លោក មីន អោងឡាំង ដែលជាមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានពិភាក្សានៅក្នុងកិច្ចប្រជុំជាមួយនឹងលោកពូទីនកាលពីដើមខែកញ្ញានេះ អំពីការជំនួសការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយប្រើរូបិយបណ្ណផ្សេងទៀត ដូចជាប្រាក់យន់របស់ចិន និងប្រាក់រូប្លរបស់រុស្ស៊ីជាដើម ដោយការជំនួសនេះ គឺនឹងត្រូវប្រើប្រាស់សម្រាប់ប្រព័ន្ធដោះដូរទំនិញផងដែរ។ នេះបើតាមការអះអាងរបស់លោក Zaw Min Tun ប្រធានអ្នកនាំពាក្យសម្រាប់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២០ ខែកញ្ញា។
មន្ត្រីជាន់ខ្ពស់របបយោធាមីយ៉ាន់ម៉ារូបនេះអះអាងថា ទីក្រុងណៃពិដោរ និងម៉ូស្គូ បានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការប្រើប្រាស់ប្រព័ន្ធដោះដូរទំនិញសម្រាប់ការនាំចូលជីកសិកម្មពីរុស្ស៊ីមកកាន់មីយ៉ាន់ម៉ា ខណៈដែលដែលការទិញប្រេងពីរុស្ស៊ី ក៏ត្រូវបានមីយ៉ាន់ម៉ាទូទាត់ឲ្យជាប្រាក់រូប្លរបស់រុស្ស៊ីផងដែរ ហើយការដឹកជញ្ជូនប្រេងពីរុស្ស៊ីនេះ ត្រូវបានរំពឹងថានឹងមកដល់នៅក្នុងប៉ុន្មានថ្ងៃខាងមុខ។
ប្រធានអ្នកនាំពាក្យសម្រាប់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីយ៉ាន់ម៉ា Zaw Min Tun បានគូសបញ្ជាក់ទៀតថា ធនាគារកណ្ដាលរបស់មីយ៉ាន់ម៉ា និងរុស្ស៊ី កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នា អំពីការទូទាត់ដោយផ្ទាល់ជាប្រាក់រូប្លរុស្ស៊ី និងប្រាក់គីយ៉ាតរបស់មីយ៉ាន់ម៉ាផងដែរ។
លោក Zaw Min Tun បន្ថែមថា មីយ៉ាន់ម៉ា នឹងអនុញ្ញាតឲ្យប្រើប្រាស់ប្រភេទកាត Mir ដែលជាប្រព័ន្ធកាតទូទាត់សម្រាប់ការផ្ទេរមូលនិធិតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងអនុញ្ញាតឲ្យប្រព័ន្ធផ្ញើសាររបស់ធនាគារកណ្ដាលរុស្ស៊ី មានប្រតិបត្តិការសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរថែមទៀតផង។
មីយ៉ាន់ម៉ា រំពឹងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខ្លួន និងទីក្រុងម៉ូស្គូ នឹងកើនឡើងជាលំដាប់ នៅពេលដែលធនាគារកណ្ដាលនៃប្រទេសទាំងពីរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងប្រព័ន្ធទូទាត់នេះ។
លោក Zaw Min Tun បានអួតពេញៗមាត់ថា ទំនាក់ទំនងដ៏កក់ក្ដៅរវាងរបបយោធាមីយ៉ាន់ម៉ា និងរុស្ស៊ី គឺកំពុងជួយឲ្យមីយ៉ាន់ម៉ា បង្កើនការផ្គត់ផ្គង់សំខាន់ៗ ចំពេលដែលមានការកើនឡើងនៃតម្លៃទំនិញ។
លោកបានមានប្រសាសន៍ថា ទីភ្នាក់ងាររដ្ឋាភិបាល និងសេវាដឹកជញ្ជូនសាធារណៈនឹងត្រូវបានផ្តល់អាទិភាពក្នុងការចែកចាយប្រេងឥន្ធនៈដែលនាំចូលពីរុស្ស៊ីនាពេលឆាប់ៗនេះ។ បន្ថែមពីនេះ មីយ៉ាន់ម៉ាក៏មានគម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរតូចមួយនៅប៉ុន្មានឆ្នាំខាងមុខផងដែរ។
យ៉ាងណាក៏ដោយចុះ ប្រទេសមីយ៉ាន់ម៉ា និងរុស្ស៊ី នាពេលនេះ កំពុងស្ថិតក្នុងផ្ទាំងស៊ីបរបស់លោកខាងលិច ក្នុងការបន្ដដាក់ទណ្ឌកម្មបន្ថែមទៀត ក្រោយមីយ៉ាន់ម៉ាមិនបានបង្ហាញពីវឌ្ឍនភាពសោះឡើយ តាំងពីពេលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រីអោង សានស៊ូជីមក ខណៈដែលរុស្ស៊ីវិញក៏កំពុងផុងខ្លួនកាន់តែជ្រៅនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនដែរ៕