បើសិនជាសេដ្ឋកិច្ចប្រទេសមហាអំណាចទាំងអស់នេះ មានភាពល្អប្រសើរ ពិតណាស់សេដ្ឋកិច្ចកម្ពុជា នឹងតោងទាមរុងរឿងទៅតាមនោះដែរ។
ជាមួយគ្នានេះ ស្ថាប័នអ្នកវាយតម្លៃសេដ្ឋកិច្ចមកពីអាមេរិក Moody’s Investors Service បានធ្វើការព្យាករពីសេដ្ឋកិច្ចកម្ពុជាថា នឹងមានការធ្លាក់ចុះ ០,៣% នៅក្នុងឆ្នាំ២០២០នេះ ប៉ុន្តែនឹងបន្តកើនឡើងវិញដល់ ៦% នៅក្នុងឆ្នាំ ២០២១ខាងមុខនេះ។ មានហេតុផលមួយចំនួនដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងវិញ ពិសេសដោយសារតែប្រទេសកម្ពុជា មានយុទ្ធសាស្រ្តការពារយ៉ាងរឹងមាំដើម្បីប្រឆាំងនឹងការរំខានដល់ពាណិជ្ជកម្ម និង កំណើនដោយសារតែបញ្ហាមេរោគកូវីដ១៩។
ស្ថាប័នសេដ្ឋកិច្ចអន្តរជាតិមួយនេះ បានបញ្ជាក់ថា បើទោះបីជាមានករណីនៃការរីករាលដាលឆ្លងជំងឺ កូវីដ-១៩ ក្នុងចំនួនដែលអាចគ្រប់គ្រងបានក៏ដោយ ប៉ុន្តែវានៅតែសាយភាយឥទ្ធិពលអវិជ្ជមានដល់ ការវិនិយោគ និង វិស័យទេសចរណ៍ ជាពិសេសប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសចិន។
លោកស្រី អានុស្កា សាស អនុប្រធាន និង ជាអ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់របស់ស្ថាប័ន Moody’s បានឲ្យដឹងថា ប្រទេសកម្ពុជា ពិតជាពាក់ព័ន្ធទៅនឹងភាពចុះអន់ខ្សោយនៃសេដ្ឋកិច្ចប្រទេសចិន ដោយសារតែទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស្និទ្ធរមួតរវាងប្រទេសទាំងពីរ។ ក្នុងនោះ ចិនបាន កាន់កាប់ចំណែកវិនិយោគ ៤៣% នៃ ការវិនិយោគសរុបនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩កន្លងទៅ ហើយចំនួនភ្ញៀវទេសចរចិន មានជាង ៣៦% នៃភ្ញៀវទេសចរអន្តរជាតិ ដែលបានចូលមកកម្សាន្តនៅកម្ពុជាកាលពីឆ្នាំមុន។
លើសពីនេះ ផលប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកវិញ ក៏បានជះឥទ្ធិពលអាក្រក់ដល់តម្រូវការទំនិញពីកម្ពុជា ផងដែរ ហើយការធ្លាក់ចុះយ៉ាងគំហុកនេះ នៃតម្លៃទំនិញបង្កជាហានិភ័យខ្ពស់ ដល់ស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទោះយ៉ាងណាក៏ដោយ ទស្សនវិស័យជារួមរបស់ Moody’s គឺថា ប្រទេសកម្ពុជាមានស្ថិរភាពល្អ ហើយការអនុវត្តកំណែទម្រង់ ដែលកែលម្អភាពទន់ខ្សោយនៃ ស្ថាប័ន និងដាក់ចេញនូវ គោលនយោបាលដែលមានប្រសិទ្ធភាព នឹងជំរុញឲ្យចំណាត់ថ្នាក់កាន់តែប្រសើរឡើង។
ផ្ទុយទៅវិញ ការធ្លាក់ចុះនូវការផ្តល់ឥណទាន អំឡុងពេលមានវិបត្តិកូវីដ-១៩នេះ នឹងដាក់សម្ពាធ ទៅលើចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា ហើយការធ្លាក់ចុះនូវការវិនិយោគពីក្រៅប្រទេស ក៏ដាក់ទម្ងន់ទៅលើភាពលូតលាស់នៃសេដ្ឋកិច្ចផងដែរ៕