នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយសង្កេតឃើញថា អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើនលើសលុប បានមកក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ក្រសួងបានសម្រេចពន្យារពេលកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៥ល្ងាច។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់កាលពីថ្ងៃទី ៣០ មិថុនា ថា រយៈពេល១សប្ដាហ៍ចុងក្រោយនៃថ្ងៃឱសានវាទសម្រាប់ការពន្យារពេលចុះបញ្ជីអាជីវកម្មតាមអនឡាញនេះ ឃើញថា មានសម្ទុះអាជីវករដែលរកស៊ីតាមអនឡាញ យ៉ាងច្រើនកុះករ បានមកស្នើសុំការចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម ដោយក្នុងមួយថ្ងៃៗ មានអ្នកមកស្នើសុំចុះបញ្ជីអាជីវកម្ម ប្រមាណ ៦០០នាក់ ឯណោះ។
ក្រុមអ្នកលក់អនឡាញយ៉ាងច្រើនកុះករបានសម្រុកទៅចុះបញ្ជីអាជីវកម្ម ព្រោះបារម្ភពីការផាកពិន័យ ដោយអាជ្ញាធរ ដោយក្នុងនោះម្ចាស់អាជីវកម្មតាមប្រព័ន្ធអនឡញ ប្រឈមនឹងការផាកពិន័យ១០លានរៀល ឬត្រូវបញ្ឈប់អាជីវកម្មផងដែរ ប្រសិនបើរកឃើញថា មិនបានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ។ នេះបើយោងតាមសេចក្ដីប្រកាសអន្តរក្រសួងស្ដីពីច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
យ៉ាងណាមិញ ក្រុមអាជីវកររកស៊ីតាមប្រព័ន្ធអនឡាញ ដែលបានមកចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិក នៅក្រសួងពាណិជញ្ជកម្ម បានប្រាប់ខេមបូណូមីសមីថា ការស្នើសុំលិខិតអនុញ្ញាត ឬបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច គឺជារឿងល្អសម្រាប់ក្រុមអាជីវករដែលរកស៊ីតាមអនឡាញ ទាំងម្ចាស់អាជីវកម្ម និងអតិថិជន ផ្ទាល់ ពិសេសជួយការពារអតិថិជនឲ្យរួចផុតពីការបោកប្រាស់ណាមួយ ពីក្រុមទុចរិតផងដែរ។ ខណៈចំនួនទឹកប្រាក់សម្រាប់បង់ពន្ធនិងនីតិវិធីនៃការស្នើសុំលិខិត ឬបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកវិញ ត្រូវបានក្រុមអាជីវករ បញ្ជាក់ថា មានតម្លៃសមរម្យ និងមានភាពងាយស្រួល ព្រោះពួកគាត់ទទួលបានអត្ថប្រយោជន៍ច្រើនពីការចុះបញ្ជី និងមានរយៈពេលវែងគឺរហូតដល់ទៅ២ឆ្នាំ ឯណោះ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់ទៀតថា ដោយសង្កេតឃើញថា រហូតមកដល់ពេលនេះ មានក្រុមអាជីវកម្មអនឡាញ យ៉ាងច្រើនមិនទាន់បានមកស្នើសុំលិខិតអនុញ្ញាត ឬបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ស្របពេលថ្ងៃឱសានវាទមកដល់ ដូច្នេះ ក្រសួងនឹងខិតខំស្វែងរកវិធីបន្ថែម និងធ្វើយ៉ាងណា ដើម្បីសម្រួលដល់ម្ចាស់អាជីវកម្មអនឡាញ អាចដាក់ពាក្យស្នើសុំលិខិត ឬបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដូចជា ការសម្រួលឲ្យអាជីវករតាមបណ្ដាខេត្ត អាចទៅចុះបញ្ជីពាណិជ្ជកម្ម នៅតាមមន្ទីរពាណិជ្ជកម្មតាមបណ្ដាខេត្តរបស់ខ្លួន ជាដើម។
ឯកឧត្តម ប៉ែន សុវិជាតិ ក៏បានបញ្ជាក់ទៀតថា មិនមែនគ្រប់អាជីវកម្មអនឡាញសុទ្ធតែត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីនោះទេ ដោយក្នុងនោះ ក្រសួងក៏មានការលើកលែងលើអាជីវកម្មចំនួន ៦ប្រភេទដែរ។ អាជីវកម្មតាមអនឡាញ ដែលត្រូវបានលើកលែង ដោយមិនចាំបាច់មកចុះបញ្ជីនោះ រួមមាន៖ ទី១.អាជីវកម្មដែលគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវារបស់ខ្លួន ដូចជា ការផ្សព្វផ្សាយទំនិញកសិផលល្អ ប៉ុន្ដែមិនបានប្រកាសអំពីតម្លៃរបស់កសិផល។
ទី២. ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មានផ្សេងៗ សម្រាប់អតិថិជន ឬអ្នកប្រើប្រាស់។ មានន័យថា មានការជជែកជាមួយអ្នកទិញបាន ប៉ុន្ដែមិនមានសេវាកក់ប្រាក់ឡើយ ជារួមគឺមិនមានបង្កើតសំណើនៃកិច្ចសន្យានោះទេ ដូច្នេះក៏មិនចាំបាច់ចុះបញ្ជី នោះដែរ។ ទី៣. ការលក់ទំនិញ ឬសេវា របស់រូបវន្តបុគ្គល ដែលមានផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច។ មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅការរកស៊ីក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០លានរៀលក្នុង១ឆ្នាំ)។ ទី៤. ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណៈគ្រួសារតាមរដូវកាល។ ទី៥. ការលក់ទំនិញជាស្នាដៃសិល្បៈ។ និងទី៦. ការបង្ហាត់បង្រៀនសិស្ស តាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀន ជាសិក្ខាសាលា ជាដើម៕