ក្រុមហ៊ុន NagaCorp ដែលគេស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិការកាស៊ីណូរកចំណូលសរុបបានជាង៥៣៣លានដុល្លារ នៅពេញមួយឆ្នាំ២០២៣ មុនទូទាត់ការចំណាយផ្សេងៗ មានការកើនឡើងជិត១៦% បើធៀបនឹងប្រាក់ចំណូលនៅក្នុងឆ្នាំ២០២២។ ការទូទាត់ការចំណាយលើការប្រាក់ ពន្ធ និងការបង់រំលោះជាដើមក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញសុទ្ធជិត១៧៨លានដុល្លារ នៅក្នុងឆ្នាំ២០២៣ កើនឡើងជាង៦៥% បើធៀបនឹងឆ្នាំ២០២២។
ក្រុមហ៊ុន ណាហ្គាខប ដែលបានចុះបញ្ជីនៅទីក្រុងហុងកុងនេះមានអាជ្ញាប័ណ្ណកាស៊ីណូផ្តាច់មុខរយៈពេលវែងសម្រាប់រាជធានីភ្នំពេញ ជាកន្លែងប្រតិបត្តិការរមណីយដ្ឋានណាហ្គាវើលដ៍។ប្រាក់ចំណូលសរុបនៃការលេងហ្គេម (GGR) របស់ក្រុមហ៊ុន NagaCorp បានកើនឡើងជាង១៥%ដោយឡើងដល់ជិត៥១៥លានដុល្លារ កាលពីឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ហើយការកើនឡើងនូវប្រាក់ចំណូលនៃការលេងហ្គេមនេះ គឺមួយផ្នែកធំបានមកពីផ្នែក VIP ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុននេះ។
ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានសង្កេតឃើញមានការកើនឡើងយ៉ាងលឿននៅក្នុងទីផ្សារ VIP ហើយថា ការវិលជុំទីផ្សារ VIP បុព្វលាភនេះបានកើនឡើងជាង៤៦% នៅឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ ផ្នែកទីផ្សារ VIP បុព្វលាភនេះបានបង្កើតប្រាក់ចំណូលនៃការលេងហ្គេមសុទ្ធសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៣បានចំនួនជាង១៣៣លានដុល្លារអាម៉េរិក ខណៈដែលឆ្នាំ២០២២បានចំណូលជាង៩១លានដុល្លារអាម៉េរិក៕
អត្ថបទ៖ សុខ ជា