ការរាំងខ្ទប់ការនាំចេញស្បៀងអាហារសំខាន់ៗ

ប្រទេសតំបន់អាស៊ីកាន់តែច្រើនរាំងខ្ទប់ការនាំចេញស្បៀងអាហារសំខាន់ៗ ចំពេលពិភពលោកប្រឈមវិបត្តិស្បៀងអាហារ


កង្វះខាតស្បៀងអាហារ កំពុងក្លាយជាវិបត្តិធំមួយ ក្នុងចំណោមវិបត្តិផ្សេងៗទៀត ដែលពិភពលោកកំពុងប្រឈម និងត្រូវរួមគ្នាដោះស្រាយ ហើយពិភពលោកចាប់ផ្ដើមប្រឈមវិបត្តិស្បៀងអាហារកាន់តែខ្លាំងឡើង នៅក្រោយពេលដែលផ្ទុះកើតមានសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ខណៈដែលប្រទេសទាំងពីរនេះ ជាប្រទេសផលិត និងនាំចេញស្បៀងអាហារធំបំផុតរបស់ពិភពលោក។
វិបត្តិស្បៀងអាហារពិភពលោកកាន់តែដុនដាប

ការកើនឡើងអតិផរណាស្បៀងអាហារ កំពុងជំរុញ​ឲ្យ​សេដ្ឋកិច្ចសកល​ដាំក្បាលចុះ ហើយក្នុងពេលដ៏អាប់អួនេះ គេសង្កេតឃើញថា មានប្រទេស​តំបន់​អាស៊ីមួយ​ចំនួន​ដែលជាអ្នកផលិតស្បៀងអាហារ​បានចាប់ផ្ដើម​ផ្អាកការនាំចេញ​ផលិតផលស្បៀងអាហារ​សំខាន់ៗ ទៅទីផ្សារ ក្រៅប្រទេសជាបណ្ដើរៗហើយ ដើម្បី​បន្ធូបន្ថយតម្លៃក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ប្រទេសអាស៊ីអាគ្នេយ៍កំពុងចាប់ផ្តើមចាត់វិធានការទប់ស្កាត់ការនាំចេញស្បៀងអាហារនៅពេលដែលអតិផរណាកើនឡើង។ តួយ៉ាង ថ្មីៗនេះ មហាយក្ស​ឥណ្ឌា​បានហាមឃាត់ការដឹកជញ្ជូនស្រូវសាលីនាំចេញទៅក្រៅប្រទេស ដើម្បីត្រៀមទុកសម្រាប់បំពេញតម្រូវការក្នុងស្រុក និងទប់ទល់​កុំឲ្យតម្លៃស្រូវសាលីឡើងថ្លៃខ្ពស់ ខណៈដែល​ប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកនាំចេញប្រេងដូង ដ៏ធំបំផុត​របស់ពិភពលោក ក៏បាន​បញ្ឈប់ការនាំចេញប្រេងដូងជា​បណ្តោះអាសន្ន​អស់មួយរយៈផងដែរ ដើម្បីដោះស្រាយ​វិបត្តិអតិផរណា ពិសេសតម្លៃប្រេងឆា​នៅក្នុងស្រុក​ហក់ឡើងថ្លៃគំហុក។

ប៉ុន្ដែ ថ្មីៗនេះ ឥណ្ឌូនេស៊ី ក៏បាន​លុបចោលបម្រាម​នាំចេញ​ប្រេងដូងនេះវិញហើយដែរ ក្រោយមានការតវ៉ាពីសំណាក់ពលរដ្ឋ ដ្បិតថា តម្លៃដូងប្រេង​មានការធ្លាក់ចុះខ្លាំង ប៉ះពាល់ដល់ចំណូល​អ្នកប្រកបរបរដាំដូងប្រេង។ ការបិទ​ការនាំចេញប្រេងដូងមួយរយៈរបស់​ឥណ្ឌូនេស៊ី ក៏បានធ្វើឲ្យរង្គោះរង្គើដល់​ទីផ្សារប្រេងឆាពិភពលោកផងដែរ ខណៈដែលតម្លៃរបស់វាកើនឡើងកាន់តែខ្ពស់ នៅគ្រាដែល អ៊ុយក្រែន ដែលជាអ្នកនាំចេញ​ប្រេង​គ្រាប់ផ្កាឈូក​ជួបបញ្ហាមិនអាចនាំចេញបាន។

យ៉ាងណាមិញ ឥណ្ឌាទើបតែបានបិទខ្ទប់ការនាំចេញស្រូវសាលីរួច ឥឡូវនេះ ក៏ចាប់ផ្ដើម​​រឹតត្បិតការនាំចេញស្ករសបន្ថែមទៀត ខណៈដែល​ប្រទេសម៉ាឡេស៊ីឯណោះវិញ បានប្រកាស​បិទការនាំចេញសាច់មាន់ផងដែរ ក្រោយ​មានការព្រួយបារម្ភពីការផ្គត់ផ្គង់ និង ការកើនឡើងតម្លៃ​ក្នុងស្រុក។

ឥណ្ឌា​ជា​ប្រទេស​ផលិត​ស្ករ​ធំ​ជាង​គេ​របស់​ពិភពលោក និង​ជា​ប្រទេស​នាំ​ចេញ​ធំ​ទី​ពីរ​​បន្ទាប់ពីប្រទេសប្រេស៊ីល។ ប្រភព​រដ្ឋាភិបាល​​មួយ​​បាន​ប្រាប់សារព័ត៌មាន Reuters ថា ឥណ្ឌាបានដាក់កំហិតការនាំចេញស្ករស ១០លានតោន ដែលជាការសម្រេចចិត្ត​លើកដំបូង​ក្នុង​រយៈពេល ៦ ឆ្នាំកន្លងមក ដើម្បីការពារការកើនឡើងនៃតម្លៃ​ក្នុង​ស្រុក និង ធានានូវស្ថិរភាពការផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ក្នុងប្រទេស បន្ទាប់ពីរោងកែច្នៃ​បានលក់ស្ករ​បរិមាណដ៏ច្រើននៅលើទីផ្សារពិភពលោក។

អ្នកបញ្ជាទិញបាន​អះអាងថា រដ្ឋាភិបាលបានស្នើឱ្យអ្នកនាំចេញត្រូវ​សុំ​ការអនុញ្ញាតពី​ក្រសួងមុន​នឹងនាំចេញស្ករស​​ទៅក្រៅប្រទេស​ចាប់ពីថ្ងៃទី ១មិថុនា រហូតដល់ ថ្ងៃទី ៣១តុលា។ ទន្ទឹមនឹងនោះ តម្លៃស្ករស នៅទីក្រុងឡុងក៏បានកើនឡើងច្រើន​ជាង ១% បន្ទាប់ពីឥណ្ឌាបានបិទការនាំចេញរបស់ខ្លួនផងដែរ។

ក្រៅពីឥណ្ឌា ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ​បានក៏ប្រកាស​ពីការកាត់បន្ថយការនាំចេញមាន់​ពីក្នុងប្រទេសរបស់ខ្លួន ដើម្បីគ្រប់គ្រងតម្លៃកើនឡើង និង ការប្រយុទ្ធប្រឆាំងនឹង​កង្វះខាតក្នុងស្រុកផងដែរ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា ការនាំចេញមាន់រហូតដល់ ៣,៦ លានក្បាលក្នុងមួយខែ នឹងត្រូវបញ្ឈប់ចាប់ពីថ្ងៃទី ១មិថុនា ហើយអាចបើកឲ្យ​មាន​ការនាំចេញ​ឡើងវិញ រហូតទាល់តែតម្លៃ និង ការផ្គត់ផ្គង់ក្នុងស្រុកមានស្ថិរភាព។

ចំណាត់ការនេះបានធ្វើឡើង​បន្ទាប់ពីមានការត្អូញត្អែរ​កាន់តែខ្លាំងឡើង​ពីប្រជាជននៅក្នុងប្រទេសម៉ាឡេស៊ី ហើយប្រទេសសិង្ហបុរី​បានបង្ហាញពី​ការព្រួយបារម្ភរបស់ខ្លួន ខណៈប្រទេសដែល​ជារដ្ឋតូចមួយនេះ មានការពឹងផ្អែក​ភាគច្រើនលើ​ម៉ាឡេស៊ី ដែលជាអ្នកជិតខាង​របស់ខ្លួន​សម្រាប់​ការផ្គត់ផ្គង់​ស្បៀងអាហារ។

គួរជម្រាបថា អតិផរណារបស់ប្រទេសម៉ាឡេស៊ីបានកើនឡើងដល់​ ២,២% នៅក្នុងខែមីនា ជាមួយនឹងតម្លៃម្ហូបអាហារកើនឡើង ៤% ។

បើតាម​លោក Robert Habeck អនុអធិការបតីអាល្លឺម៉ង់បាននិយាយថា បច្ចុប្បន្ននេះ ពិភពលោកកំពុង​ជួបប្រឈមវិបត្តិយ៉ាងតិចចំនួន ៤ ដែលទាក់ទង​គ្នា គឺវិបត្តិអតិផរណា វិបត្តិថាមពល វិបត្តិកង្វះខាតស្បៀងអាហារ និងវិបត្តិអាកាសធាតុ ហើយពិភពលោកនឹងមិនអាចដោះស្រាយបញ្ហាទាំងអស់នេះបានទេ ប្រសិនបើពួកគេផ្តោតតែទៅលើវិបត្តិណាមួយ ដោយមើលរំលងវិបត្តិផ្សេងៗទៀតនោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលអន្តរទ្វីប៣គ្រាប់ ក្រោយលោកចូ បៃឌិនបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី

ព័ត៌មាន
នៅទីបំផុត ដូចជាការព្យាករទុករបស់អាមេរិក កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ គ្រាប់ ដែលមួយក្នុងនោះត្រូវបានគេសន្មតថាជា…

Samsung បោះទុន ៣៥៦ពាន់លានដុល្លារ សម្រាប់ការវិនិយោគថ្មីក្នុងរយៈពេល ៥ ឆ្នាំខាងមុខ

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung Group បានបង្ហាញពីផែនការវិនិយោគដ៏ធំសម្បើមមួយរបស់ខ្លួន ក្នុងចំនួនទឹកប្រាក់ ៣៥៦ ពាន់លានដុល្លារ សម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ