ក្រសួងសេដ្ឋកិច្ចកំពុងរៀបចំនីតិវិធី ដែលឲ្យសាធារណជនអាចទិញមូលបត្ររដ្ឋ

ក្រសួងសេដ្ឋកិច្ចកំពុងរៀបចំនីតិវិធី ដែលអនុញ្ញាតឲ្យសាធារណជនអាចទិញមូលបត្ររដ្ឋ


រាជរដ្ឋាភិបាលកម្ពុជានឹងបោះផ្សាយលក់មូលបត្របំណុលរដ្ឋចំនួន២០០លានដុល្លារអាមេរិកបន្ថែមទៀតនៅឆ្នាំ២០២៣ ពីលើគម្រោងបោះផ្សាយលក់មូលបត្រ៣០០លានដុល្លារនៅឆ្នាំ២០២២ ដើម្បីកៀរគរទុនក្នុងស្រុកសម្រាប់បម្រើឲ្យការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ខណៈដែលកាលពីខែកញ្ញាកន្លងរាជដ្ឋាភិបាលបានប្រកាសលក់បណ្ណបំណុលចំនួន២លើកក្នុងទំហំទឹកប្រាក់ប្រមាណជាង ៧០លានដុល្លាររួចហើយ ប៉ុន្ដែ ទទួលបានការទិញពីស្ថាប័នជាដៃក្នុងចំនួនតិចតួចប៉ុណ្ណោះ។
ក្រសួងសេដ្ឋកិច្ចកំពុងរៀបចំនីតិវិធី ដែលអនុញ្ញាតឲ្យសាធារណជនអាចទិញមូលបត្ររដ្ឋ

បន្ថែមលើការផ្តោតលើទីផ្សារដំបូង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏កំពុងរៀបចំនីតិវិធីផ្តោតលើទីផ្សារបន្ទាប់ ដែលអនុញ្ញាតឲ្យវិនិយោគិន និងសាធារណជនទូទៅអាចទិញមូលបត្ររដ្ឋផងដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថា ការគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ២០០លានដុល្លារបន្ថែមនេះ មិនបានដាក់បន្ទុកបំណុលឲ្យរដ្ឋវណ្ឌកនោះទេ ពោលគឺបំណុលនេះស្ថិតក្នុងកម្រិតដែលគ្រប់គ្រងបាន។

ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចកំពុងជំរុញការរៀបចំនីតិវិធី ដែលអនុញ្ញាតឲ្យវិនិយោគិន និងសាធារណៈជនអាចទិញមូលបត្របំណុលរដ្ឋបានក្នុងទីផ្សារបន្ទាប់ ដើម្បីធ្វើឲ្យមូលបត្ររដ្ឋកាន់តែមានភាពទាក់ទាញ។ ជាក់ស្តែងកាលពីពេលកន្លងទៅ ការបោះផ្សាយលក់មូលបត្ររដ្ឋផ្តោតតែលើទីផ្សារដំបូង ដែលមានតែស្ថាប័នវិនិយោគដូចជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនធានារ៉ាប់រង និងបេឡាជាតិសន្តិសុខសង្គមប៉ុណ្ណោះ ដែលអាចមានសិទ្ធិទិញមូលបត្ររដ្ឋបាន។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា នៅឆ្នាំ២០២៣ ខាងមុខ រដ្ឋគ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋចំនួន២០០លានដុល្លារអាមេរិកបន្ថែមទៀត ដែលគ្រោងបោះផ្សាយលក់ចាប់ពីដើមឆ្នាំតែម្តង។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ មូលបត្ររដ្ឋប្រមាណ២០០លានដុល្លារអាមេរិកនេះ គឺជាទំហំទឹកប្រាក់ថ្មីបន្ថែមពីលើទំហំបោះផ្សាយប្រមាណ៣០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២២។ សម្រាប់ឯកឧត្តម មាស សុខសេនសាន ការបោះផ្សាយលក់មូលបត្ររដ្ឋបន្ថែមនេះ មិនបានដាក់បន្ទុកបំណុលវណ្ឌក ដល់រាជរដ្ឋាភិបាលនោះទេ។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាយល់ឃើញថា វិនិយោគិនតូចៗ និងសាធារណជនទំនងជាពិបាកក្នុងការវិនិយោគជាមួយមូលបត្ររដ្ឋ ក៏ព្រោះតែការបោះផ្សាយលក់មូលបត្ររដ្ឋមានទំហំទឹកប្រាក់ច្រើន ជាងការបោះផ្សាយលក់ដោយក្រុមហ៊ុនឯកជន។ យ៉ាងណាក៏ដោយចុះ ផ្សារមូលបត្រកម្ពុជារួមជាមួយនិយ័តករមូលបត្រកំពុងពិនិត្យលើយន្តការវិនិយោគរួមគ្នា ដើម្បីអាចឲ្យសាធារណជនទិញមូលបត្រប្រភេទនេះបាន។

គួររំលឹកផងដែរថា ក្រោយរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានជំរុញឲ្យតម្លៃប្រេងឥន្ធនៈ និងថាមពល ក៏ដូចជាទំនិញចាំបាច់មួយចំនួនមានកើនឡើង ដែលធ្វើឲ្យលើពិភពលោកប្រឈមនឹងវិបត្តិការឡើងអតិផរណា។ កត្តានេះបានជំរុញប្រទេសទាំងនោះ ជាពិសេសសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់លុយដុល្លារ ដែលធ្វើឲ្យអត្រាការប្រាក់នៅតាមប្រទេសផ្សេងៗមានការប្រែប្រួលគួរឲ្យកត់សម្គាល់។ ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកត្រូវបានថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាចាត់ទុកជាឧបសគ្គសម្រាប់ការបោះផ្សាយលក់មូលបត្ររដ្ឋ។

ជាក់ស្តែង សម្រាប់ការដាក់ដេញថ្លៃមូលបត្ររដ្ឋពីរលើកកន្លងមកមានក្រុមហ៊ុន និងស្ថាប័នជាង១០ប៉ុណ្ណោះបានចូលរួមដេញថ្លៃ ហើយលទ្ធផលសម្រេចបានប្រមាណ៤០% នៃចំនួនទឹកប្រាក់ ដែលត្រូវបានដាក់ឲ្យដេញថ្លៃប៉ុណ្ណោះ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ សម្រាប់ការដាក់ឲ្យដេញថ្លៃមូលបត្រលើកទី១កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទំហំប្រាក់ជិត២៥លានដុល្លារមានក្រុមហ៊ុន និងស្ថាប័នចំនួន៨ចូលរួមដេញថ្លៃ ដោយកាលនោះ សម្រេចបានលទ្ធផលប្រមាណតែ៤០%ប៉ុណ្ណោះ។ ក្រោយមកនៅថ្ងៃទី២១ កញ្ញា រដ្ឋបានដាក់ឲ្យដេញថ្លៃមូលបត្ររដ្ឋលើកទីពីរដែលមានតម្លៃជិត៥០លានដុល្លារ ដោយកាលនោះមានស្ថាប័នចំនួន៦ចូលរួមដេញថ្លៃ ប៉ុន្ដែមិនបានសម្រេចជាលទ្ធផលនោះទេ៕




អត្ថបទបន្ទាប់


កម្ពុជាស្នើខ្ចីជប៉ុនបន្ថែម៦០លានដុល្លារទៀត ដើម្បីបង្គ្រប់ថវិកាសម្រាប់សាងសង់កំពង់ផែទឹកជ្រៅថ្មីនៅខេត្តព្រះសីហនុ

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន លើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កម្ចីបន្ថែម ៦០លានដុល្លារទៀត ដើម្បីបង្គ្រប់ថវិកា ដែលខ្…

តើជំនួបទ្វេភាគីរវាងជប៉ុន-ចិន និងជប៉ុន-កូរ៉េខាងត្បូងពិភាក្សាគ្នាលើបញ្ហាសំខាន់ៗអ្វីខ្លះ?

អំឡុងពេលដែលកំពុងមានវត្តមាននៅកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំជប៉ុនលោក Fumio Kishida ស្វែងរកបានជំនួបទ្វេភាគីសំខាន់ៗមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ