដឹកនាំចេញបាន។
ក្រុមកសិករម្ចាស់ចម្ការស្វាយនៅខេត្តត្បូងឃ្មុំបានប្រាប់ខេមបូណូមីសដែរថា តម្លៃស្វាយពិតជាបានធ្លាក់ថ្លៃមែន ដោយកាលពីមុនធ្លាប់លក់បានមួយគីឡូក្រាម១ពាន់៥រយទៅ ២ពាន់រៀល ឥឡូវលក់បានតែ៤០០ ទៅ៥០០រៀលប៉ុណ្ណោះ ហើយមិនសូវមានអ្នកទិញទៀតផង។
ក្រសួងកសិកម្មបានបញ្ជាក់ដែរថា ក្រសួងកំពុងខិតខំណាស់ដែរក្នុងការស្វះស្វែងរកទីភ្សារសម្រាប់ផ្លែស្វាយនេះ ដូចជានៅប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុនជាដើម។ យ៉ាងណាមិញ សម្រាប់ទីផ្សារចិន បើទោះបីជាមានកិច្ចព្រមព្រៀងលើពិធីសារនាំចេញស្វាយក៏ដោយចុះ ប៉ុន្ដែ បច្ចុប្បន្នមានក្រុមហ៊ុនតែ៤ប៉ុណ្ណោះ ដែលបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដស្របតាមស្ដង់ដារតម្រូវសម្រាប់ការវេចខ្ចប់នាំចេញ ហើយអគ្គនាយកដ្ឋានកសិកម្មក៏បានផ្ញើលិខិតស្នើសុំការពិនិត្យ និងឯកភាពចុះបញ្ជីពីប្រទេសចិនរួចហើយដែរកាលពីថ្ងៃទី ១២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ ដើម្បីឲ្យភាគីចិនពិនិត្យ និងសម្រេចអនុញ្ញាតឲ្យនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
ដូច្នេះ យើងរំពឹងថានឹងអាចទទួលបានចម្លើយពីខាងមិត្តចិនឆាប់ៗ ដើម្បីបើកទ្វារឲ្យផ្លែស្វាយកម្ពុជានាំចេញទៅកាន់ទីផ្សារចិនឲ្យបានលឿន ដើម្បីជាផ្នែកមួយជួយសង្គ្រោះដល់ទិន្នផលស្វាយដែលកំពុងជន់ជោរនេះ៕