នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនចំនួន១១៣ រួមទាំងក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុន SoftBank Group Corp ដែរនោះ ក្រុមហ៊ុនចំនួន៧២% បាននិយាយថា ពួកគេរំពឹងថា សេដ្ឋកិច្ចជប៉ុននឹងមានកំណើនមធ្យម រីឯ១%ទៀតមើលឃើញពីការកើនឡើងដ៏រឹងមាំនៅឆ្នាំ២០២៤។ ការមើលឃើញវិជ្ជមានក្នុងអត្រារួមគ្នា៧៣%នេះ គឺខ្ពស់ជាងអត្រាកាលពីមួយឆ្នាំមុន ដែលពេលនោះមានក្រុមហ៊ុន៥៦% បាននិយាយថា ពួកគេរំពឹងថា នឹងមានកំណើនមធ្យម ឬរឹងមាំ ទោះជាការកើនឡើងនូវតម្លៃវត្ថុធាតុដើម និងតម្លៃថាមពលបានបង្ហាញថា ជាកត្តាហានិភ័យដ៏សំខាន់យ៉ាងណាក៏ដោយ។
ទស្សនប្រកបដោយសុទិដ្ឋនិយមនេះ បានកើតឡើងស្របគ្នានឹងការព្យាកររបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ដែលរំពឹងថា សេដ្ឋកិច្ចជប៉ុននឹងមានកំណើន១%ក្នុងឆ្នាំ២០២៤ ជាអត្រាមួយតិចជាងការព្យាករសម្រាប់ឆ្នាំ២០២៣ ដែលរំពឹងមានចំនួន១.៧%។ ពាក់ព័ន្ធនឹងមូលហេតុនៃក្ដីរំពឹងថា នឹងមានកំណើននេះ អ្នកឆ្លើយសំណួរ៨៥% ដែលបានព្យាករពីការពង្រីកសេដ្ឋកិច្ចនេះបានលើកឡើងពីការស្ទុះងើបឡើងវិញនូវការប្រើប្រាស់ឯកជន ហើយ៦៥%ទៀត បានចង្អុលបង្ហាញពីការចំណាយរបស់ភ្ញៀវបរទេស ដែលមានចំនួនចេះតែកើនឡើង។
អ្នកឆ្លើយសំណួរប្រហែល៦២% បាននិយាយថា ការចំណាយដើមទុនគួរតែកើនឡើង។ ជាក់ស្ដែងនៅក្នុងវិស័យបន្ទះឈីប ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ TSMC កំពុងសាងសង់រោងចក្រមានតម្លៃជាង៨ពាន់លានដុល្លារនៅក្នុងខេត្តគូម៉ាម៉ូតូ ហើយក្រុមហ៊ុន រ៉ាពីឌឹស ខប (Rapidus Corp) គ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះសៀគ្វីទំនើបមួយនៅកោះហុកកៃដូរបស់ជប៉ុន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន២២% រំពឹងថា សេដ្ឋកិច្ចជប៉ុននឹងមានកំណើនសូន្យ ខណៈដែល៣%ទៀតបាននិយាយថា សេដ្ឋកិច្ចរបស់ជប៉ុននឹងធ្លាក់ចុះក្នុងកម្រិតមធ្យម ដោយ៥៤% បានព្រួយបារម្ភអំពីការធ្លាក់ចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ ហើយការធ្លាក់ចុះសេដ្ឋកិច្ចនៅបរទេស និងហានិភ័យភូមិសាស្ត្រនយោបាយដូចជាសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ត្រូវបានលើកឡើងថា ជាកត្តាជំរុញឱ្យធ្លាក់ចុះសេដ្ឋកិច្ចជប៉ុនផងដែរ។ ទោះយ៉ាងណា មិនមានក្រុមហ៊ុនណាមួយរំពឹងថា សេដ្ឋកិច្ចរបស់ជប៉ុននឹងធ្លាក់ចុះនោះទេនៅឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានអំពាវនាវជារឿយៗសុំឱ្យក្រុមហ៊ុនអាជីវកម្មនានាផ្តល់ការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតឱ្យបានច្រើន ដើម្បីឱ្យពួកគេអាចទប់ទល់ និងប្រយុទ្ធប្រឆាំងនឹងអតិផរណា ដែលចេះតែកើនខ្ពស់។ ក្រុមហ៊ុន ដែលឆ្លើយសំណួរសរុបចំនួន៤៣% បាននិយាយថា ពួកគេកំពុងពិចារណា ឬរៀបចំផែនការដំឡើងប្រាក់ខែ ខណៈដែល៤៥%ទៀតបាននិយាយថា ពួកគេមិនទាន់សម្រេចចិត្តបែបនេះនៅឡើយទេ៕
អត្ថបទ៖ សុខ ជា