ទុនវិនិយោគក្នុងវិស័យសំណង់

ទុនវិនិយោគក្នុងវិស័យសំណង់ធ្លាក់ចុះជិត ៥០% នៅ១១ខែឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?


វិបត្តិជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានទាញទម្លាក់ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាឲ្យដាំក្បាលចុះយ៉ាងគំហុកនៅឆ្នាំ២០២២នេះ។ ជាក់ស្តែង បើតាមរបាយការណ៍របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ នៅរយៈពេល១១ខែឆ្នាំ២០២២ មានគម្រោងសំណង់ជាង ៣ពាន់៨រយគម្រោងត្រូវបានអនុម័ត ជាមួយទុនវិនិយោគសរុបជាង ២ពាន់៦រយលានដុល្លារ ពោលគឺមានការធ្លាក់ចុះប្រហែលពាក់កណ្ដាល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទុនវិនិយោគក្នុងវិស័យសំណង់ធ្លាក់ចុះជិត ៥០% នៅ១១ខែឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?
ដោយ

អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចអះអាងថា មិនមែនមានតែកម្ពុជានោះទេដែលជួបបញ្ហានេះ ប្រទេសជាច្រើនលើពិភពលោក ក៏ជួបបញ្ហាការធ្លាក់ចុះវិស័យសំណង់ និងអចលនទ្រព្យនេះដែរ។ អ្នកជំនាញវាយតម្លៃថា កម្ពុជាអាចចំណាយពេលយ៉ាងហោចណាស់ពី ពីរទៅបីឆ្នាំទៀតក្នុងការស្តារវិស័យនេះឲ្យវិលមករកភាពល្អប្រសើរឡើងវិញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថ្មីៗនេះថា នៅក្នុងរយៈពេល១១ខែឆ្នាំ២០២២ ក្រសួងរៀបចំដែនដី និងរដ្ឋបាលរាជធានី-ខេត្តបានអនុម័តគម្រោងវិនិយោគទូទាំងប្រទេសក្នុងវិស័យសំណង់បានចំនួនជាង ៣ពាន់៨រយគម្រោង ដែលមានទុនវិនិយោគជាង២ពាន់៦រយលានដុល្លារអាមេរិក ធ្លាក់ចុះជិត៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមាន ទុនវិនិយោគជាង៥ពាន់២រយលានដុល្លារអាមេរិក និងគម្រោងសរុបសរុបជិត៤ពាន់គម្រោង។

ក្នុងចំណោមគម្រោងដែលបានអនុម័តខាងលើមានចំនួនជាង២០០គម្រោង ដែលមានទុនវិនិយោគជិត២ពាន់១រយលានដុល្លារត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី ដោយមានការធ្លាក់ចុះជិត៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកគម្រោងជាង៣ពាន់៦រយគម្រោងទៀត ត្រូវបានអនុម័តដោយរដ្ឋបាលរាជធានី-ខេត្ត ដែលមានទុនវិនិយោគជិត៥៥០លានដុល្លារអាមេរិក ធ្លាក់ចុះជាង៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណាឯកឧត្តមឧបនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់លម្អិតពីហេតុផលនៃការធ្លាក់ចុះទុនវិនិយោគក្នុងវិស័យសំណង់នោះទេ។

ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាអះអាងថា ការធ្លាក់ចុះគម្រោងវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យមិនមែនកើតមានតែនៅកម្ពុជានោះទេសូម្បីប្រទេសធំៗនៅលើពិភពលោកក៏ជួបបញ្ហានេះដែរ។ អ្នកជំនាញរូបនេះវាយតម្លៃថា កត្តាដែលទាញទម្លាក់ការវិនិយោគក្នុងវិស័យនេះ គឺដោយសារការអូសបន្លាយនៃវិបត្តិជំងឹកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឲ្យកើតមានវិបត្តិអតិផរណា ដែលបង្កពីការកើនឡើងតម្លៃប្រេងឥន្ធនៈ និងថាមពល។

បើទោះបីរដ្ឋាភិបាលចិនគ្រោងបើកព្រំដែនឲ្យមានការចេញចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅខែមករា ឆ្នាំ២០២៣ក៏ដោយ ប៉ុន្ដែ លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាទំនងជាអាចទាញបានផលប្រយោជន៍តិចតួចប៉ុណ្ណោះពីវិធានការបន្ធូរបន្ថយនេះ។ អ្នកជំនាញរូបនេះវាយតម្លៃថា កម្ពុជាអាចត្រូវការពេលយ៉ាងហោចណាសពីពីរទៅបីឆ្នាំ ក្នុងការស្តារវិស័យសំណង់ និងអចលនទ្រព្យឲ្យវិលមករកភាពល្អប្រសើរវិញ។

បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងរយៈពេលជិត២២ឆ្នាំកន្លងមនេះកម្ពុជាបានអនុម័តលើគម្រោងវិនិយោគបានជាង៦ម៉ឺន១ពាន់គម្រោង ជាមួយទុនវិនិយោគជិត ៦៩ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នកម្ពុជាមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅនៅទូទាំងប្រទេសមានជាង២ពាន់៥រយអគារ ដែលភាគច្រើននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ បន្ថែមលើនេះកម្ពុជា មានគម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានលក្ខណៈជាបុរីមានចំនួន៥១០គម្រោង, អគារស្នាក់នៅ៤៣៤គម្រោង, សំណង់សណ្ឋាគារជាង១ពាន់គម្រោង, សំណង់អគារពាណិជ្ជកម្មជាង ៣ពាន់គម្រោង, សំណង់អគាររោងចក្រជាង១ម៉ឺនគម្រោង និងសំណង់អគារពហុមុខងារមាន ៣៣០គម្រោង៕




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន ដាក់បទបញ្ជាជាកំហិតឲ្យក្រសួងដែនដីត្រូវបញ្ចប់ការដោះស្រាយបញ្ហាបឹងទន្លេសាបត្រឹមខែឧសភាឆ្នាំក្រោយ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យមន្រ្តីនៃក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បន្ថែមការយកចិត្តទុក និងពន្លឿនការដោះស្រាយបញ្ហាទន្ទ្រានដីព្រ…

ឃែស យូ អាប់ បើកដំណើរការសាខាសេវាបញ្ចាំ នៅផ្សារដើមថ្កូវ

ព័ត៌មាន
ឃែស យូ អាប់ ដែលជាក្រុមហ៊ុនផ្ដល់សេវាបញ្ចាំស្របច្បាប់ និងជាបុត្រសម្ពន្ធមួយ របស់ក្រុមហ៊ុន វើលប្រ៊ីដ បានបើកសាខា ហ្វ្រែនឆាយរបស់ខ្លួនថ្មីមួយទៀត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ