បើយោងតាមអគ្គនាយកដ្ឋានឧតុនិយមតៃវ៉ាន់ ព្យុះ ចម្ពី គឺជាព្យុះទីហ្វុងដ៏កាចសាហាវបំផុតមួយនៅតំបន់ប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ ដោយមានល្បឿនរហូតដល់២១៣គីឡូម៉ែត្រក្នុងមួយម៉ោង ស្មើនឹងកម្រិតព្យុះ ហ៊ើរីខេន ហើយវាបានកើនកម្លាំងដល់កម្រិតកំពូលកាលពីដើមសប្តាហ៍នេះ។ អគ្គនាយកដ្ឋានឧតុនិយមតៃវ៉ាន់បានបញ្ជាក់ថា បច្ចុប្បន្នព្យុះនេះកំពុងស្ថិតនៅចម្ងាយប្រមាណ៣២០គីឡូម៉ែត្រពីភាគខាងកើតនៃចុងខាងត្បូងកោះតៃវ៉ាន់។ តាមការព្យាករគន្លងផ្លូវ ព្យុះនេះនឹងឆ្លងកាត់តំបន់ភាគឦសាននៃកោះតៃវ៉ាន់ រួចបត់ឆ្ពោះទៅកាន់ឆ្នេរសមុទ្រប្រទេសចិន និងភាគខាងត្បូងប្រទេសជប៉ុន។
គិតត្រឹមពេលនេះនៅកោះតៃវ៉ាន់មានមនុស្ស១នាក់បានស្លាប់ និង៩៤នាក់រងរបួស ខណៈអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋជិត ១,៣០០នាក់ចេញពីតំបន់ភ្នំ ដើម្បីសុវត្ថិភាព។ លោក លីវ ប៉ីតេង (Liu Pei-teng) អ្នកព្យាករអាកាសធាតុនៅ CWA បានព្រមានថា ទោះបីជាព្យុះនេះអាចមានករណីបង្អង់ល្បឿន វិលវល់ ឬផ្លាស់ប្តូរទិសដៅភ្លាមៗក៏ដោយ ក៏លទ្ធភាពនៃការវាយបោកបក់ចំកោះតៃវ៉ាន់នៅតែមានកម្រិតខ្ពស់ដដែល។
ពាក់ព័ន្ធនឹងការរំខានដល់ការធ្វើដំណើរ ក្រសួងដឹកជញ្ជូនតៃវ៉ាន់ បានប្រកាសលុបចោលជើងហោះហើរក្នុងស្រុកចំនួន២៦២ជើង និងជើងហោះហើរអន្តរជាតិចំនួន៦៦៩ជើងនៅថ្ងៃសុក្រ នេះ។ ទោះជាយ៉ាងណាសេវាដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីភាគខាងជើងទៅភាគខាងត្បូងនៅតែបន្តដំណើរការជាធម្មតា។
ដោយឡែក ទីផ្សារភាគហ៊ុនតៃវ៉ាន់ ដែលជាទីផ្សារហិរញ្ញវត្ថុធំជាងគេលំដាប់ទី៥លើពិភពលោក ដែលមានទំហំជាង៥ទ្រីលានដុល្លារអាម៉េរិក ត្រូវបានប្រកាសបិទទ្វាររហូតដល់ថ្ងៃទី២៦ ខែតុលា ដែលជាថ្ងៃបុណ្យជាតិផងដែរ។ ការផ្អាកជួញដូរនេះធ្វើឱ្យតៃវ៉ាន់មានរយៈពេលផ្អាកទីផ្សារយូរជាងគេ បើធៀបនឹងទីផ្សារភាគហ៊ុនផ្សេងទៀតក្នុងតំបន់។
ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជាបានបញ្ជាក់ថា ឥទ្ធិពលនៃព្យុះ ចម្ពី នេះ ក៏បានជះមកលើប្រទេសកម្ពុជាផងដែរ ដែលអាចធ្វើឱ្យធាតុអាកាសប្រែប្រួលរហូតដល់ថ្ងៃទី២៥ ខែតុលា។ បណ្តាខេត្ត និងតំបន់ភាគច្រើននឹងមានភ្លៀងធ្លាក់ខ្លាំង អមដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ជាពិសេសខេត្តជាប់មាត់សមុទ្រដូចជាកោះកុង ព្រះសីហនុ កំពត និងកែប នឹងមានរលកសមុទ្រក្នុងកម្ពស់មធ្យម ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕