បើតាមឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្ន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាទិភាពចម្បង និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យជាច្រើន ដោយរួមទាំងវិស័យអប់រំ ផងដែរ។ ដូច្នេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការសិក្សារបស់សិស្សានុសិស្ស ដែលស្របទៅនឹងបរិបទកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់កម្មវិធីស្វ័យសិក្សាតាមអនឡាញមួយ ដែលអាចឱ្យសិស្សអាចធ្វើការស្វ័យសិក្សាដោយខ្លួនឯង ចាប់ពីកម្រិតថ្នាក់អនុវិទ្យាល័យ ដល់ថ្នាក់វិទ្យាល័យ។ កម្មវិធីនេះទៀតសោត ក្រសួងអប់រំក៏បានដាក់ឱ្យសាធារណៈ ប្រើប្រាស់រយៈពេល ៥ខែ មកហើយ ដោយមានកម្មវិធីសិក្សា និងមេរៀន ជាច្រើនផងដែរ។
ដ្បិតថា កន្លងមកនេះ ក្រសួងអប់រំ បានអនុញ្ញាតឱ្យសាលារៀនមួយចំនួន ពិសេសនៅតាមទីជនបទ អាចបើកសាលារៀនឡើងវិញ តែការសិក្សាតាមប្រព័ន្ធអនឡាញ នៅតែជាអាទិភាព សម្រាប់សិក្សានុសិស្ស អំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៣ ខែកញ្ញា រដ្ឋមន្រ្តីក្រសួងអប់រំ ឯកឧត្តម ហង់ ជួនណារ៉ុន បានពន្យល់បែបនេះ ការស្វ័យសិក្សាតាមអនឡាញ ជាយុទ្ធសាស្រ្តបង្រៀនបែបថ្មី ក្នុងបរិបទកូវីដ-១៩នេះ។ បើតាមរដ្ឋមន្រ្តីអប់រំរូបនេះ បានគូសបញ្ជាក់ថា នេះគឺជាការរៀនបែបចម្រុះ ដែលសិស្សានុសិស្ស អាចរៀនក្នុងថ្នាក់ផង និងរៀនក្រៅថ្នាក់ផង។ ក្នុងន័យនេះ ឯកឧត្តម ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា សិស្សានុសិស្ស អាចចូលទៅពិភាក្សាជាមួយគ្រូបាន មុននឹងសិស្សត្រូវឈានដល់ការសិក្សាក្នុងថ្នាក់រៀនផ្ទាល់ ម្យ៉ាងវិញទៀត ក៏អាចឱ្យសិស្សមានឯករាជ្យ ក៏ដូចជា បង្កើនប្រសិទ្ធភាព ក្នុងការប្រើប្រាស់ទូរសព្ទដៃ ផងដែរ។