ក្រសួងការងារ កាលពីថ្ងៃទី ២៣ ខែមីនា បានស្នើឲ្យសមាគមរោងចក្រកាត់ដេរកម្ពុជាជួយសម្របសម្រួលជាមួយភាគីរោងចក្ររៀបចំបញ្ជីឈ្មោះគ្រូពេទ្យ ក្រុមការងារ និងទីកន្លែងនៅតាមរោងចក្រនីមួយៗ ដើម្បីត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មារិនីក្រោមគោលការណ៍ស្មគ្រចិត្ត។
ជុំវិញនឹងរឿងនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៤ មីនា មានរោងចក្រជាង ១០០ហើយ ដែលបានបញ្ជូនឈ្មោះគ្រូពេទ្យមកសមាគម ដើម្បីត្រៀមទទួលការបណ្តុះបណ្តាលជំនាញចាក់វ៉ាក់សាំងកូវីដ-១៩ ពីមន្ត្រីជំនាញសុខាភិបាល។ សមាគមរោងចក្រកាត់ដេរ នឹងបន្ដធ្វើការងារនេះ ជាមួយរោងចក្រទាំងជាង ៦០០ រោងចក្រដែលជាសមាជិករបស់ខ្លួន ដើម្បីអាចឲ្យកម្មករកម្មរិនីក្នុងរោងចក្រទាំងនោះអាចទទួលបានការចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដែលកំពុងបន្តរាតត្បាតកាន់តែខ្លាំងនៅកម្ពុជា។
លោក កាំង ម៉ូនីកាបន្ថែមទៀតថា ស្របពេលរាជរដ្ឋាភិបាលត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនី ក្រោមគោលការណ៍ស្ម័គ្រចិត្ត បែរជាមានជនអគតិមួយចំនួន ដែលមាននិន្នាការស្អប់ប្រទេសចិនបានឃោសនា និងព្យាយាមនិយាយរារាំងមិនឲ្យកម្មករកម្មការិនីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទៅវិញ។
បើតាមអគ្គលេខាធិការរងរូបនេះ បច្ចុប្បន្នសមាគមរោងចក្រកាត់ដេរកម្ពុជា មានរោងចក្រប្រមាណ ៦០០ជាសមាជិក និងមានកម្មករកម្មការិនីសរុបប្រមាណ ៧៥ម៉ឺននាក់។ លោក បានបន្ថែមថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ មិនមែនធ្វើឡើងសម្រាប់តែកម្មកររោងចក្រកាត់ដេរនោះទេ ពោលគឺកម្មកររោងចក្រស្បែងជើង សហគ្រាស និងវិស័យកម្មន្តសាល ក៏ទទួលបានការចាក់វ៉ាក់សាំងនេះផងដែរ។ ប៉ុន្តែយើងមិនដឹងថា យុទ្ធនាការនេះនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃណានោះទេ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីកន្លងមកថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់(Sinovac)ចំនួន១លាន៥សែនដូស ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ ស្របពេលដែល វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនចំនួន៣០ម៉ឺនដូសទៀត នៃដំណាក់កាលទីពីរនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះ៕