ថ្ងៃអាទិត្យទី២៧ មីនា គឺជាថ្ងៃគម្រប់ខួបមួយឆ្នាំនៃការបើកការបង្ក្រាបដ៏ហិង្សាជាលើកដំបូងទៅលើជនស៊ីវិល ក្រោយការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន។
ដោយបង្ហាញវត្តមានក្នុងក្បួនដង្ហែនៃទិវាកងទ័ពប្រចាំឆ្នាំ អមមកជាមួយនឹងការបង្អួតសាច់ដុំសព្វាវុធយ៉ាងគគ្រឹកគគ្រេង ដូចជា រថក្រោះ កាំជ្រួចដែលបំពាក់លើរថយន្ត កាំភ្លើងធំ និងកងទ័ពជិះនៅលើខ្នងសេះផងនោះ លោក មីន អ៊ុងឡាំង បានថ្លែងនៅចំពោះមុខកងទ័ពដែលប្រមូលផ្តុំប្រហែល ៨ពាន់នាក់ថា យោធាមីយ៉ាន់ម៉ានឹងមិនចុះចាញ់ឡើយ។
មួយឆ្នាំក្រោយធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុយសាន ស៊ូជី ដែលធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងស្ថានភាពវឹកវរ និងជម្លោះប្រដាប់អាវុធ មេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំង នៅតែបង្ហាញជំហររឹងរូស និងមិនបានបង្ហាញឥរិយាបថទន់ភ្លន់ ក្នុងបំណងទម្លាយភាពជាប់គាំងឡើយ។ លោកបានប្រកាសបិទផ្លូវចរចាជាមួយក្រុមប្រឆាំង និងបានស្បថសច្ចាថា នឹងតាមប្រមាញ់ បោសសម្អាតក្រុមប្រឆាំងឲ្យដល់ទីបំផុត។
គេនៅចាំបាននៅក្នុងថ្ងៃទិវាកងទ័ពដដែលនេះកាលពីឆ្នាំមុន គឺជាថ្ងៃដែលយោធាភូមា បានបើកការបង្ក្រាបដ៏ហិង្សាជាទីបំផុតទៅលើបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារ។ ថ្ងៃដ៏បង្ហូរឈាមនេះ បានសម្លាប់បាតុករយ៉ាងហោចណាស់ ១៦៣នាក់ ក្នុងពេលតែមួយថ្ងៃ ខណៈរាប់រយនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន និងរងរបួស ខ្លះទៀតបានបាត់ខ្លួនមកទល់នឹងពេលនេះ មិនទាន់មានដំណឹងនៅឡើយ។ សកម្មភាពនេះបានបង្កឱ្យមានការថ្កោលទោស និងទណ្ឌកម្មធ្លាក់មកជាបន្តបន្ទាប់ ពីសហគមន៍អន្តរជាតិ។
សហរដ្ឋអាមេរិក និងអង់គ្លេសកាលពីថ្ងៃសុក្រសប្តាហ៍មុនបានប្រកាសដាក់ទណ្ឌកម្មថ្មីៗមួយចំនួនទៀត ប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា។ វិធានការថ្មីទាំងនេះ ធ្លាក់មកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសសន្និដ្ឋានថា យោធាមីយ៉ាន់ម៉ា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។
គួរកត់សម្គាល់ថា អ្នកជំនាញបានព្រមានពីលទ្ធភាពដែលរបបសឹក បានឆ្លៀតឱកាសដែលសហគមន៍អន្តរជាតិកំពុងជាប់ដៃ រឿងសង្គ្រាមនៅអ៊ុយក្រែន ដើម្បីបង្កើនការវាយប្រហារទៅលើក្រុមប្រឆាំង។
សូមជម្រាបថា បើតាមតួលេខរបស់អង្គការសហប្រជាជាតិ ប្រជាជនស៊ីវិលភូមា ជាង ១.៧០០នាក់ ត្រូវបានសម្លាប់និងជាង ១ម៉ឺន៣ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំមុនមក៕