រោងចក្រកែច្នៃ អាហារសមុទ្រនៅមីយ៉ាន់ម៉ា មិនអាចផលិតបានទេ ពីព្រោះតែវិធានការការបិទរោងចក្រ របស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។ មុនពេលមានផ្ទុះមេរោគនេះឡើង សហព័ន្ធនេសាទមីយ៉ានម៉ា ធ្លាប់បានព្យាករថា ការនាំចេញនៅឆ្នាំនេះ នឹងអាចហក់ឡើងដល់ទៅ ១ពាន់លានដុល្លារអាមេរិក កើនប្រហែល៤០% ធៀបនឹងឆ្នាំ២០១៩។
វិស័យជលផលបានស្រូបទាញការងារប្រហែល ៣,៥ លាននាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រហែល ៦% នៃកម្លាំងការងារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
របាយការណ៍ធនាគារពិភពលោកកាលពីខែមិថុនា ឆ្នាំ២០១៩ បង្ហាញថា នៅក្នុងតំបន់ឆ្នេរសមុទ្រខ្លះ គឺមានកម្មករម្នាក់ ក្នុងចំណោម៣នាក់ គឺរកចំណូលចិញ្ចឹមជីវិត ពីការងារផលិតផលិតផលអាហារសមុទ្រ។
អនុប្រធានជាន់ខ្ពស់នៃសហព័ន្ធនេសាទមីយ៉ាន់ម៉ា លោក Hnin Oo បានឲ្យដឹងថា «វាគឺជាពេលវេលា នៃការនាំចេញសូន្យតែម្ដង ដោយគ្មានការបញ្ជាទិញថ្មីអ្វីទាំងអស់ ពីប្រទេសអ្នកបញ្ជាទិញ»។ លោកបន្ថែមថា ការនាំចេញផលិតផលនេសាទរបស់មីយ៉ាន់ម៉ា គឺពឹងផ្អែកជាចម្បងទៅលើប្រទេសចិន អាមេរិក ជប៉ុន និងសហភាពអឺរ៉ុប។
លោក Hnin Oo បាននិយាយទៀតថា អាជីវកម្មវារីវប្បកម្ម និងឧស្សាហកម្មចំណីសត្វ គឺស្ថិតក្នុងចំណោមអ្នករងគ្រោះបំផុត នៅក្នុងវិបត្តិកូវីដ-១៩នេះ។ បើគ្មានការនាំចេញទេ លំហូរសាច់ប្រាក់ ក៏នឹងមានការរាំងស្ទះដែរ។ ក្រុមហ៊ុនជាច្រើន ភាគច្រើនជាក្រុមហ៊ុនតូច មានការប្រឈមខ្ពស់ នឹងបន្ទុកអត្រាការប្រាក់ ព្រោះតែពួកគេខ្វះខាតទ្រព្យធានាបញ្ចាំ ដែលធនាគារពាណិជ្ជត្រូវការ។ ដូច្នេះ ពួកគេបានងាកទៅស្វែងរកកម្ចីក្រៅប្រព័ន្ធធនាគារ ដើម្បីបានប្រាក់យកមកប្រើប្រាស់បន្ទាន់។
«វាពិតជាមិនអាចទៅរួចទេ ដើម្បីលក់នៅក្នុងស្រុក ព្រោះប្រជាជនធម្មតា មិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បី ទិញផលិតផលអាហារសមុទ្រ ដែលផលិត និងកែច្នៃ ក្នុងកម្រិតស្ដង់ដារនាំចេញទាំងនោះទេ»។ នេះបើតាមការអះអាងរបស់លោក Hnin Oo។ ផលិតផលទាំងនោះ រួមមាន បង្គា និងក្ដាមស្រស់ៗ និងត្រីសមុទ្រ ដែលបង្កកក្លាសេជាដើម។
សូម្បីតែអ្នកលក់ក្នុងស្រុក ក៏ប្រឈមនឹងហានិភ័យដែរ ការចាក់សោរបិទប្រទេស វិធានការគម្លាតសង្គម និងការបិទភោជនីយដ្ឋាន និងផ្សារ ក៏ដូចជាការធ្លាក់ចុះនៃប្រាក់ចំណូល បានធ្វើឲ្យកាត់បន្ថយការប្រើប្រាស់ក្នុងស្រុក។ ការលក់នៅផ្សារត្រី សាន់យ៉ា ដែលជាកន្លែងលក់ម្ហូបអាហារសមុទ្របោះដុំធំបំផុត របស់ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចុះជិតពាក់កណ្ដាលដែរ តាំងពីមានការផ្ទុះរាលដាលនៃមេរោគ។
លោក Hnin Oo ទទូចឲ្យរដ្ឋាភិបាលបន្ធូរបន្ថយគោលនយោបាយប្រើប្រាស់ដីធ្លី បង្កើនការចំណាយជំរុញសេដ្ឋកិច្ច និងផ្ដល់ប្រាក់កម្ចីរយៈពេលវែង ដោយមានការបញ្ចុះអត្រាការប្រាក់ ទៅកាន់អាជីវកម្ម នៅក្នុងវិស័យវារីវប្បកម្ម។ នៅក្នុងតំបន់ឆ្នេរសមុទ្រខ្លះ មានរហូតដល់ទៅ ៥៦% នៃប្រាក់ចំណូលដុលរបស់រដ្ឋាភិបាលតំបន់ គឺបានមកពីវិស័យជលផល។ នេះបើតាមធនាគារពិភពលោក។
លោក Hnin Oo និយាយថា «យើងរំពឹងថា អាជ្ញាធរ នឹងវិនិយោគប្រកបដោយភាពឈ្លាសវៃ ក្នុងវិស័យនេះ បើមិនដូច្នេះទេ វានឹងមិនអាចបន្តជីវិតរស់បានឡើយ»៕