លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានវាយតម្លៃថា នៅក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៦ កម្ពុជា បានរងសម្ពាធយ៉ាងខ្លាំងពីកត្តាខាងក្រៅ រួមមាន សង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិសេដ្ឋកិច្ចសកល ប៉ុន្តែបញ្ហាផ្ទៃក្នុងដែលគួរឱ្យបារម្ភបំផុតនោះ គឺស្កេមអនឡាញ ដែលបានជះឥទ្ធិពលអាក្រក់ដល់ទំនុកចិត្តរបស់អ្នកទេសចរអន្តរជាតិ។
លោកបណ្ឌិតបានកត់សម្គាល់ឃើញថា ខណៈកម្ពុជា កំពុងជួបបញ្ហាប្រឈម ប្រទេសជិតខាងដូចជាវៀតណាម និងសិង្ហបុរី បែរជាអាចស្រូបទាញផលប្រយោជន៍បានយ៉ាងច្រើន ជាពិសេសវៀតណាម បានក្លាយជាគោលដៅជំនួសដ៏ចម្បងសម្រាប់លំហូរពាណិជ្ជកម្ម និងទេសចរណ៍ បន្ទាប់ពីមានភាពតានតឹងជុំវិញវិវាទព្រំដែន និងបញ្ហាសន្តិសុខក្នុងតំបន់។
ដើម្បីដោះស្រាយបញ្ហានេះលោកបណ្ឌិត ធួន ស៊ីណាន បានលើកឡើងថា កម្ពុជាត្រូវលុបបំបាត់ព័ត៌មានមិនល្អជុំវិញបញ្ហាសន្តិសុខ និងស្កេមអនឡាញ ដែលជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះជាតិ និងពង្រឹងការផ្សព្វផ្សាយទៅកាន់ទីផ្សារថ្មីៗ ជាពិសេសការអញ្ជើញក្រុមហ៊ុនធំៗពីអាស៊ាន និងចិន មកបញ្ជាទិញសេវាកម្មទេសចរណ៍ដោយផ្ទាល់។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណ៥,៥លាននាក់ ធ្លាក់ចុះជិត១៧% បើធៀបនឹងឆ្នាំ២០២៤ ដោយអាចរកចំណូលបានប្រមាណ៣,៧ពាន់លានដុល្លារ ក្នុងនោះទេសចរមកពីវៀតណាមឈរនៅលំដាប់លេខ១៕
អត្ថបទ៖ ជា ម៉ារ៉ា