ការធ្លាក់ចុះសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចក្នុងស្រុកដោយសារវិបត្តិកូវីដ-១៩ សង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន និង វិបត្តិសកលផ្សេងៗទៀត បានធ្វើឲ្យតម្រូវការក្នុងវិស័យនេះមានធ្លាក់ជាលំដាប់។ នៅក្នុងកាលៈទេសៈនេះ ធនាគារជាតិនៃកម្ពុជា បានប្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ពង្រឹងកិច្ចសហការយ៉ាងជិតស្និតរវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យផ្សេងទៀត។
លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានកត់សម្គាល់ឃើញថា នៅរយៈពេល១០ឆ្នាំកន្លងមកនេះ ពោលគឺមុនការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័យ ហើយវិស័យនេះបានដើរតួនាទីជាជន្ទល់ដ៏សំខាន់ក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និង សេដ្ឋកិច្ចក្នុងស្រុកដោយសារវិបត្តិកូវិដ-១៩ និង ការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជា បានធ្វើឲ្យតម្រូវការក្នុងវិស័យនេះមានការធ្លាក់ជាលំដាប់។ ក្នុងស្ថានភាពបែបនេះ លោក ជំទាវ ជា សិរី ជំរុញឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បង្កើនការតាមដានយ៉ាងប្រុងប្រយ័ត្ន ជាពិសេសលើការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ។ បន្ថែមលើនេះត្រូវងពង្រឹងកិច្ចសហការ យ៉ាងជិតស្និតរវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យផ្សេងទៀត។
ទន្ទឹមនឹងបញ្ហាក្នុងស្រុកលោក ជំទាវ ជា សិរី មើលឃើញថា សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យកម្ពុជាអាចប្រឈមនឹងហានិភ័យខាងក្រៅចម្បងៗជាច្រើនទៀតដូចជាការអូសបន្លាយនៃភាពតានតឹងរវាងសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃការនាំចេញ និងការវិនិយោគចូលមកកម្ពុជា, បញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុនក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ។
យ៉ាងណាក៏ដោយធនាគារជាតិនៃកម្ពុជាបានព្យាករថា នៅក្នុងឆ្នាំ២០២៣ នេះសេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុងកំណើន៥,៥% ជាមួយកម្រិតអតិផរណាទាបក្នុងរង្វង់២%។ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងគាំទ្រជាចម្បងដោយការនាំចេញទំនិញ និងការបន្តងើបឡើងលឿននៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗ ស្របពេលដែលកម្ពុជារំពឹង ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសផ្សេងៗ ជួយទាក់ទាញលំហូរវិនិយោគចូលមកកម្ពុជាបន្ថែមទៀត។
បើតាមរបាយណ៍របស់ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកមានកំណើនយឺតត្រឹម ៣,៤% ដោយសារបញ្ហាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន អតិផរណាកើនឡើងខ្ពស់ និងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុអន្តរជាតិ។ ទោះយ៉ាងណាសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនប្រសើរជាងមុនក្នុងអត្រា ៥,២% នៅឆ្នាំ២០២២ ដែលត្រូវបានគាំទ្រដោយកំណើននៃការនាំចេញ ការត្រឡប់មករកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការងើបឡើងលឿននៃវិស័យទេសចរណ៍។
ដោយឡែកពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុវិញ នៅឆ្នាំ២០២២កន្លងទៅ ប្រព័ន្ធហិរញ្ញវត្ថុត្រូវបានគ្របដណ្តប់ដោយវិស័យធនាគារ ៨៥% នៃទ្រព្យសកម្មសរុប និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ប្រព័ន្ធធនាគារបន្តមានស្ថិរភាពរឹងមាំដោយឥណទានមានកំណើនជាង ១៦% ដែលត្រូវបានផ្ដល់ទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច ដោយមិនមានការប្រមូលផ្តុំលើវិស័យណាមួយខ្លាំងនោះទេ។ ក្នុងនោះវិស័យជួញដូររាយ មានជិត ១៧%, ការជួញដូរដុំជាង ១០%, សំណង់ជិត ១០ %, អចលនទ្រព្យជិត ១០ % និង ឥណទានទិញផ្ទះជិត១៥%។ ទន្ទឹមនឹងនេះ បន្ទាប់ពីបញ្ចប់វិធានការបន្ធូរបន្ថយបទប្បញ្ញត្តិក្នុងអំឡុងរីករាលដាលជំងឺកូវីដ-១៩ ឥណទានមិនដំណើរការបានកើនឡើងពី ២,១% ដល់២,៥% ដែលបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន៕