
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី។

អនុស្សរណៈ នៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យា និងផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ជូនដល់អ្នកដំណើរអន្តរជាតិធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋាការ និងបំពេញសលាកបត្រចូលប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញ។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធ Cambodia e-Arrival ដើម្បីឱ្យអ្នកដំណើរអាចចូលទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA) ដែលមានក្នុង App Store និង Play Store នៅលើទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត រួចអាចបំពេញបែបបទទុកជាមុន តាមទម្រង់អេឡិចត្រូនិកជាទម្រង់រួមបញ្ចូលគ្នាតែមួយ ក្នុងការស្នើសុំ និងការទទួលបាន E-visa និងបំពេញសលាកបត្រ ជំនួសការបំពេញបែបបទជាទម្រង់ក្រដាស ព្រមទាំងការទូទាត់ចំណាយថ្លៃវីសាតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce – MPGS) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ចំពោះអ្នកដំណើរដែលបំពេញបែបបទ និងស្នើសុំវីសានៅតាមបញ្ជរអាកាសយាន្តដ្ឋានអន្តរជាតិនៅកម្ពុជា អាចទូទាត់កម្រៃសេវាទិដ្ឋាការតាមរយៈសេវាកម្មធនាគារ អេស៊ីលីដា ម៉ាស៊ីនឆូតកាត (POS Terminal) ដែលអាចប្រើជាមួយប្រភេទកាត Master Card, Visa Card, Union Pay, JCB, Dinner Club International និងស្កេនអេចឃ្យូអរកូត (KHQR Code)។

ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិន ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។





