នាជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថា ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយធនាគារកណ្តាលឥណ្ឌូណេស៊ី ហើយធនាគារទាំងពីរ ក៏គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នាទ្វេភាគី នៅក្នុងឆ្នាំ២០២៤ នេះផងដែរ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការពង្រឹងការអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរ និងការតភ្ជាប់ប្រព័ន្ធទូទាត់ទ្វេភាគី ដែលទាំងនេះនឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ ការដោះដូរពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។
ជាមួយគ្នានេះ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជាបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើការពង្រឹងកិច្ចសហប្រតិបត្តិការនេះ និងបានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យធនាគាររបស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ យ៉ាងណាមិញ ឯកឧត្តម បានលើកសរសើរអំពីការរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់តាមឃ្យូអរកូតតែម្តង។ លើសពីនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) របស់ធនាគារជាតិនៃកម្ពុជា និងគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការជាមួយសារមន្ទីររបស់ធនាគារកណ្តាលឥណ្ឌូណេស៊ី ព្រមទាំងបានស្នើសុំរៀបចំពិពណ៌មិនអចិន្រ្តៃយ៍នៅ ស.ស.រ នាពេលខាងមុខ។ ម្យ៉ាងទៀត ឯកឧត្តម ក៏បានសរសើរពីគុណភាពអង្ករកម្ពុជាដែលបាននាំចេញទៅទីផ្សារឥណ្ឌូណេស៊ីផងដែរ។
ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក៏បានជម្រាបជូនពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា នៅក្នុងការគាំទ្រសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល និងការពង្រឹងសន្តិសុខសាយប៊័នៅក្នុងប្រព័ន្ធធនាគារកម្ពុជា តាមរយៈការបង្កើនការយល់ដឹងរបស់សាធារណជនទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការពង្រឹងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ