នាពិធីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ នឹងធ្វើឲ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចមានជីវភាពល្អប្រសើរ តាមរយៈការទទួលបានជំនាញប្រចាំជីវិតពិតប្រាកដ ដើម្បីទទួលបាននូវឱកាសការងារ ក៏ដូចជាបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់ ព្រមទាំងបានឆ្លើយតបទៅតាមតម្រូវការទីផ្សារការងារផងដែរ។
តួយ៉ាង តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញនេះ នឹងជួយកាត់បន្ថយគម្លាតជំនាញ និងលើកកម្ពស់ផលិតភាពនៅក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្មនៅកម្ពុជា ខណៈដែលកម្ពុជាកំពុងខិតខំប្រែក្លាយខ្លួនពីឧស្សាហកម្មអត្តពលកម្ម ទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ ជាពិសេសវានឹងជំរុញដល់កំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ តាមរយៈការផ្ដល់នូវកម្លាំងពលកម្មជំនាញដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់យុវជនគប្បីត្រូវយកចិត្តដាក់ខ្ពស់ក្នុងការសិក្សាលើកម្មវិធីដែលរាជរដ្ឋាភិបាលបានដាច់ចេញនេះ ដើម្បីធ្វើយ៉ាងណាអាចលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារឱ្យកាន់តែប្រសើរ ដោយសម្តេចបានបានអំពាវនាវដល់យុវជនដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ត្រូវដាក់ចិត្តសិក្សារៀនសូត្រឱ្យបានចប់ ព្រោះពេលវេលាមិនរងចាំមនុស្សនោះទេ ពោលគឺការចំណាយពេលវេលារយៈពេល៣ខែ ៦ខែ ឬ១ឆ្នាំ ដើម្បីទាញយកចំណេះជំនាញនៅក្នុងខ្លួននោះ យុវជនអាចមានជម្រើសច្រើនសម្រាប់អនាគតរបស់ពួកគេ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន រោងចក្រសហគ្រាស និងស្ថាប័ននានាបន្ថែមទៀត ដើម្បីទទួលយកយុវជនដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅហាត់ការនៅតាមបណ្ដាក្រុមហ៊ុន រោងចក្រសហគ្រាស និងស្ថាប័នទាំងនោះ ខណៈបច្ចុប្បន្នក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានចុះកិច្ចព្រមព្រៀងជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ដើម្បីបើកផ្លូវឱ្យមានការហាត់ការដល់អ្នកសិក្សាបច្ចេកទេសនិងវិជ្ជាជីវៈនេះ៕