ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងត្រូវរៀបចំឡើងដោយ Informa Markets Cambodia ដែលត្រូវបានចុះបញ្ឌីទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មស្ថិតក្រោមឈ្មោះក្រុមហ៊ុន AMB Tarus Exhibitions (Cambnodia) Pte Ltd។
ព្រឹត្តិការណ៍ពិព័រណ៍ B2B ផ្នែកវិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចកំពូលរបស់កម្ពុជា នឹងក្លាយជាមជ្ឈមណ្ឌលដ៏រស់រវើក ដើម្បីបង្ហាញអំពីឧត្តមភាព នៃច្រវាក់ផ្គត់ផ្គត់នៃឧស្សាហកម្មម្ហូបអាហារកម្ពុជា ជាមួយនិន្នាការនៃការវិវត្តវិស័យបដិសណ្ឋារកិច្ចទំនើបទាន់សម័យនាពេលបច្ចុប្បន្ន និងអនាគត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤ លោកស្រី Alice Lem នាយកគ្រប់គ្រង និងអភិវឌ្ឍន៍អាជីវកម្មប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa រំពឹងថា CAMFOOD & CAMHOTEL 2024 នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុនដាក់តាំងជាង ១៥០ ក្រុមហ៊ុន ជាមួយអ្នកទស្សនាជាង ១២,០០០ នាក់។ លោកស្រីបន្ថែមថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីកំណើនរឹងមាំ និងសក្ដានុពលដ៏ធំធេងនៃឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់កម្ពុជា។
ជាមួយគ្នានេះ លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កកម្ពុជា បានមានប្រសាសន៍ដែរថា វិស័យបដិសណ្ឋារកិច្ច និងម្ហូបអាហាររបស់កម្ពុជា នឹងមានកំណើនដែលមិនធ្លាប់មានពីមុនមក ដែលជំរុញដោយកំណើនទេសចរណ៍ និងការពង្រីកទីផ្សារក្នុងស្រុក។ ទន្ទឹមនឹងនេះ ការតាំងពិព័រណ៍នេះ ជាយុទ្ធសាស្ត្រ ដើម្បីទាញយកទុនលើការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការបង្កើនការផ្សព្វផ្សាយមុខម្ហូបខ្មែរលើឆាកអន្តរជាតិ។
ពិព័រណ៍នេះ នឹងបង្ហាញទម្រង់សំខាន់ៗចំនួន៣ រួមមាន៖
១, បរិក្ខារផ្គត់ផ្គង់៖ បង្ហាញការច្នៃប្រឌិតចុងក្រោយបង្អស់ក្នុងបច្ចេកវិទ្យាផ្ទះបាយ ឧបករណ៍រៀបចំអាហារ និងសម្ភារៈផ្គត់ផ្គង់ភោជនីយដ្ឋាន។
២, អាហារ និងភេសជ្ជៈ ៖ គ្រឿងផ្សំ ភេសជ្ជៈ វិស័យកាហ្វេ និងផលិតផលសម្រេចពីក្នុងស្រុក និងជុំវិញពិភពលោក។
៣, បដិសណ្ឋារកិច្ច និងការលក់រាយ៖ បង្ហាញសេវាកម្មបដិសណ្ឋារកិច្ចទំនើប ដំណោះស្រាយបច្ចេកវិទ្យា និងការច្នៃប្រឌិតផ្នែកលក់រាយ និងលក់ដុំ។
លោកស្រី Alice Lem បានបន្ថែមថា ការតាំងពិព័រណ៍នេះ ផ្ដល់នូវវេទិកាដ៏ទូលំទូលាយមួយសម្រាប់អ្នកជំនាញក្នុងឧស្សាហកម្ម ដើម្បីបង្ហាញផលិតផល ប្រភពអ្នកផ្គត់ផ្គង់ថ្មី និន្នាការ និងបង្កើតទំនាក់ទំនងអាជីវកម្មសំខាន់ៗសម្រាប់អាជីវកម្មគ្រប់ទំហំ បង្កើតឱកាស និងបណ្ដាញទំនាក់ទំនងរវាងអ្នកផលិត អ្នកចែកចាយ និងដៃគូសក្ដានុពលផ្សេងៗទៀត។
ការតាំងពិព័រណ៍នេះ ក៏មានការរៀបចំការប្រកួតប្រជែងចម្អិនម្ហូប និងបដិសណ្ឋារកិច្ចថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយផ្ដោតលើការប្រកួតប្រជែង ជំនាញធ្វើម្ហូប និងភាពច្នៃប្រឌិត រួមមានការឆ្លាក់ផ្លែឈើ និងបន្លែ ម្ហូបបួស ការរចនានំអាពាហ៍ពិពាហ៍ និងជំនាញបដិសណ្ឋារកិច្ចដូចជា រៀបចំគ្រែ រៀបចំផ្កា ការរៀបចំតុ និងវិញ្ញាសារជាច្រើនទៀត។
លោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជា មានប្រសាសន៍ថា “ការប្រកួតធ្វើម្ហូបថ្នាក់ជាតិ ឆ្នាំនេះ នឹងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបអោយកាន់តែប្រសើរ។ យើងបានសិក្សាបញ្ហា ប្រឈមនានា ដើម្បីកែតម្រូវនិងពង្រឹង ជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិនិងអន្តរជាតិដើម្បីធ្វើអោយប្រសើរឡើងនៃម្ហូបដ៏សម្បូរបែបរបស់កម្ពុជា ។
លោកឧកញ៉ា ហ៊ី សុធា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានបន្ថែមថា CAMFOOD & CAMHOTEL 2024 នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧស្សាហកម្មផ្នែកម្ហូបអាហារ និងបដិសណ្ឋារកិច្ច សម្របខ្លួនទៅនឹងនិន្នាការ ក្រោយជំងឺរាតត្បាត ក្រោមការណែនាំនិងការអនុវត្តប្រកបដោយនិរន្តរភាព ជាមួយនិងដំណោះស្រាយជាមួយនិងបច្ចេកវិទ្យាចុងក្រោយប្រកបដោយផាសុកភាព។
លោកឧកញ៉ាលូ ម៉េង ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Almond Hospitality Group បានមាន ប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍ខាងមុខនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយក្នុងព្រឹត្តិការណ៍នោះ នឹងយកផលិតផលកសិផលរបស់កម្ពុជាចំនួន៤មុខមកកែច្នៃជាម្ហូប ដូចជាម្រេចកំពត ស្វាយកែវរមៀត ស្វាយចន្ទី និងអង្ករប្រណីតរបស់ខ្មែរ ដើម្បីឱ្យចុងភៅជំនាញកែច្នៃមុខម្ហូបថ្មី ។បន្ទាប់ពីរកឃើញជ័យលាភីហើយនោះ មុខម្ហូបនោះនឹងត្រូវផ្សព្វផ្សាយនិងដាក់ជាម្ហូបជាតិរបស់ខ្មែរ ៕