ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជិត ៧០ ម៉ឺននាក់បានបង្ខំចិត្តរត់ចេញពីផ្ទះសម្បែងរបស់ពួកគេចាប់តាំងពីការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំមុន។
កងជីវពលស៊ីវិលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធតទល់នឹងរដ្ឋប្រហារនៅទូទាំងប្រទេសនេះ ហើយរបបយោធាបានឆ្លើយតបដោយធ្វើការវាយលុកគ្រប់បែបយ៉ាង ដែលក្រុមសិទ្ធិមនុស្សបាននិយាយថា រួមមានការបំផ្លិចបំផ្លាញភូមិ ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងការវាយប្រហារតាមអាកាសទៅលើជនស៊ីវិលជាដើម។
សូមបញ្ជាក់ថា នៅមុនពេលមានរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈឆ្នាំមុន គឺមានអ្នករត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេប្រមាណជាង ៣៤ម៉ឺននាក់រួចទៅហើយ ដែលក្នុងនោះបានរាប់បញ្ចូលទាំងអ្នកដែលរងផលប៉ះពាល់ដោយសារជម្លោះរ៉ាំរ៉ៃជាមួយក្រុមឧទ្ទាមជនជាតិភាគតិចនៅតាមព្រំដែនថៃ និងចិន និងទាំងពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ា ដែលបានបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេក្នុងអំឡុងពេលការបង្ក្រាបដ៏ឃោរឃៅឆ្នាំ២០១៧ផងដែរ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិដដែលនេះបាននិយាយថា តាមការប៉ាន់ស្មានមានអចលនទ្រព្យរបស់ជនស៊ីវិលជាង១ម៉ឺន២ពាន់កន្លែងត្រូវបានបំផ្លាញចាប់តាំងពីមានរដ្ឋប្រហារ ហើយទីភ្នាក់ងារនេះបានព្រមានថា ការខិតចូលមកដល់នៃរដូវភ្លៀងបានគំរាមកំហែងដល់ទុក្ខវេទនាកាន់តែច្រើនសម្រាប់អ្នករស់នៅក្នុងជំរុំភៀសខ្លួន។
ទីភ្នាក់ងារនេះបានបន្ថែមទៀតថា មានចំនួនជាង ៣០ ម៉ឺននាក់នៃអ្នកដែលបានផ្លាស់ទីលំនៅចាប់តាំងពីការធ្វើរដ្ឋប្រហារនោះមក គឺពួកគេមកពីទីក្រុងសាហ្កែង (Sagaing) ភាគពាយ័ព្យប្រទេស មីយ៉ាន់ម៉ាជាទីដែលក្រុមយុទ្ធជនតែងប៉ះទង្គិចគ្នារឿយៗជាមួយកងកម្លាំងរដ្ឋាភិបាល។
ទីភ្នាក់ងារនេះបានកត់សម្គាល់ថា អាជ្ញាធរបានកាត់បន្ថយសេវាអ៊ីនធឺណិតចល័តនៅផ្នែកភាគច្រើននៃទីក្រុង Sagaing និងទីក្រុង ម៉ាកវ៉េយ៍ (Magway) ដែលជាចំណុចក្តៅមួយផ្សេងទៀត ព្រមជាមួយនឹង "ការរឹតបន្តឹង" ដែលប៉ះពាល់ដល់ការដឹកជញ្ជូនអង្ករ ថ្នាំពេទ្យ និងប្រេងឥន្ធនៈ។
កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់វិបត្តិនេះ ក៏មានភាពយឺតយ៉ាវដែរ។ កិច្ចប្រឹងប្រែងស្វែងរក "ការស្រុះស្រួលគ្នា ឬហៅថាកង់សង់ស៊ីស" ដែលបានបង្កើតឡើងកាលពីឆ្នាំមុនដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងគោលបំណងសម្រួលឱ្យមានកិច្ចសន្ទនារវាងយោធា និងគូប្រជែងរបស់ខ្លួនព្រមទាំងការផ្ដល់ជំនួយមនុស្សធម៌ដែរនោះ ត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនអើពើទាល់តែសោះ។
កាលពីខែមីនា មេដឹកនាំរបបយោធាលោក មីន អុង ឡាំង (Min Aung Hlaing) បាននិយាយថា យោធានឹងតាមកម្ចាត់ដល់ទីបញ្ចប់ចំពោះគូសត្រូវរបស់ខ្លួន។
យោងតាមក្រុមឃ្លាំមើលស្ថានការណ៍ក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង១ពាន់៨រយនាក់ហើយ ត្រូវបានសម្លាប់ និងជាង១ម៉ឺន៣ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបរបស់របបយោធាទៅលើក្រុមអ្នកប្រឆាំងចាប់តាំងពីមានរដ្ឋប្រហារនោះមក៕
អត្ថបទ៖ សុខ ជា