របាយការណ៍របស់លោក ថម អ៊ែនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា បានរកឃើញថា បើទោះបីជាបណ្ដាអ្នកផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុ និងសម្ភារយោធាត្រូវបានរារាំងដោយទណ្ឌកម្ម ដែលដាក់ដោយសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងរដ្ឋដទៃទៀតយ៉ាងណាក្ដី ក៏របបយោធាមីយ៉ាន់ម៉ា នៅតែអាចបន្តទិញអាវុធតាមរយៈការផ្លាស់ប្ដូរអ្នកផ្គត់ផ្គង់ក្រោមការជួយជ្រោមជ្រែងពីធនាគារបរទេស ជាពិសេសធនាគារថៃ។
របាយការណ៍នេះបានចោទប្រកាន់ថា ស្របពេលបណ្ដាក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ដកខ្លួនឈប់ធ្វើអាជីវកម្មជាមួយរបបយោធាមីយ៉ាន់ម៉ា ក្រុមហ៊ុននានា ជាពិសសធនាគារនៅក្នុង ប្រទេសថៃ ដែលជាប្រទេសជិតរបស់មីយ៉ាន់ម៉ា បានហក់ចូល ដើម្បីបំពេញចន្លោះទំនេរនេះ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ដើម្បីរក្សាការរស់រានផ្នែកសេដ្ឋកិច្ច និងការទទួលបាន ការផ្គត់ផ្គង់សព្វាវុធ របបយោធាមីយ៉ាន់ម៉ា បានបន្តចូលរួមជាមួយបណ្តាញធនាគារអន្តរជាតិ ដ៏ធំទូលាយមួយ។
របាយការណ៍ដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះបានបញ្ជាក់ថា នៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ធនាគារចំនួន១៦ដែលមានទីតាំងនៅក្នុងប្រទេសចំនួន៧ផ្សេងគ្នាបានដំណើរការប្រតិបត្តិការទូទាត់ការទិញសព្វាវុធរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ធនាគារចំនួន២៥បានផ្តល់សេវាធនាគារឆ្លើយឆ្លងទៅកាន់បណ្ដាធនាគាររដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីផ្ទុះរដ្ឋប្រហារមក។
ហើយអ្វីដែលគួរឱ្យកត់សម្គាល់ របាយការណ៍នេះបានរកឃើញថា បណ្ដាធនាគារថៃ ជាអ្នកផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុអន្តរជាតិដ៏ធំបំផុតដល់របបយោធារបស់មីយ៉ាន់ម៉ា សម្រាប់ការធ្វើសង្គ្រាមបង្ហូរឈាមនេះ។
សូមបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ា បានឡើងកាន់អំណាចនៅខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីកងទ័ពបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី។
បន្ទាប់ពីកងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ា បានប្រើប្រាស់កម្លាំងយ៉ាងសាហាវព្រៃផ្សៃដើម្បីបង្ក្រាបការតវ៉ាអហិង្សា ការតស៊ូប្រដាប់អាវុធក៏បានកើតមានឡើង ហើយជាលទ្ធផលប្រទេសនេះកំពុងស្ថិតក្នុងសង្គ្រាមស៊ីវិល។ ហើយយោធាមីយ៉ាន់ម៉ា ត្រូវបានចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររួមទាំងការទម្លាក់គ្រាប់បែកលើជនស៊ីវិលផងដែរ៕
ដោយ: តែម សុខុម