ធនាគារជាតិ

ធនាគារជាតិត្រៀមចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល ក្រោយតម្លៃលុយដុល្លារកើនឡើង


ធនាគារជាតិនៃកម្ពុជា ត្រៀមចាត់វិធានការចាំបាច់មួយចំនួន ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បន្ទាប់ពីខ្លួនសង្កេតឃើញអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារអាមេរិកមានការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការកើនឡើងអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងដុល្លារនេះ ត្រូវបានធនាគារជាតិនៃកម្ពុជាអះអាងថា គឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃរបស់លុយដុល្លារនៅលើទីផ្សារអន្តរជាតិ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដើម្បីទាញតម្លៃកម្រិតអតិផរណា។
ធនាគារជាតិត្រៀមចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល
ដោយ

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការប្រែប្រួលតម្លៃរូបិយវត្ថុជាតិធៀបនឹងរូបិយវត្ថុអន្តរជាតិវារឿងធម្មតាដែលតែងតែកើតមានឡើងសម្រាប់ប្រទេសនីមួយៗ។ សម្រាប់អ្នកជំនាញបញ្ហានេះមិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ ពោលគឺធនាគារជាតិនៃកម្ពុជាធ្លាប់ចាត់វិធានការបែបនេះជាច្រើនលើករួចមកហើយ។ យ៉ាងណាមិញអ្នកជំនាញជឿជាក់លើវិធានការរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាអំណាយទិញរបស់លុយរៀល។
ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា ខ្លួនត្រៀមចាត់វិធានការចាំបាច់មួយចំនួនដើម្បីរក្សាស្ថិរភាពតម្លៃលុយរៀលធៀបនឹងលុយដុល្លារអាមេរិក។ ការប្រកាសត្រៀមចាត់វិធានការបែបនេះធ្វើឡើងក្រោយធនាគារជាតិនៃកម្ពុជាសង្កេតឃើញថា អត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារអាមេរិកនៅប៉ុន្មានថ្ងៃចុងក្រោយមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលមូលហេតុចម្បងគឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។ កត្តារដូវកាល គឺធនាគារជាតិចង់សំដៅដល់កំណើនតម្រូវការប្រាក់រៀលបានថយល្បឿននៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍មិនមានភាពមមាញឹក។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា បម្រែបម្រួលរូបិយវត្ថុវាជារឿងធម្មតារបស់ប្រទេសនីមួយ ដែលការបម្រែបម្រួលនេះ គឺបណ្តាលមកពីកត្តាតម្រូវការ និងផ្គត់ផ្គង់។ ការត្រៀមការចាត់វិធានការរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារនេះ វាមិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ ពោលគឺធនាគារជាតិនៃកម្ពុជាធ្លាប់ចាត់វិធានការបែបនេះជាច្រើនលើកច្រើនសាររួចហើយ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អ៊ិន ចាន់នី ដែលបានបន្ថែមថា លោកមានការជឿជាក់ខ្ពស់លើវិធានការរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅកម្ពុជា។ បើតាមការលើកឡើងរបស់អ្នកជំនាញហិរញ្ញវត្ថុរូបនេះ វិធានការដែលធនាគារជាតិតែងធ្វើក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ គឺតាមការដាក់ឲ្យដេញថ្លៃលុយរៀល ដែលមានការចូលរួមពីភាគីពាក់ព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុ។ ការរក្សាបាននូវតម្លៃលុយរៀលធៀបនឹងដុល្លារអាមេរិក គឺជាការរក្សាបាននូវអំណាយនៃការទិញរបស់លុយរៀល។

ធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា ការឡើងថ្លៃលុយដុល្លារអាមេរិកមមិនមែនកើនឡើងសម្រាប់តែលុយរៀលនោះទេពោលគឺវាក៏បានកើនឡើងផងដែរបើធៀបនឹងរូបិយបណ្ណផ្សេងៗនៅលើពិភពលោក បន្ទាប់ពីធនាគារកណ្តាលអាមេរិកបន្តដំឡើងអត្រាការប្រាក់គោល ដើម្បីទាក់ទាញមូលធនឲ្យហូរចូលសហរដ្ឋអាមេរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។ ការដំឡើងអត្រាការប្រាក់គោលរបស់អាមេរិកនេះ ក៏ដើម្បីទប់ទល់នឹងការកើនឡើងអត្រាអតិផរណាផងដែរ។

យ៉ាងណាក៏ដោយធនាគារជាតិនៃកម្ពុជាបន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាតឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាត្រៀមខ្លួន ចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព៕




អត្ថបទបន្ទាប់


កម្ពុជាដាក់ឲ្យអនុវត្តទម្រង់លក្ខខណ្ឌកិច្ចសន្យារួមមួយសម្រាប់កម្ចីក្រោម៥ម៉ឺនដុល្លារ

ព័ត៌មាន
សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្ដង់ដាកិច្ចសន្យាឥណទានក្នុងទម្រង់លក្ខខណ្ឌកិច្ច…

តើមានកត្តាអ្វីខ្លះធ្វើឲ្យជំនាញជឿថា វិស័យអចលនទ្រព្យកម្ពុជានឹងអាចងើបឡើងវិញនៅពីរឆ្នាំខាងមុខ?

ព័ត៌មាន
អស់រយៈពេលប្រមាណ៣ឆ្នាំហើយ ដែលទីផ្សារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាលើពិភពលោករងភាពរង្គោះរង្គើ ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ