ទឹកដីមួយចំនួននៃប្រទេសមីយ៉ាន់ម៉ា បានហ៊ុមព័ទ្ធទៅដោយការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមប្រឆាំងរដ្ឋប្រហារចាប់តាំងពីយោធាបានដណ្តើមអំណាចជិត២ឆ្នាំមកនេះ។
របបយោធាដែលទើបតែបញ្ចប់ការកាត់ក្តីក្ដាំតុលាការ ជាមួយនឹងការកាត់ទោសធ្វើឡើងដោយបិទទ្វារជាបន្តបន្ទាប់ចំពោះលោកស្រី ស៊ូជី នោះ កំពុងរៀបចំសម្រាប់ការបោះឆ្នោតថ្មីៗនៅចុងឆ្នាំនេះហើយ ដែលសហរដ្ឋអាមេរិកបានចាត់ទុកការបោះឆ្នោតនេះថាជា«ការបោកប្រាស់»មួយ។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា រថក្រោះ កាំជ្រួចមីស៊ីល និងរថពាសដែកបានបើកឆ្លងកាត់ទាំងព្រឹកព្រលឹមទៅកាន់ទីលានព្យុហយាត្រាក្នុងរដ្ឋធានីណៃពីដោដែលចាប់ផ្តើមព្យុហយាត្រាយោធារំលឹកខួបលើកទី៧៥ចាប់តាំងពីមីយ៉ាន់ម៉ាទទួលបានឯករាជ្យ ពីចក្រភពអង់គ្លេស ដោយមានការឈរអមតាមផ្លូវពីមន្ត្រីអ្នកមុខអ្នកការ និងសិស្សនិស្សិតផងដែរ។
ប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing ត្រូវបានស្វាគមន៍និងធ្វើគារវកិច្ចដោយការបាញ់កាំភ្លើងធំចំនួន ២១ នៅពេលលោកបានធ្វើដំណើរទៅដល់ទីលានដង្ហែក្បួនព្យុហយាត្រានេះ។
យោងតាមកាសែតរដ្ឋ Global New Light of Myanmar បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារ«គារវកិច្ចដ៏ស្មោះត្រង់» និងបានទន្ទឹងរង់ចាំ«ការអភិវឌ្ឍបន្ថែមទៀត»នៃទំនាក់ទំនងទ្វេភាគី។
ប្រទេសរុស្ស៊ី គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ហើយក៏ជាអ្នកផ្គត់ផ្គង់សព្វាវុធដល់របបយោធាឯកោមួយនេះផងដែរខណៈដែលមីយ៉ាន់ម៉ាបាននិយាយថា ការលុកលុយរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែនគឺជារឿង«សមហេតុផល»។
ប្រទេសមីយ៉ាន់ម៉ាបានប្រកាសឯករាជ្យពីការគ្រប់គ្រងដោយអាណានិគមអង់គ្លេសនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៨បន្ទាប់ពីមានការតស៊ូដ៏យូរអង្វែងរបស់ឧត្តមសេនីយ៍លោក Aung San ដែលជាឪពុករបស់មេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញពីអំណាច គឺលោកស្រី ស៊ូជី។
ជាធម្មតាទិវាឯករាជ្យជាតិត្រូវបានសម្គាល់ដោយការលេងល្បែងកម្សាន្ដតាមដងផ្លូវ ដើរដង្ហែក្បួន និងការជួបជុំគ្នានៅតាមសួនសាធារណៈ និងទីធ្លានានា ប៉ុន្តែចាប់តាំងពីមានការតវ៉ាមក អាជ្ញាធរបានហាមឃាត់មិនឱ្យមាននៅថ្ងៃឈប់សម្រាកនេះទេ ខណៈដែលប្រជាជននៅផ្ទះតវ៉ាប្រឆាំងរបបយោធា។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា មានវត្តមានសន្តិសុខកើនឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងយ៉ាំងហ្គោន ដែលរងការវាយប្រហារដោយគ្រាប់បែកជាច្រើនដងក្នុងប៉ុន្មានខែថ្មីៗនេះ។
ស្ថានទូតសហរដ្ឋអាមេរិកបានព្រមានអំពី«ការកើនឡើងនូវសក្តានុពលនៃការវាយប្រហារ ការបាញ់ប្រហារតាមគោលដៅ ឬការបំផ្ទុះជាដើម»នៅថ្ងៃទី ០៤ ខែមករានេះផងដែរ៕
អត្ថបទ ៖ សុខ ជា