កងទ័ពរុស្ស៊ីនៅតែបន្ដវាយសង្គ្រុបទៅលើអ៊ុយក្រែន ពិសេសនៅក្នុងទីក្រុងសំខាន់ និងរដ្ឋធានីកៀវ។ ហើយ មានការរាយការណ៍ពការបាញ់មីស៊ីលជាច្រើនគ្រាប់នៅក្នុងការប្រយុទ្ធនៅជិតទីក្រុងល្វីវ ដែលនៅក្នុងតំបន់ភាគខាងលិចនៃប្រទេសអ៊ុយក្រែន ជាប់នឹងព្រំប្រទល់ប្រទេសប៉ូឡូញផងដែរ។
ខណៈដែលរុស្ស៊ីកំពុងវាយសង្គ្រុបខ្លាំងលើអ៊ុយក្រែនមេធំរបស់អង្គការណាតូឯណោះវិញ បានចោទប្រកាន់រុស្ស៊ីថា មានអាវុធគីមី ហើយរុស្ស៊ីក៏អាចនឹងប្រើប្រាស់អាវុធនេះ ដើម្បីវាយប្រហារទៅលើអ៊ុយក្រែនដែរ។
ការហ៊ានអះអាងដូចនេះ ត្រូវបានលោកស្តូលថេនប៊ឺកពន្យល់យ៉ាងដូច្នេះថា៖ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ យើងបានឃើញការអះអាងមិនសមហេតុផលដែលរុស្ស៊ីបានចោទប្រកាន់ថាអ៊ុយក្រែនមានមន្ទីរពិសោធន៍អាវុធគីមី និងជីវសាស្ត្រដែលគាំទ្រដោយអាមេរិក ក្នុងការផលិត និងអភិវឌ្ឍអាវុធជីវសាស្ត្រ។ វិមានក្រឹមឡាំងកំពុងបង្កើតលេសមិនពិត មកចោទប្រកាន់គេទាំងស្រុង។
លេខាធិការអង្គការណាតូរូបនេះបានបន្ថែមថា យើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ព្រោះវា អាចទៅរួច ដែលថារុស្ស៊ីខ្លួនឯងជាអ្នករៀបចំផែនការប្រើប្រាស់អាវុធគីមី ហើយប្រើលេសមកចោទកាន់អ៊ុយក្រែនថា បានប្រើប្រាស់អាវុធជីវសាស្ត្រជាមុន។ បើដូច្នេះ មានវានឹងក្លាយជាឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងច្បាស់ក្រឡែត។
គួររំឭកថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន បានបើកកិច្ចប្រជុំមួយ តាមការស្នើសុំរបស់រុស្ស៊ី ជុំវិញកម្មវិធីអាវុធជីវសាស្ត្រនៅអ៊ុយក្រែន។ រុស្សី បានចោទថា អាម៉េរិក បានបើកមន្ទីរស្រាវជ្រាវជីវសាស្ត្រសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែត្រូវអាម៉េរិក និងអ៊ុយក្រែនក៏បានចេញមុខមកបដិសេធផងដែរ។
សូមជម្រាបថា អនុសញ្ញាអាវុធជីវសាស្ត្រ បានហាមឃាត់រដ្ឋ ក្នុងការផលិត និងអភិវឌ្ឍអាវុធជីវសាស្ត្រចាប់តាំងពីទសវត្សឆ្នាំ១៩៧៥មក បន្ទាប់ពីអនុសញ្ញាមួយនេះបានចូលជាធរមាន។ ក្នុងន័យនេះ ការផលិតនិងអភិវឌ្ឍអាវុធជីវសាស្ត្រទាំងអស់ ត្រូវបានចាត់ទុកជាសកម្មភាពខុសនឹងច្បាប់អន្តរជាតិ។
បន្ថែមពីលើការព្រមានពីការប្រើប្រាស់អាវុធជីវសាស្ត្ររបស់រុស្ស៊ី អង្គការណាតូបារម្ភថាទោះបីជាប្រជាជនអ៊ុយក្រែនកំពុងទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីដោយភាពក្លាហានក៏ដោយ ប៉ុន្តែប៉ុន្មានថ្ងៃខាងមុខទំនងជានាំមកនូវការលំបាកកាន់តែខ្លាំង ក្រោយរុស្ស៊ីបង្កើនការវាយលុកយ៉ាងសន្ធឹកមកលើរដ្ឋធានីកៀវ ក្នុងបំណងឡោមព័ទ្ធទីក្រុង។
បើទោះជា រុស្ស៊ីសម្រុកវាយប្រហារលើរដ្ឋធានីកៀវកាន់តែខ្លាំងក្លាក្ដី ប៉ុន្ដែ អង្គការណាតូ ក៏ដូចជាអាមេរិកបានប្រកាសហើយថា នឹងមិនមានផែនការបញ្ជូនកងទ័ពរបស់ពួកគេទៅជួយអ៊ុយក្រែននោះឡើយ ដោយណាតូបានបញ្ជាក់ថា សង្គ្រាមអាចនឹងរីកសាយកាន់តែធំឡើង បើសិនជាខ្លួនចូលជួយអ៊ុយក្រែន ខណៈដែលប្រធានាធិបតីអាមេរិកវិញបានអះអាងចុងក្រោយនេះថា អាមេរិកនឹងមិនបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែនឡើយ ព្រោះថាបើអាមេរិកហ៊ានតែជួយ នោះវានឹងផ្ទុះសង្គ្រាមលោកលើកទី៣ជាក់ជាមិនខានឡើយ។ ទោះជាបែបនេះក្ដី អាមេរិក និងសម្ព័ន្ធនៅតែបន្ដជួយផ្ដល់ជំនួយផ្នែកយោធាពិសេសគ្រឿងសព្វាវុធទៅឲ្យអ៊ុយក្រែន។
គួរបញ្ជាក់ថា បើតាមសារខ្លីមួយពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី កងទ័ពអ៊ុយក្រែនជាង ១,៣០០នាក់ហើយត្រូវបានសម្លាប់ចាប់តាំងពីការបើកប្រតិបត្តិការយោធាចូលលុកលុយអ៊ុយក្រែន។ នេះអាចជាលើកដំបូងហើយ ដែលរដ្ឋាភិបាលទីក្រុងកៀវ បញ្ចេញតួលេខកងទ័ពខ្លួនដែលបានពលីជីវិតចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ បន្ថែមពីលើនេះលោក ហ្សេលេនស្គី អះអាងដែរថា កងទ័ពរុស្ស៊ីជាង ១ម៉ឺន២ពាន់ ត្រូវបានសម្លាប់ ប៉ុន្តែតួលេខពីទីក្រុងម៉ូស្គូថាមានតែ ៥០០នាក់ប៉ុណ្ណោះ ដោយវាជាតួលេខចាស់តាំងតែពីថ្ងៃទី០២ខែមីនា ។ រុស្ស៊ីមិនដែលបញ្ចេញរបាយការណ៍ថ្មីទៀតទេ ពីពេលនោះមក៕