ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបបានបង្ហាញពីការហូសចិត្តចំពោះតម្លៃព្រីងនៅប្រទេសកម្ពុជានារដូវនេះ ដែលមានតម្លៃជិតប្រហាក់ប្រហែលទៅនឹងតម្លៃព្រីងនៅសហរដ្ឋអាមេរិកទៅហើយ។ បើតាមការអះអាងរបស់មហាសេដ្ឋីកសិកម្មល្បីល្បាញរូបនេះ ផ្លែព្រីងនៅកម្ពុជាមានតម្លៃរហូតដល់៣ម៉ឺនរៀលក្នុង១គីឡូក្រាម បើប្រៀបធៀបនឹងតម្លៃផ្លែព្រីងនៅអាមេរិកខុសគ្នាតែប្រមាណ២ពាន់រៀលតែប៉ុណ្ណោះ។
ដោយមើលឃើញផ្លែព្រីងនៅកម្ពុជាបច្ចុប្បន្នមានតម្លៃថ្លៃពេក ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានសម្រេចនាំយកគ្រាប់ពូជព្រីងមកពីម៉ាឡេស៊ីមកបណ្តុះដាំនៅលើដីរបស់លោក នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមគម្រោងលោកឧកញ៉ា ម៉ុង ឬទ្ធី នឹងដាំពូជព្រីងមកពីម៉ាឡេស៊ីលើផ្ទៃដី៦៤ហិកតា ដោយចែកចេញជាដំណាក់កាលៗ ដោយនៅជំហានដំបូងក្នុងឆ្នាំនេះ ធ្វើយ៉ាងណាដាំឲ្យបាន៥ពាន់ដើម។
ឧកញ៉ាបណ្ឌិតកសិកម្មរូបនេះអះអាងទៀតថា គោលបំណងនៃការដាំព្រីងនេះ គឺដើម្បីចូលរួមចំណែកធានាកុំឲ្យព្រីងនៅលើទីផ្សារមានតម្លៃខ្ពស់ពេក ដែលនាំឲ្យប្រជាពលរដ្ឋមានការរអ៊ូរទាំ។ ម្យ៉ាងទៀត ដើម្បីឲ្យប្រជាពលដែលមានចំណូលកម្រិតទាប និងមធ្យមមានលទ្ធភាពក្នុងការទិញផ្លែព្រីងយកទៅបរិភោគ។
បើតាមការអះអាងរបស់ឯកឧត្តម
ឧកញ៉ា ម៉ុង ឫទ្ធី ក្រៅពីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក
លោកក៏ទំនងជាអាចនាំចេញផ្លែព្រីងនេះទៅលក់នៅលើទីផ្សារអន្តរជាតិផងដែរ ក្នុងករណីមានតម្រូវការខ្ពស់
ហើយព្រីងផ្តល់ទិន្នផលខ្ពស់៕