គិតមកទល់ពេលនេះ មានរដ្ឋចំនួន ១៩ ក្នុងចំណោមរដ្ឋចំនួន ៥០ របស់សហរដ្ឋអាមេរិក បានរារាំងការប្រើប្រាស់កម្មវិធី TikTok នៅតាមឧបករណ៍កុំព្យូទ័ររបស់រដ្ឋាភិបាល ដោយពួកគេបារម្ភថាកម្មវិធី TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ ByteDance និងមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ អាចនឹងត្រូវបានរដ្ឋអំណាចចិនប្រើប្រាស់ ដើម្បីប្រមូលទិន្នន័យអ្នកប្រើប្រាស់របស់អាមេរិក ដែលអាចជាការបង្កអសន្ដិសុខសម្រាប់អាមេរិក។ ការរឹតបន្តឹងភាគច្រើននេះបានកើតឡើងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ហើយសមាជិកមួយចំនួននៃសភាអាមេរិកកាលពីសប្តាហ៍មុន ក៏បានស្នើសុំឲ្យមានការហាមឃាត់ប្រើប្រាស់កម្មវិធី TikTok នេះនៅទូទាំងសហរដ្ឋអាមេរិកតែម្ដង ដែលនឹងធ្វើតាមដូចប្រទេសឥណ្ឌាយ៉ាងដូច្នេះដែរ ដោយឥណ្ឌាបានហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នេះរួចហើយ។
ក្រុមហ៊ុន Jamf Holding ដែលលក់កម្មវិធីទៅឱ្យអង្គការស្ថាប័ននានា បាននិយាយថា អតិថិជនជារដ្ឋាភិបាលដែលទិញកម្មវិធីពីក្រុមហ៊ុននេះ បានបិទការចូលប្រើប្រាស់ TikTok កាន់តែខ្លាំងឡើងចាប់តាំងពីពាក់កណ្តាលឆ្នាំនេះ។
ក្រុមហ៊ុនដដែលនេះ បាននិយាយថា ប្រហែល ៦៥% នៃការព្យាយាមភ្ជាប់ទៅ TikTok ត្រូវបានរាំងខ្ទប់ក្នុងខែនេះនៅលើឧបករណ៍ដែលគ្រប់គ្រងដោយស្ថាប័នរដ្ឋ ដែលជាអតិជនរបស់ក្រុមហ៊ុននេះរួមទាំងឧបករណ៍នៅតាម សាលារៀន និងភ្នាក់ងារផ្សេងៗ ពោលគឺកើនឡើងពី ១០% នៃការតភ្ជាប់ដែលត្រូវបានបិទនៅក្នុងខែមិថុនាកន្លងទៅ។
យ៉ាងណាមិញ ក្រុមហ៊ុន TikTok កាលពីថ្ងៃទី ១៩ ខែធ្នូបានអះអាងសារជាថ្មីតាមរយៈសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ក្រុមហ៊ុនមានការខកចិត្តដែលរដ្ឋជាច្រើននៅអាមេរិកកំពុងដើរតាមក្រុមអ្នកនយោបាយ ដើម្បីអនុវត្តគោលនយោបាយដោយផ្អែកលើការភូតកុហក ដែលគ្មានមូលដ្ឋានច្បាស់លាស់ ជុំវិញការចោទប្រកាន់កម្មវិធី TikTok ដែលថាវាប៉ះពាល់លើសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនោះ។
រដ្ឋលេខាធិការនៅរដ្ឋ Louisian លោក Kyle Ardoin បាននិយាយថា ពួកគេបានហាមឃាត់ TikTok នៅលើឧបករណ៍ទាំងអស់ដែលភ្នាក់ងាររដ្ឋាភិបាលមាន ដោយលើកហេតុផលថា វាអាចគំរាមកំហែងដល់ប្រព័ន្ធសន្តិសុខ ប៉ុន្តែលោកមិនបានកំណត់អត្តសញ្ញាណនៃបញ្ហាបច្ចុប្បន្នណាមួយឡើយ។
សូមបញ្ជាក់ថា នៅជាច្រើនខែមកនេះ ក្រុមហ៊ុនមេរបស់ TikTok បានព្យាយាមចរចាជាមួយនឹងអាជ្ញាធរអាមេរិកយ៉ាងខ្លាំងក្នុងគោលបំណងឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្ដិសុខជាតិ ដើម្បីឆ្លើយតបនូវក្ដីបារម្ភរបស់អាមេរិក និងការពារទិន្នន័យអ្នកប្រើប្រាស់ជាង ១០០លាននាក់នៅអាមេរិក។ ក៏ប៉ុន្ដែ ដំណើរការចរចាកន្លងមកនេះ ហាក់មិនមានភាពវិជ្ជមាននោះឡើយ៕