ការចេញមុខថ្កោលទោសដាច់អហង្ការរបស់ធនាគារជាតិនៃកម្ពុជានេះ បានធ្វើឡើង ក្រោយពីក្រុមហ៊ុនជប៉ុនមួយឈ្មោះ Chaintope និងក្រុមហ៊ុនចិន Digital Agriculture Exchange បានប្រកាសជាសាធារណៈថា ក្រុមហ៊ុនខ្លួនមានបង្កើតនូវរូបិយវត្ថុអេឡិចត្រូនិក K-coin ដោយមានការសហការក៏ដូចជា ការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជាបានចាត់ទុកថា នេះជាអំពើផ្សព្វផ្សាយព័ត៌មានបោកប្រាស់ និងកំពុងចាត់វិធានការតាមផ្លូវច្បាប់ដែលមានជាធរមាន លើក្រុមហ៊ុនបរទេសនេះផងដែរ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Chaintope ដែលត្រូវបានធនាគារជាតិនៃកម្ពុជាសម្រេចថ្កោលទោស និងចាត់វិធានការផ្លូវច្បាប់នោះ បានឲ្យដឹងថា រូបិយវត្ថុ K-coin នេះ បង្កើតឡើងក្នុងគោលបំណងចរាចរជារូបិយបណ្ណទូទាត់សម្រាប់ប្រើប្រាស់នៅក្នុងការនាំចូលនាំចេញ និងកៃច្នៃផលិតផលកសិកម្មនៅកម្ពុជា ព្រមទាំងបានអះអាងថា ចំនួនក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងប្រតិបត្តិការមានរហូតដល់២០ម៉ឺនក្រុមហ៊ុន និងរំពឹងទៀតថា នឹងកើនឡើងដល់១លានក្រុមហ៊ុននៅថ្ងៃអនាគត ដោយមានទំហំទឹកប្រាក់បោះពុម្ពសរុបប្រមាណ២០០ពាន់លានដុល្លារ។
យ៉ាងណាក៏ដោយចុះ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ជាថ្មីថា ធនាគារជាតិនៃកម្ពុជាមិនដែលបានអនុញ្ញាតឲ្យមានការទិញ-លក់ និងចរាចររូបិយវត្ថុ Crypto ក្នុងទម្រង់ណាមួយ ដូចជា K-coin ដែលបានលើកឡើងនេះទេ។ លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា ធ្លាប់បានអះអាងដែរថា ការធ្វើការប្រតិបត្តិការដែលទាក់ទងនឹងរូបិយវត្ថុអេឡិចត្រូនិក ឫ Crypto currencies អាចបង្កហានិយភ័យដល់សារធារណជន និង អាចជាមធ្យោបាយសម្រាប់ការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងទីផ្សារងងឹតដែលវិនិយោគិនមិនមានការយល់ដឹងគ្រប់គ្រាន់ នឹងងាយរងការឆបោក។
សូមជម្រាបថា រូបិយវត្ថុ Crypto ឬហៅថា រូបិយវត្ថុអេឡិចត្រូនិកនេះ បាននិងកំពុងមានចរាចរប្រើប្រាស់នៅ បណ្ដាប្រទេសប៉ែកអឺរ៉ុបមួយចំនួន ប៉ុន្ដែក៏មានប្រទេសខ្លះ រួមទាំងកម្ពុជាផងដែរ បានប្រកាសមិនទទួលស្គាល់រូបិយវត្ថុ Crypto នេះឡើយ៕