ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតបានរីកដុះដាលយ៉ាងខ្លាំងនៅតាមព្រំដែនប្រទេសមីយ៉ាន់ម៉ា ហើយភាគច្រើននៃជនដែលត្រូវបានគេឆបោកទាំងនោះ គឺជាជនបរទេសដែលត្រូវបានគេជួញដូរ និងបង្ខំឱ្យធ្វើការ ដើម្បីបោកប្រាស់ជនរួមជាតិរបស់ពួកគេ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។
កាសែតមីយ៉ាន់ម៉ា Global Light of Myanmar បានរាយការណ៍កាលពីថ្ងៃអង្គារ ថា របបយោធាមីយ៉ាន់ម៉ា បានចាប់បញ្ជូនជនបរទេសជាង៥ម៉ឺន៥ពាន់នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិតនៅតាមព្រំដែនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ដោយក្នុងនោះជាង៥ម៉ឺន៣ពាន់នាក់ ត្រូវបានបញ្ជូនទៅប្រទេសចិន ហើយជាង១ពាន់នាក់ទៅប្រទេសវៀតណាម ខណៈជាង៦០០នាក់ទៅប្រទេសថៃ ហើយនៅសល់ប៉ុន្មានទៀត គឺមកពីប្រទេសចំនួន២៥។
កាសែតនេះ បានបន្ថែមថា អ្នកទទួលខុសត្រូវលើបញ្ហាឆបោកនេះមិនមែនជាជនជាតិមីយ៉ាន់ម៉ា ឬជនបរទេសធម្មតានោះទេ តែជាជនល្មើសនិរទេសខ្លួន ដែលបានចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយខុសច្បាប់តាមច្រកព្រំដែននៃប្រទេសជិតខាងរបស់ខ្លួន។ ដូច្នេះរបបយោធាបានស្នើឱ្យប្រទេសជិតខាងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត និងល្បែងអនឡាញទាំងអស់គ្នា។
ព្រំដែនភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ជាប់ប្រទេសចិន ដែលកាលពីមុនជាសម្បុកដ៏ក្តៅគគុកសម្រាប់ក្រុមឧក្រិដ្ឋជនបោកប្រាស់តាមអ៊ីនធឺណិត ដែលជារឿយៗគ្រប់គ្រងដោយកងជីវពល ដែលជាប់ពាក់ព័ន្ធនឹងរបបយោធា ដែលកំពុងកាន់អំណាចសព្វថ្ងៃ។ ប៉ុន្តែការវាយលុកយ៉ាងខ្លាំងពីសម្ពន្ធភាពក្រុមឧទ្ទាមជនជាតិភាគតិចបានសម្អាតសម្បុកជនឆបោកនោះជាច្រើន៕
អត្ថបទ៖ សុខ មង្គល