របាយការណ៍ក្រោមចំណងជើងថា «សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម និងការប្រើប្រាស់មុខងារឌីជីថលក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩» ត្រូវបានដាក់បង្ហាញជាសាធារណៈក្នុងព្រឹត្ដិការណ៍មួយដែលមានចូលរួមជាអធិបតីភាពដោយអ្នកតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ មន្ដ្រីរាជរដ្ឋាភិបាលមកពីក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ និងក្រសួងមហាផ្ទៃ ក៏ដូចជាតំណាងមកពីស្ថានប័នរដ្ឋ និងវិស័យឯកជន ក៏មានវត្ដមាននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
ការសិក្សានេះបានរកឃើញថា ជាងពាក់កណ្តាល (៧៣%) នៃសហគ្រាស MSME ដែលមានសកម្មភាពអាជីវកម្មអនឡាញដែលត្រូវបានអង្កេត បានរាយការណ៍ថា មុខងារឌីជីថលមានសារៈសំខាន់ ឬសារៈប្រយោជន៍ក្នុងការបន្ដដំណើរការអាជីវកម្មក្នុនងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ នេះ ដោយមានការកើនឡើងការសកម្មភាពប្រើប្រាស់ចេញពីគេហដ្ឋាន។ MSMEs ដែលមានសកម្មភាពអាជីវកម្មអនឡាញដែលត្រូវបានអង្កេតបានរាយការណ៍ថា កម្មវិធីផ្សេងៗរបស់ Facebook (៦៧ភាគរយ) និងជាពិសេសកម្មវិធី Facebook (៦៦ភាគរយ) បានជួយពួកគេឱ្យសម្របខ្លួនទៅនឹងបរិស្ថានជំងឺកូវីដ-១៩។ ដោយបច្ចុប្បន្នមនុស្សកាន់តែច្រើនលេងអ៊ីនធឺណិតជាងពេលមុន របៀបរស់នៅថ្មីរបស់អ្នកប្រើប្រាស់កំពុងលេចចេញឡើង ពោលគឺជាទម្លាប់ទិញថ្មី របៀបស្វែងរកថ្មី និងការរំពឹងទុកថ្មី។របាយការណ៍នេះដែលអាចរកបានទាំងនៅលើអនឡាញ និងជារបាយការណ៍បោះពុម្ព ក៏បានរកឃើញផងដែរថា សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យមនៅកម្ពុជា បានបង្កើនការប្រើប្រាស់មុខងារឌីជីថលប្រហែល ១០ភាគរយ ដើម្បីប្រតិបត្ដិការអាជីវកម្មរបស់ខ្លួនក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ដោយ ៣៦ភាគរយនៃក្រុមហ៊ុនអាជីវកម្មដែលត្រូវបានស្ទង់មតិ បានរាយការណ៍ពីការប្រើប្រាស់មុខងារឌីជីថលសម្រាប់អាជីវកម្មមុនសម័យកូវីដ បើធៀបនឹង ៤៥ភាគរយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
លោក ហេង ភក្ដី នាយកផ្នែកគោលនយោបាយសាធារណៈប្រចាំប្រទេសកម្ពុជារបស់ Facebook បានថ្លែងថា៖ «យើងបន្តផ្តោតការយកចិត្តទុកដាក់លើការពន្លឿនការស្ទុះងើបឡើងវិញនៅកម្ពុជា តាមរយៈការធ្វើកិច្ចការដែលប្រសើរបំផុតដែលយើងអាចធ្វើបាន ដោយផ្តល់លទ្ធភាពទទួលបាននិងការតភ្ជាប់ ការចែករំលែកព័ត៌មានស៊ីជម្រៅដើម្បីជួយសហគមន៍ និងអាជីវកម្មឱ្យដំណើរការអាជីវកម្មតាមគន្លងប្រក្រតីភាពថ្មី។ លទ្ធផលនៃការស្ទង់មតិនេះបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងក្នុងការប្រើប្រាស់មុខងារឌីជីថល ជាពិសេស Facebook និងមុខងារសារឆ្លើយឆ្លងដោយផ្ទាល់ (direct messaging) ដើម្បីប្រតិបត្ដិការអាជីវកម្មនៅកម្ពុជា។ កត្តានេះបានបង្កើតទាំងឱកាស និងឧបសគ្គ ក៏ដូចជាជួយយើងឱ្យសម្រេចចិត្តថា តើគួរផ្សារភ្ជាប់ទំនាក់ទំនងជាមួយ MSME ដោយរបៀបណា។ យើងត្រូវជួយពួកគេឱ្យស្វែងរកលទ្ធភាពបន្ថែមទៀតអំពីពាណិជ្ជកម្មលើបណ្ដាញសង្គម និងផ្ដល់ការអប់រំអំពីវិធីសាស្ដ្រប្រសើរបំផុតក្នុងការប្រើប្រាស់មុខងារឌីជីថលដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេមានភាពប្រសើរឡើង»។
ការស្ទង់មតិលើសហគ្រាសមីក្រូ ធុនតូច និងធុនមធ្យមនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន DAI និងក្រុមហ៊ុន Ipsos ចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ទៅលើម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សហគ្រាសមីក្រូ (មាននិយោជិតម្នាក់) ធុនតូច (មាននិយោជិតពី ២-៩នាក់) និងធុនមធ្យម (មាននិយោជិតពី ១០-២៤៩នាក់) នៅកម្ពុជា សរុបមានចំនួន ៩៩៧នាក់។ ការស្ទង់មតិនេះគឺជាផ្នែកមួយនៃការសិក្សាទូលំទូលាយមួយទៅលើសហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម (MSMEs) ដោយប្រើប្រាស់ទិន្នន័យស្ទង់មតិថ្មីដែលបានមកពីថ្នាក់ដឹកនាំអាជីវកម្មទូទាំងពិភពលោកក្នុងតំបន់អាមេរិកខាងត្បូង អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
អ្នកនាង អាំ វាសនា ដែលជាសហគ្រិនមួយរូបបានថ្លែងថា៖ «បណ្ដាញទំនាក់ទំនងសង្គម ជាពិសេស Facebook បានដើរតួនាទីយ៉ាងសំខាន់សម្រាប់អាជីវកម្មក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ អំឡុងពេលពិបាកបំផុតក្នុងវិបត្ដិនេះ យើងបានប្រែក្លាយអាជីវកម្មទាំងអស់របស់យើងទៅជាអនឡាញ ហើយសូម្បីតែពេលនេះ ជាពេលដែលអត្រាឆ្លងជំងឺកូវីដ-១៩ បានធ្លាក់ចុះទៅហើយក្តី ក៏យើងនៅតែបន្ដប្រើប្រាស់ Facebook និងមុខងារឌីជីថលផ្សេងៗទៀតធ្វើជាមធ្យោបាយចម្បង ដើម្បីទាក់ទងនិងផ្សារភ្ជាប់ជាមួយអតិថិជនរបស់យើងផងដែរ»។
ភាពប្រសើរឡើងនៃការតភ្ជាប់ទំនាក់ទំនង និងការកើនឡើងឱកាសបណ្ដុះបណ្ដាល ត្រូវបានចាត់ទុកថាជាកត្ដាសំខាន់សម្រាប់ក្រុមហ៊ុននានា ដែលមានបំណងធ្វើឱ្យអាជីវកម្មរបស់ខ្លួនទៅជាសកម្មភាពអនឡាញបន្ថែមទៀត ដោយ ៦៤ភាគរយនៃសហគ្រាសមីក្រូ ធុនតូច និងធុនមធ្យមដែលត្រូវបានស្ទង់មតិ បានរាយការណ៍ពីចំណាប់អារម្មណ៍ចង់សិក្សាបន្ថែមអំពីការប្រើប្រាស់មុខងារឌីជីថលដើម្បីស្វែងរកអតិថិថជនថ្មីៗ។ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ «ឌីជីថលូបនីយកម្មសហគ្រាសគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភចម្បងចំនួន៣ ដែលដាក់ចេញនៅក្នុង “ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥។ ក្នុងន័យនេះ ក្រសួងដែលមានតួនាទីនាំមុខគេក្នុងការសម្របសម្រួលការងារនេះ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយដល់ក្រុមហ៊ុនអាជីវកម្មដើម្បីឱ្យពួកគេមានលទ្ធភាពសម្របខ្លួនទៅនឹងបច្ចេកវិទ្យាឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះដើម្បីលើកកម្ពស់ប្រតិបត្តិការ និងពង្រីកទីផ្សាររបស់ខ្លួន។ ឌីជីថលូបនីយកម្មរបស់ក្រុមហ៊ុនអាជីវកម្មគឺជាគន្លឹះសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពន្លឿនកំណើនសេដ្ឋកិច្ច និងកសាងភាពធន់របស់ប្រទេសយើងនៅក្រោយពេលការរាតត្បាតជំងឺ។ ក្រសួងនឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Meta និងកម្មវិធីរបស់ក្រុមហ៊ុននេះ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីគាំទ្រដល់បេសកកម្មដ៏សំខាន់នេះ ដើម្បីសម្រេចបានពេញលេញនូវការផ្លាស់ប្តូរទៅជាឌីជីថលរបស់កម្ពុជានៅឆ្នាំខាងមុខ»៕