ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងស្រទាប់យុវជន សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា(ស.ស.រ)បានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយសមាគមធនាគារនៅកម្ពុជាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ សំដៅជួយសម្រួលនិងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សនៅតាមសាលារដ្ឋ។
លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា លើកទឹកចិត្តឱ្យយុវជនគួរសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងការវិវត្តន៍នៃរូបិយវត្ថុរបស់កម្ពុជាឱ្យបានស៊ីជម្រៅ និងច្បាស់លាស់បន្ថែមទៀត។
ការលើកទឹកចិត្តបែបនេះ ក៏ដោយសារលោកជំទាវយល់ឃើញថា ការសិក្សាពីប្រវត្តិសាស្រ្តទូទៅ ជាពិសេស ប្រវត្តិសាស្រ្តផ្នែកសេដ្ឋកិច្ចនិងរូបិយវត្ថុវាមិនត្រឹមតែជួយឱ្យយុវជនយល់ដឹងពីអតីតកាលប៉ុណ្ណោះទេ ថែមទាំងជួយផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់យុវជនក្នុងការសម្រេចចិត្តនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។ សម្រាប់លោកជំទាវ ជា សិរី ការយល់ដឹងពីប្រវត្តិសាស្ត្រផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺជារឿងចាំបាច់សម្រាប់យុវជន។
ជាក់ស្តែងដើម្បីចូលរួមចំណែកជួយលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុដល់យុវជន និងសិស្សានុសិស្សនៅតាមសាលារដ្ឋ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិ នៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា (ABC) បានចុះអនុសារណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ការចុះអនុសារណៈនៃការយោគយល់គ្នា ដែលធ្វើឡើងនៅសារមន្ទីរ ស.ស.រ នេះ ធ្វើឡើងក្រោមវត្តមានរបស់លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
លោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ បានចាត់ទុកភាពជាដៃគូនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់ ដែលវានឹងរួមចំណែកជួយផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំរដ្ឋនាំសិស្សានុសិស្សរាប់ពាន់នាក់មកសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រនានា ពិសេសទាក់ទងសេដ្ឋកិច្ច និងរូបិយវត្ថនៅសារមន្ទីរ ស.ស.រ នៅក្នុងឆ្នាំនេះ។ អ្នកជំនាញរូបនេះបានចាត់ទុកការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ គឺជាកត្តាសំខាន់មួយសម្រាប់ការជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅកម្ពុជា។
ជាមួយគ្នានេះ លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជាបានលើកឡើងថា តាមរយៈគំនិតផ្តួចផ្តើមនេះ ភាគីទាំងអស់នឹងសម្របកិច្ចខិតខំប្រឹងប្រែងឱ្យស្របតាមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់កម្ពុជា និងបានបង្ហាញពីតួនាទីរបស់វិស័យធនាគារក្នុងការចូលរួមកសាងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងសម្រាប់អនាគតប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ លោកជឿជាក់ថា ការអប់រំបង្កើនចំណេះដឹងតាមរយៈកិច្ចសហការនេះ គឺជាការវិនិយោគផ្ទាល់លើស្ថិរភាព ភាពរឹងមាំ និងភាពធន់ផ្នែកហិរញ្ញវត្ថុនាពេលអនាគតនៃវិស័យធនាគារ ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ សមាគមធនាគារនៅកម្ពុជានឹងអំពាវនាវឱ្យសមាជិករបស់ខ្លួន ផ្ដល់មូលនិធិ ដើម្បីគាំទ្រការទៅទស្សនកិច្ចសារមន្ទីរ ស.ស.រ ដោយផ្តល់ឱកាសសិក្សាបន្ថែមដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋនៅទូទាំងប្រទេស និងផ្តល់ឱកាសទស្សនកិច្ចពីរដងទៅកាន់សារមន្ទីរ ស.ស.រ សម្រាប់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋក្នុងឆ្នាំ២០២៤ ហើយភាពជាដៃគូនេះ ក៏នឹងផ្តោតលើការផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែង ផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្មក្នុងវិស័យធនាគារកម្ពុជា ជាពិសេសតួនាទីរបស់វិស័យធនាគារក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
អនុស្សរណៈនៃការយោគយល់គ្នានេះដែលមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គឺជាសក្ខីភាពមួយបង្ហាញពីអំណាចនៃភាពជាដៃគូ ក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្ន និងការប្តេជ្ញាចិត្តរបស់អង្គភាពទាំងពីរចំពោះអនាគតយុវជនខ្មែរ៕