ចិន​នៅ​កម្ពុជា

ចិន​មក​«ជា​កញ្ចប់»​​នៅ​ខេត្ត​ព្រះសីហនុ?


ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ ត្រូវ​បាន​ញាប់​ញ័រ​ដោយ​សំឡេង​បុកគ្រឹះ ទាំង​យប់​ទាំង​ថ្ងៃ ដោយសារ​សំណង់​របស់​ចិន​ ដែល​ប្រញាប់​ប្រញាល់​ធ្វើ​កាស៊ីណូ​និង​អគារ​ទំនើបៗ។ អ្នក​ខ្លះ​មើល​ឃើញ​ថា វិនិយោគិន​​ចិន​កំពុង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅ​ជា​ទីក្រុង​ចិន ឬ China Town ​​នៅ​កម្ពុជា។
នៅ​ក្រុង​ព្រះសីហនុ គេ​ឃើញ​ស្លាក​សញ្ញា​ភាសា​ចិន​រីក​សុះសាយ​សព្វ​ទីកន្លែង នៅ​ក្នុង​ក្រុង។
ដោយ

ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក ​​វិនិយោគិន​ចិន​បាន​សម្រុក​ចូល​ខេត្ត​ឆ្នេរ​ភាគ​និរតី​មួយ​នេះ ដោយ​វិនិយោគ​​​លើ​​វិស័យ​អចលនទ្រព្យ និង​កាស៊ីណូ។

“តម្លៃ​អចលន​​ទ្រព្យ​បាន​ឡើង​លឿន​ជាង​គេ​ក្នុង​​ខេត្តនេះ” នេះ​ជា​សម្ដី​របស់​ឧកញ៉ា សុខ សុង ដែល​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ។ 

លោក​បន្ត​ថា ”ចិន​បាន​សុំ​ច្បាប់​វិនិយោគ ហើយ​គាត់​ចូល​សញ្ជាតិ​ គាត់​អាច​ទិញ​ដី ដូច្នេះ​ដី​ចាប់​ផ្តើម​ឡើង​ថ្លៃ។”

យោង​តាម​តួលេខ​ផ្លូវការ​​ ការ​វិនិយោគ​របស់​ចិន​ក្នុង​អំឡុង​ឆ្នាំ​២០១២​-២០១៦ មាន​ជាង​៤​ពាន់​លាន​ដុល្លារ។ ហើយ​ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​​ ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន ៦៣៥០០០​នាក់ បាន​មក​កម្ពុជា ខណៈ​ដែល​កម្ពុជា​សង្ឃឹម​ថា នឹង​ទាក់ទាញ​ទេសចរ​ចិន ២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ នៅ​ត្រឹម​ឆ្នាំ​២០២០។

លោក សុខ សុង បាន​និយាយ​ថា អ្នក​ដែល​មាន​អចលន​ទ្រព្យ​ទាំងនេះ ទទួល​បាន​ផល​ចំណេញ​តាមរយៈ​ការ​ជួល ព្រោះ​បាន​តម្លៃ​ខ្ពស់។

សំណង់​អគារ​ខ្ពស់ៗ​ជាច្រើន កំពុង​សាងសង់​យ៉ាង​មមាញឹក ដែល​ភាគច្រើនជា​សំណង់​វិនិយោគ​ដោយ​ចិន។

លោក​ក៏​បាន​ឮ​ផង​ដែរ​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ ចម្ងាយ​តែ ១៩០​គីឡូម៉ែត្រ ក្រោម​ការ​វិនិយោគ​របស់​ចិន អាច​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ។

ស្របពេល​ជាមួយគ្នា​ដែរ នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​ព្រះសីហនុ សព្វ​ថ្ងៃ មាន​ការ​ហោះហើរ​ដោយ​ផ្ទាល់​ពីទីក្រុង​​ម៉ាកាវ និង​ប្រទេស​ម៉ាឡេស៊ី រួច​ជា​ស្រេច​ហើយ។

ស្លាក​សញ្ញា​ភាសា​ចិន​គឺ​កំពុង​តែ​រីក​សុះសាយ​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ។ ផ្សារ​ទំនើប​ចិន​មាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ជនជាតិ​ចិន​ពួក​គាត់ ហើយ​ផលិត​ផល​ខ្មែរ ដែល​យើង​មើល​ឃើញ គឺ​ស្រាបៀរ​និង​ដប​ទឹក​សុទ្ធ​ប៉ុណ្ណោះ។

ប៉ុន្តែ ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​បាន​និយាយ​ថា កំណើន​ដ៏​គំហុក​នេះ វា​បាន​ជំរុញ​ឲ្យ​ឡើង​តម្លៃ​សណ្ឋាគារ និង​សំឡេង​រំខាន​ពី​ការ​សាងសង់ ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ទេសចរ​លោក​ខាង​លិច មិន​ចង់​ទៅ​ដែរ។

នៅ​ឯ​សណ្ឋាគារ​ចិន​មួយ អ្នក​សារព័ត៌មាន​បាន​ឃើញ​ដោយ​ផ្ទាល់ នូវ​ការ​ផ្តល់​ជូន​សេវាកម្ម​ផ្លូវ​ភេទ​ដោយ​ជន​ជាតិ​ចិន។

កាស៊ីណូ​ចិន​មួយ នៅ​កណ្ដាលក្រុង​ព្រះសីហនុ

លោក ប៊ុន សារឿន អាយុ ៥៩​ឆ្នាំ ជា​ម្ចាស់​ហាង​បាយ​តូច​មួយ នៅ​លើ​ឆ្នេរ​អូរឈើទាល បាន​និយាយ​ថា ពួកចិន​ឈប់​មក​ហាង​គាត់​ហើយ តាំង​ពី​ពួកគេ​មាន​ហាង​និង​សេវាកម្ម​ផ្សេងៗ​ដោយ​ខ្លួន​ឯង នា​ពេល​ថ្មីៗ​នេះ។​

“ពួក​ចិន​ធ្លាប់​មក​ញ៉ាំ​កន្លែង​ខ្ញុំ​ដែរ ពីមុន ពីរ​បី​នាក់ តែ​ឥឡូវ​ពួកគាត់​មាន​ហាង​ខ្លួន​​ឯង​​​ទៅ​ហើយ។”

អ្នក​រត់តុ​ម្នាក់​នៅ​ហាង​មិន​ឆ្ងាយ​ប៉ុន្មាន បាន​ត្អូញត្អែរ​ពី​ការ​រក​បាន​លុយ​ធីប​តិច​ជាង​មុន។ "ម្ចាស់​ហាង​នីមួយៗ គឺ​លំបាក។ សម្រាប់​ខ្ញុំ គឺ​លំបាក​រក​លុយ​ធីប។ ពួក​លោក​ខាង​លិច​មក​ ពួកគាត់​ចាយ​លុយ តែ​ចិន​មក គឺ​គាត់​ធ្វើ​អគារ ហើយ​ពួកគាត់​មាន​សេវាកម្ម​ខ្លួន​ឯង។”

លោក ប៊ុន សារឿន និង​អាជីវករ​ផ្សេង​ទៀត នៅ​លើ​ឆ្នេរ​អូរឈើទាល ត្រូវ​បាន​ម្ចាស់​ដី​ប្រាប់​ថា ឈប់​ជួល​ឲ្យ​ហើយ ហើយ​ឲ្យ​ពួកគាត់​រុះ​រើ​ចេញ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មករា។

រូបភាព​តំណាង​នៃ​គម្រោង​សំណង់​របស់​ចិន​មួយ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ។

លោក សុខ សុង បាន​ទទួល​ស្គាល់​ថា កំណើន​ជន​ជាតិ​ចិន វា​ប៉ះពាល់​ដល់​អ្នក​ទេសចរ​ខ្មែរ ដោយសារ​អត់​មាន​បន្ទប់​គេង តែ​ពេល​នេះ ផ្ទះ​សំណាក់​និង​សណ្ឋាគារ​កំពុងតែ​ធ្វើ​បន្ថែម ដូច្នេះ​វា​នឹង​មិន​មាន​បញ្ហា​ទៀត​ទេ ទៅ​ថ្ងៃ​អនាគត។

រហូត​មក​ទល់​ពេល​នេះ មិន​មាន​តួលេខ​ជា​សាធារណៈ​​ដែល​បង្ហាញពី​​ចំនួន​ប្រជាជន​ចិន​ប៉ុន្មាន​​នាក់​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នោះ​ទេ ក៏​ប៉ុន្តែ លោក​អភិបាល​ខេត្ត​ព្រះសីហនុ​ លោក យន្ត មីន ធ្លាប់​បាន​និយាយ​ថា មាន​ចំនួន​ក្នុង​ខ្ទង់​ពាន់។

យោងតាម​ការ​ស្ទង់​មតិ​ដែល​ធ្វើ​ថ្មីៗ​នេះ​ដោយ​ realestate.com.kh​ ខេត្ត​ព្រះសីហនុ ជា​កន្លែង​ទី​២ បន្ទាប់​ពី​ក្រុង​ភ្នំពេញ សម្រាប់​អ្នក​ស្វែងរក​អចលនទ្រព្យ​ដែល​ភាគច្រើន​នៃ​អ្នក​ទាំង​នោះ គឺ​ជា​វិនិយោគិន​ចិន។

យោងតាម​គេហទំព័រ​អចលន​ទ្រព្យ​ដ៏​ល្បី​របស់​ចិន​មួយ​ ជនជាតិ​ចិន​ចំនួន ៥៧​ភាគរយ មាន​បំណង​ទិញ​អចលន​ទ្រព្យ​នៅ​តាម​បណ្តា​ប្រទេស​ដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹម​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ផ្សារ​ម៉ាក្រូ​មាន​អតិថិជន​ជិត​១​ម៉ឺន​នាក់​សម្រុក​ចូល​ទៅ​ទិញ​ទំនិញ

ព័ត៌មាន
ថ្ងៃ​បើក​ទ្វារ​ដំបូង​​របស់​ផ្សារ​ម៉ាក្រូ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​​បាន​​សម្រុក​ចូល​ទិញ​ទំ…

ផ្សារ​ទំនើប​សូរិយា ដូរ​ឈ្មោះ​ថ្មី​ជា​ផ្លូវការ​! ក្រោយ​ពី​ចំណាយ​ទុន​៥​លាន​ដុល្លារ​លើ​ការ​ជួសជុល

ព័ត៌មាន
ផ្សារ​ទំនើប​ចាស់​វស្សា​ជាង​គេ​បំផុត​មួយ​នៅ​កម្ពុជា គឺ​ផ្សារ​ទំនើប​សូរិយា បាន​សម្រេច​បើក​សម្ពោធ​និង​ដូរ​ឈ្មោះ​ថ្មី​របស់​ខ្លួន​ជា​ផ្លូវក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ