មន្ត្រីអង្គការណាតូ និងជាមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Nikkei ថា អង្គការណាតូកំពុងពិភាក្សាលើគំនិតមួយ ដែលគេចង់ចេញសេចក្តីថ្លែងការណ៍រួមជាមួយប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានដូចជាជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង ញូហ្សេលេន។
បើតាមប្រភពព័ត៌មានដដែល អង្គការណាតូបានអញ្ជើញមេដឹកនាំមកពីប្រទេសទាំង៤នេះ ធ្វើជាដៃគូជាលើកដំបូងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកាលពីខែមិថុនា។ មន្ត្រីអង្គការណាតូទីពីរ សុំមិនបញ្ចេញឈ្មោះដូចគ្នា បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធសប្តាហ៍នេះថា អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg គ្រោងនឹងអញ្ជើញក្រុមប្រទេសទាំងនេះ ទៅចូលរួមកិច្ចប្រជុំកំពូលណាតូនៅឆ្នាំនេះតែម្តង ដែលគ្រោងធ្វើឡើងនៅខែកក្កដា នាទីក្រុង Vilinus ប្រទេសលីទុយអានី។
ជុំវិញបញ្ហានេះ លោកស្រី ជូលេននី ស្មីត តំណាងសហរដ្ឋអាមេរិកប្រចាំនៅអង្គការណាតូ មិនបានបញ្ជាក់ពីការបំណងចង់ចេញសេចក្តីថ្លែងការណ៍រួមនេះឡើយ នៅពេលផ្តល់បទសម្ភាន៍ជាមួយសារព័ត៌មានជប៉ុន Nikkei។ ប៉ុន្តែមន្ត្រីរូបនេះ បានលើកឡើងថា អង្គការណាតូ និងដៃគូអាស៊ីមានគំនិតរួមគ្នាមួយ ដោយចង់រារាំងសកម្មភាពយោធារបស់ចិន។ លោកស្រី ក៏បានកោតសរសើរដល់ការរួបរួមគ្នា រវាងអង្គការណាតូ និងដៃគូនៅអាស៊ី ក្នុងការគាំទ្រចំពោះអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី។
បើតាមមន្ត្រីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកជឿជាក់ថា ការបង្ហាញឯកភាពក្នុងចំណោមរដ្ឋប្រជាធិបតេយ្យ នឹងផ្ញើរសារយ៉ាងច្បាស់ថា ការដែលប្រើប្រាស់កម្លាំង និងត្រូវទទួលការតបស្នងទៅវិញ។ ម៉្យាងវានឹងអាចទៅរារាំងដល់ប្រទេសចិនទាក់ទងនឹងបញ្ហាច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម៕