ការប្រមើលឃើញពីវិបត្តិសាកលនៅក្នុងឆ្នាំ២០២៣នេះ បានក្លាយជាស្រមោលដ៏ខ្មៅងងឹងមួយគ្របដណ្តប់លើកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបាននិងកំពុងធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ចាប់ពីថ្ងៃទី១៦ ដល់ ២០ ខែមករា ឆ្នាំ២០២៣។
ប្រធានសេដ្ឋវិទូ ២ភាគ៣ ដែលមកពីស្ថាប័នរដ្ឋ និងឯកជន ត្រូវបានធ្វើការស្ទង់មតិដោយវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញលទ្ធផលថា ពួកគេសុទ្ធតែរំពឹងសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣នេះនឹងធ្លាក់ចូលជ្រោះវិបត្តិសេដ្ឋកិច្ចតែម្តង ខណៈមាន១៨% បានអះអាងថា ដោយភាពប្រាកដខ្លាំង។
លោកស្រី សាឌៀ ហ្សាហ៊ីឌី(Saadia Zahidi) នាយកគ្រប់គ្រងវេទិកាសេដ្ឋកិច្ចពិភពលោក បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមជាមួយលទ្ធផលស្ទង់មតិនេះថា អតិផរណាខ្ពស់នាពេលបច្ចុប្បន្ន កំណើនសេដ្ឋកិច្ចទាប បំណុលខ្ពស់ និងបរិយាកាសបែកខ្ញែកខ្លាំង បានកាត់បន្ថយនូវការលើកទឹកចិត្តសម្រាប់ការវិនិយោគ ដែលត្រូវការសម្រាប់វិលទៅរកកំណើនឡើងវិញ និងជីវភាពរស់នៅ។
សូមជម្រាបថា ការស្ទង់មតិនេះ គឺផ្អែកលើការឆ្លើយតបចំនួន២២ ចេញពីក្រុមសេដ្ឋវិទូជាន់ខ្ពស់មកពីភ្នាក់ងារអន្តរជាតិ ដោយរួមមានទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារវិនិយោគ ក្រុមហ៊ុនចម្រុះជាតិសាសន៍ និងក្រុមហ៊ុនធានារ៉ាប់រង។
ចំពោះបញ្ហាអតិផរណាវិញ ការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនេះ បានរកឃើញថា នៅក្នុងឆ្នាំ២០២៣នេះ អត្រាអតិផរណានៅប្រទេសចិន នឹងស្ថិតក្នុងរង្វង់ ៥% ខណៈអឺរ៉ុបនឹងជួបអតិផរណាដល់ ៥៧% ឯណោះ ដោយការឡើងថ្លៃនៃតម្លៃថាមពល។
សូមរំលឹកថា កាលពីសប្តាហ៍មុន ធនាគារពិភពលោកបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៣ ដល់កម្រិតកៀកនឹងការធ្លាក់ចុះសម្រាប់ប្រទេសជាច្រើន ខណៈផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាល កើនឡើងខ្លាំង សង្គ្រាមនៅអ៊ុយក្រែនចេះតែបន្ត និងភាពរង្គោះរង្គើនៃប្រទេសសេដ្ឋកិច្ចធំៗ ដែលជាក្បាលម៉ាស៊ីនដឹកនាំកំណើនសេដ្ឋកិច្ចពិភពលោក។
គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំ២០២៣របស់វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៥៣នេះ ធ្វើឡើងក្រោមមូលបទ «កិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលបែកខ្ញែកគ្នា»។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងពេលដែលពិភពលោកបានជួបនូវភាពអាប់អួរយ៉ាងខ្លាំង ជាពិសេសបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ភាពតានតឹងនៃពាណិជ្ជកម្មសាកល ការប្រែប្រួលអាកាសធាតុ និងសាកលភាវូបនីយកម្ម ដែលកំពុងបែកខ្ញែកគ្នាជាដើម។
កិច្ចប្រជុំនេះ ត្រូវបានរំពឹងថា នឹងផ្តល់នូវឱកាសមួយសម្រាប់ការតភ្ជាប់ ក្នុងការបង្កើត និងជំរុញកិច្ចសន្ទនា ព្រមទាំងជួយស្វែងរកដំណោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋ ក៏ដូចជារដ្ឋនិងវិស័យឯកជនផងដែរ។ ព្រឹត្តិការណ៍នេះ នឹងនាំយកបណ្តាមេដឹកនាំប្រទេសជាច្រើន ក្រុមហ៊ុន អាជីវកម្ម និងសង្គមស៊ីវិលមកអង្គុយជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាពិភពលោកដែលកំពុងកើតឡើង និងពិភាក្សាពីរឿងអាទិភាពសម្រាប់ឆ្នាំ២០២៣នេះ៕
អត្ថបទ ៖ នៅ សំភី