បើតាមការប្រជុំលើសេចក្ដីព្រាងផែនការមេទេសចរណ៍នេះ ខេត្តមណ្ឌលគិរី ចាំបាច់ត្រូវមានការចូលរួមពីវិស័យពាក់ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសគឺការបង្កើតព្រលានយន្ដហោះថ្មី ដែលមានតួនាទីសំខាន់ក្នុងការបម្រើការដឹកជញ្ជូនទេសចរ អ្នកដំណើរ និងទំនិញផ្សេងៗ។
បើតាមសេចក្ដីព្រាងផែនការមេវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរីនេះ ត្រូវបានកំណត់ថា អេកូទេសចរណ៍ ជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តនេះ បន្ទាប់មក គឺវិស័យកសិកម្ម ដែលមានសក្ដានុពលខ្លាំងបំផុត ដូចជាការដាំដុះបន្លែសរីរាង្គ ផ្កា ផ្លែឈើ កាហ្វេ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងទូទាំងប្រទេសផងដែរ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យទេសចរណ៍ គឺជាវិស័យអន្តរវិស័យដែលត្រូវមានការគាំទ្រពីវិស័យពាក់ព័ន្ធជាច្រើន។ ក្នុងនោះ ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី របស់ខេត្តទាំងមូល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងព្រលានយន្ដហោះ ដែលគណៈកម្មការអន្តរក្រសួង សូមគាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំគម្រោងកសាងព្រលានយន្ដហោះមួយនៅខេត្តមណ្ឌលគិរី សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរពីតំបន់ទេសចរណ៍ធំៗដូចជា រាជធានីភ្នំពេញ សៀមរាបអង្គរ តំបន់ឆ្នេសមុទ្រ និងតំបន់ទេសចរណ៍នៅខេត្តបាត់បងជាដើម។
ឯកឧត្តម ថោង ខុន បានបន្ថែមថា ទៅថ្ងៃអនាគតព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ (Regional airport) តភ្ជាប់ខេត្តមណ្ឌលគិរី ទៅគោលដៅទេសចរណ៍ជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗផ្សេងទៀតរបស់អាស៊ាន និងហួសទៅដល់ទីក្រុងសំខាន់ៗរបស់ប្រទេសចិនផងដែរ។
ជុំវិញនឹងការកសាងព្រលានយន្ដហោះថ្មីនៅខេត្តមណ្ឌលគិរីនេះ គេនៅមិនទាន់អាចទទួលបានការបញ្ជាក់បន្ថែមពី លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានទេ ដោយសារហៅទូរស័ព្ទជាច្រើនលើក តែទូរស័ព្ទលោកជាប់រវល់។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានលើកឡើងថា ខេត្តមណ្ឌលគិរីនេះ មានសក្ដានុពលទេសចរណ៍ និងតំបន់ទេសភាពទាក់ទាញប្រមាណ ៣៩កន្លែងឯណោះ។ ឯកឧត្តម បន្ថែមថា ការកសាងផ្លូវទៅច្រកទ្វារព្រំដែន ជាចំណុចចាំបាច់សម្រាប់តភ្ជាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងសម្រួលដល់ការដឹកជញ្ជូនកសិផល ទំនិញរបស់ប្រជាពលរដ្ឋទៅកាន់ប្រទេសជិតខាង ពិសេសគឺប្រទេសវៀតណាម។
របាយការណ៍ ពីក្រសួងទេសចរណ៍បង្ហាញថា ដោយសារតែជួបប្រទះនូវ វិបត្តិមេរោគកូវីដ-១៩ ដូចបណ្តាប្រទេសដទៃជាច្រើនលើសកលលោកដែរ វិស័យទេសចរណ៍កម្ពុជា បាត់បង់ចំណែកភ្ញៀវទេសចរណ៍បរទេស ប្រមាណ ៣៨% ពោលគឺធ្លាក់ចុះជាង ៧សែននាក់ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២០នេះ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕