នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២២នេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ក្នុងរយៈពេល៥ ឆ្នាំនេះក្រសួងបានចេញលិខិតអនុញ្ញាត បង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣តំបន់នៅ១០រាជធានីខេត្តមានដូចជាខេត្តស្វាយរៀងមានចំនួន៨តំបន់ ខេត្តបន្ទាយមានជ័យមានចំនួន៣តំបន់ ខេត្តព្រះសីហនុមានចំនួន៣តំបន់ ខេត្តកោះកុងមានចំនួន២តំបន់ ខេត្តកណ្តាលមានចំនួន២តំបន់ ខេត្តកំពង់ឆ្នាំងមានចំនួន១តំបន់ ខេត្តកំពង់ស្ពឺមានចំនួន២តំបន់ ខេត្តកំពតមានចំនួន១តំបន់ ខេត្តក្រចេះមានចំនួន១តំបន់ និងរាជធានីភ្នំពេញមានចំនួន១តំបន់ ។
ឯកឧត្តម ហេង សុខគង់ បញ្ជាក់បន្ថែមថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន២៣ ដែលត្រូវបានបង្កើតឡើងនៅរយៈពេល៥ឆ្នាំមកនេះ មានរោងចក្រចំនួន ៣៩០រោងចក្រ ហើយមានកម្មករកម្មការិនីរោងចក្របម្រើការងារមានចំនួនជាង ១៦ម៉ឺននាក់ និងទុនវិនិយោគប្រមាណជាង ៣ពាន់លានដុល្លារ។
បើតាមអ្នកជំនាញបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស គឺពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនពីបរទេស ជំរុញផលិតកម្ម និងការនាំចេញ រួមទាំងបង្កើតការងារបានយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
ជុំវិញទៅនឹងការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពីសេសនេះដែរ បើតាមតួលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៥គម្រោង ជាមួយទុនវិនិយោគសរុបជាង ៣៦០លានដុល្លារ ខណៈដែលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៤១ កន្លែងនៅទូទាំងប្រទេស ដោយភាគច្រើនមាននៅ ខេត្តស្វាយរៀង,បន្ទាយមានជ័យ,កោះកុង,ព្រះសីហនុ និងរាជធានីភ្នំពេញ៕