
របាយការណ៍ដដែលបង្ហាញទៀតថា លទ្ធផលនៃការបង្ក្រាបករណីបទល្មើសគ្រឿងញៀន កាលពីឆ្នាំ ២០២៤ មានប្រមាណ១ម៉ឺនករណី កើនឡើង ៣២% ជាមួយបរិមាណគ្រឿងញៀនដែលចាប់បានមានដល់ទៅ ប្រមាណជិត ១៥តោន កើនឡើង ៣៩៩% បើធៀបនឹងឆ្នាំ២០២៣ ។ ចរាចរណ៍គ្រឿងញៀន ភាគច្រើនមានតាម ផ្លូវគោក ៨៤% (ព្រំដែនឡាវទិសឦសាន ៤៥%, ព្រំដែនថៃ ៣៩%)។ ចរាចរណ៍គ្រឿងញៀនតាមផ្លូវការអាកាសមាន ១% ,បញ្ញើប្រៃសណីយ៍ ១% និងការកែច្នៃផលិត ៩% និងបទល្មើសផ្ទៃក្នុងប្រទេស ៣៥%។
របាយការណ៍បានគូសបញ្ជាក់ទៀតថា គ្រឿងញៀនមកពីតំបន់ត្រីកោណមាស គឺជាប្រភេទ មេតំហ្វេតាមីន , កេតាមីន, ហេរ៉ូអ៊ីន និងអ៊ិចស្ដាស៊ី។ ដោយឡែក អ៊ិចស្ដាស៊ី មកពីអឺរ៉ុប និងកូកាអ៊ីន មកពីអាមេរិកខាងត្បូង។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ដែរថា សភាពការណ៍គ្រឿងញៀននៅតែស្ថិតក្នុងភាពស្មុគស្មាញ និងគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា បញ្ហាជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា និងបញ្ហាអស្ថិរភាពនយោបាយតំបន់ និងពិភពលោក នៅតែជាកត្តាបានធ្វើឱ្យឧក្រិដ្ឋជនគ្រឿងញៀនមានឱកាសបង្កើនសកម្មភាពដាំដុះ និងផលិតគ្រឿងញៀនកាន់តែច្រើន។
អត្ថបទ ខេមបូណូមីស, រូបភាពឯកសារ