របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា សម្ពាធនៃការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ អាចនឹងជំរុញឲ្យអត្រាការប្រាក់នៅកម្ពុជាមានការកើនឡើងបន្ថែមទៀត ប្រសិនបើសម្ពាធនេះបន្តអូសបន្លាយពេលកាន់តែយូរ។ ការព្រមានបែបនេះ ក៏ដោយសារសម្ពាធហិរញ្ញវត្ថុអន្តរជាតិ ដែលបង្កឡើងដោយការដំឡើងអត្រាការប្រាក់គោលរបស់ធនគារកណ្តាលនៃប្រទេសនានាលើពិភពលោក បានកាត់បន្ថយលទ្ធភាពនៃការទទួលបានកម្ចីពីក្រៅប្រទេសរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យឯកជនសម្រាប់បន្ត និងពង្រីកប្រតិបត្តិការរបស់ខ្លួន។
ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថាយល់ឃើញថា ប្រសិនបើប្រទេសធំៗបន្តដំឡើងអត្រាការប្រាក់ និងរឹតត្បិតការបញ្ចេញឥណទានមកក្រៅ ចង់ឬមិនចង់វានឹងធ្វើឲ្យប៉ះពាល់ដល់ការគៀរគរទុនរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលពឹងផ្អែកលើប្រភពទុនមកពីក្រៅប្រទេស។ បញ្ហានេះវានឹងដាក់សម្ពាធដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់របស់ខ្លួន ដើម្បីទប់ទល់នឹងការចំណាយ ដែលត្រូវបានជំរុញដោយការដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើ ដែលពួកគេបានដំឡើងដើម្បីកៀរគរទុនក្នុងស្រុក។ ដូច្នេះការដំឡើងអត្រាការប្រាក់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងខ្សែចង្វាក់ផលិតកម្ម និងផ្គត់ផ្គង់នៅកម្ពុជា។
តែយ៉ាងណាតាមរយៈបទពិសោធន៍ដែលគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាធ្លាប់បានហែលឆ្លងអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ លោកឧកញ៉ា ហួត អៀងតុង ជឿជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានឹងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដំឡើងអត្រាការប្រាក់ជូនអតិថិជនរបស់ខ្លួន ព្រោះគ្រឹះស្ថានហិរញ្ញវត្ថុមិនចង់ដាក់បន្ទុកបន្ថែមដល់ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ស្រាប់ទៅហើយនោះទេ។ ទន្ទឹមនឹងនេះ លោកឧកញ៉ា ស្នើឲ្យអតិថិជនទាំងអស់កុំមានការព្រួយបារម្ភចំពោះបញ្ហានេះ ព្រោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែងតែយកចិត្តទុកដាក់ និងមានការគិតគូខ្ពស់ចំពោះផលប៉ះពាល់របស់អតិថិជនខ្លួនលើបញ្ហានេះ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា ប្រាកដណាស់ការបម្រែបម្រួលអត្រាការប្រាក់ជាសកលវានឹងជះឥទ្ធិពលអវិជ្ជមានដល់អត្រាការប្រាក់នៅកម្ពុជា និងប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មនៅក្នុងស្រុក។ ទោះយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់លើភាពឆ្លាតវៃរបស់សហគ្រិនខ្មែរក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ និងធនធានរបស់ខ្លួនក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃដើមផលិតឲ្យស្ថិតក្នុងកម្រិតសមស្របណាមួយដែលអាចទទួលយកបាន។ អ្នកជំនាញរូបនេះអះអាងថា បើទោះបីអត្រាការប្រាក់ជាសកមានការកើនឡើង តែការកៀរគរទុនពីប្រភពខាងក្រៅរបស់គ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុនៅតែធ្វើទៅបានគ្រាន់តែមានតម្លៃខ្ពស់ជាងមុន។ កត្តានេះហើយបានជំរុញឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានាំគ្នាដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើ ដើម្បីកៀរគរទុនក្នុងស្រុកជំនួសវិញផងដែរ។
ស្រដៀងគ្នានេះដែរលោក ង៉ែត ជូរ អ្នកជំនាញហិរញ្ញវត្ថុនៅកម្ពុជាយល់ឃើញថា ក្នុងករណីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបន្តដំឡើងអត្រាការប្រាក់បន្ថែមនៅឆ្នាំ២០២៣ ក្រៅតែពីធ្វើឲ្យថ្លៃដើមក្នុងខ្សែចង្វាក់ផលិតកម្មនៃការផលិតផលិតផល និងសេវាកម្មមានការកើនឡើង វាក៏ធ្វើឲ្យប៉ះពាល់ដល់ការបញ្ចេញឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផងដែរ។ កត្តាទាំងអស់នេះ វានឹងជះឥទ្ធិពលដល់ ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយលទ្ធភាពប្រកួតប្រជែងក្នុងការនាំចេញ និងបង្អាក់ល្បឿននៃការស្តារសេដ្ឋកិច្ចកម្ពុជាជាដើម។
បើតាមការគូសបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការបន្តផ្តល់សេវាហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច។ នៅក្នុងឆ្នាំ២០២២ ការផ្តល់ឥណទានទៅកាន់វិស័យឯកជនបានកើនឡើង២១% ដែលត្រូវបានបែងចែកទៅគាំទ្រដល់ការងើបឡើងក្នុងវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ ខណៈដែលកំណើនប្រាក់បញ្ញើអតិថិជនបានកើនឡើង១១,៣%។ ការរៀបចំឥណទានឡើងវិញ ត្រូវបានបញ្ឈប់នៅចុងឆមាសទី១ ហើយចំនួនទឹកប្រាក់នៃការរៀបចំឥណទានឡើងវិញបានថយចុះយ៉ាងឆាប់រហ័សពី១០,៥% មក ៦% នៃសំពៀតឥណទានសរុប៕