យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ការដេញថ្លៃមូលបត្ររដ្ឋលើកទី២នេះ មានទំហំទឹកប្រាក់ ២០០ប៊ីលានរៀល ឬប្រមាណជិត៥០លានដុល្លារអាមេរិក។ តម្លៃនៃបណ្ណបំណុលនេះ គឺមួយបណ្ណតម្លៃ ១លានរៀល មានអត្រាកូប៉ុង ឬការប្រាក់ថេរ ២,៤៤% និងមានការទូទាត់សងកូប៉ុង ឬការប្រាក់រៀងរាល់ ៦ខែម្ដង។ យ៉ាងណាមិញ ចំពោះលទ្ធផលនៃការដេញថ្លៃមូលបត្ររដ្ឋលើកទី២ ត្រូវបានធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា មានគ្រឹះស្ថានចំនួន៦ បានចូលរួមដេញថ្លៃតាមប្រព័ន្ធ NBCP របស់ធនាគារជាតិ។ ក៏ប៉ុន្តែ សម្រាប់លទ្ធផលនៃការដេញថ្លៃវិញ មិនទទួលបានលទ្ធផលល្អនោះទេ ព្រោះតែគ្មានក្រុមណាមួយទទួលបានជោគជ័យ ក្នុងប្រតិបត្តិការនេះឡើយ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ការមិនទទួលបានភាពជោគជ័យលើការដេញថ្លៃមូលបត្របំណុលរដ្ឋលើកទី២នេះ ដោយសារភាគីខាងអ្នកលក់ និងភាគីអ្នកទិញ មិនអាចទទួលយកនូវលក្ខខណ្ឌនៃការដោះដូរបាន។
ដោយឡែក ចំពោះការដេញថ្លៃមូលបត្របំណុលនៅដំណាក់កាលទី១ វិញត្រូវបានថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារូបនេះ អះអាងថា បានប្រព្រឹត្តទៅដោយរលូន និងមានភាពល្អប្រសើរ ដោយនៅដំណាក់កាលទី១ មានក្រុមហ៊ុន និងស្ថាប័នចំនួន៨ បានចូលរួមក្នុងការដេញថ្លៃនេះ។ បើតាមឯកឧត្តម ហុង សុហួរ តាមផែនការ ការបោះផ្សាយលក់បណ្ណបំណុលរដ្ឋ មានទំហំទឹកប្រាក់សរុប ៣០០លានដុល្លារអាមេរិក គឺជាទឹកប្រាក់អតិបរមា ដែលរដ្ឋមានការឯកភាពពីរដ្ឋសភាដើម្បីបោះផ្សាយ ដូច្នេះ រដ្ឋអាចបោះផ្សាយមូលបត្រក្នុងរង្វង់ក្រោម៣០០លានដុល្លារ ឬត្រឹម ៣០០លានុដល្លារ។ ក៏ប៉ុន្តែ ត្រង់ថា រាជរដ្ឋាភិបាលនឹងអាចលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ប៉ុន្មាន នៅឆ្នាំ២០២២នេះ លោកមិនទាន់អាចវាយតម្លៃបាននៅឡើយទេ៕