ផ្លូវថ្នល់-សេដ្ឋកិច្ច

ផ្លូវជាតិលេខ៥ នឹងដំណើរសាងសង់ ដោយចាយ ២៤៦,៣៥ លានដុល្លារអាមេរិក


រដ្ឋាភិបាលកម្ពុជា នឹងចំណាយទឹកប្រាក់ចំនួន ២៤៦,៣៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បី សាងសង់ផ្លូវជាតិលេខ៥ ដែលមានប្រវែង ១៣៥,២៥ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុច ស្ពានព្រែកក្តាមខេត្តកណ្តាល រហូតដល់ចំណុចធ្លាម្អមខេត្តពោធិ៍សាត់។
ពិធីចុះហត្ថលេខារវាងក្រសួងសាធារណការ និង ក្រុមហ៊ុនសាងសង់​ កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ (រូបថត៖​ ហ្វេសប៊ុកក្រសួងសាធារណការ និង ដឹកជញ្ជូន)
ដោយ

គម្រោងដែលចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ គឺជាប្រភេទផ្លូវ AC ដែលនឹងដំណើរការសាងសង់មានរយៈពេល៤ឆ្នាំ ដោយ​ចែកចេញជា៣កំណាត់ ដែលត្រួតពិនិត្យបទដ្ឋានបច្ចេកទេសពីក្រុមហ៊ុន Katahira & Engineers International (KEI) របស់ជប៉ុន និង គម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា(JICA)។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឲ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) រវាងក្រសួងសាធារណការ និង ដឹកជញ្ជូន និង ក្រុមហ៊ុនសាងសង់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រៅពីគម្រោងនេះ រដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងសាងសង់សំខាន់ៗមួយចំនួនទៀត ដូចជា៖ គម្រោង សាងសង់ផ្លូវជាតិលេខ១១ ពីអ្នកលឿងដល់ផ្លូវជាតិលេខ​៧ គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៣ចម្ងាយ៧០គីឡូម៉ែត្រ និង គម្រោងផ្លូវខ្សែក្រវ៉ាត់ក្រុងទីបី ដែលបានចុះកិច្ចព្រមព្រៀងហើយ និងគម្រោងសាងសង់ស្ពាននៅស្ទឹងត្រង់ឆ្លងទន្លេមេគង្គ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលកំពុងពង្រឹងគុណភាពការសាងសង់ និង ចាត់វិធានការទប់ស្កាត់ការដឹកជញ្ជូន​លើសទម្ងន់ ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង។ ហើយខ្ញុំសូមអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និង មិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលធ្វើឱ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ឡើយ»។   

គម្រោងផ្លូវនេះជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ដែលតភ្ជាប់ពីប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងធ្លាក់ដល់វៀតណាម ដែលជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនជាលក្ខណៈអន្តរជាតិ។ 

សូមបញ្ជាក់ដែរថា កាលពីខែមីនា ឆ្នាំ២០១៦ JICA បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២១៥.៥ លានដុល្លារអាមេរិក និង ឥណទានសម្បទានសម្រាប់ «គម្រោងជួសជុលស្ពានជ្រោយចង្វារ» «គម្រោងសម្រាប់ការកែលម្អបរិក្ខារបម្រើឲ្យសកម្មភាពដោះមីន (ដំណាក់កាលទី៧)» និង «គម្រោងកែលម្អផ្លូវជាតិលេខ៥ (កំណាត់ផ្លូវព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី ២»៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សាររាត្រីនៅភ្នំពេញលើកសម្រស់រាជធានីនិងផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ

ព័ត៌មាន
ផ្សាររាត្រីជាប់មាត់ទន្លេ ត្រូវបានគេស្គាល់ថា ជាទីកន្លែងពិសេសមួយ ដែលអាជីវករ អាចយកទំនិញ និង ផលិតផលពួកគេយកមកតាំងលក់ ដើម្បីរកប្រាក់ចំណូលប…

ប្រទេស​១០ បាន​បោះ​ទុន​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ តើ​ជា​នរណា​ខ្លះ?

ព័ត៌មាន
បើ​និយាយ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ហាក់​បី​ដូចជា​នៅ​តែ​មាន​សញ្ញា​វិជ្ជមាន​ល្អ​គួរ​ឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ