ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា បច្ចុប្បន្ន ប្រជាជនខ្មែរដែលរស់ និងធ្វើការនៅឥណ្ឌា សរុបមានជិត២០០នាក់ ក្នុងនោះ មានជិត៤០នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែសុខភាពពួកគាត់កំពុងប្រសើរវិញជាបណ្ដើរៗហើយ។ ឯកឧត្តម បន្ថែមថា នៅពេលនេះកម្ពុជាក៏មិនមានផែនការនឹងជម្លៀសប្រជាជនចេញពីឥណ្ឌានោះទេ។
ដូចយើងដឹងថា ប្រទេសឥណ្ឌានៅមួយរយៈចុងក្រោយនេះ មានការប្រឈមមុខកាន់តែខ្លាំងមែនទែន ទៅនឹងមហន្ដរាយដែលបង្កឡើងដោយកូវីដ-១៩ ហើយថ្មីៗនេះដែរ អង្គការសុខភាពពិភពលោកក៏បានលើកឡើងថា ស្ថានភាពប្រទេសឥណ្ឌាកំពុងបង្កក្ដីបារម្ភខ្លាំងសម្រាប់ពិភពលោក។
ស្ថានភាពឆ្លងរីករាលដាលកូវីដ-១៩នៅឥណ្ឌា នៅតែបន្ដធ្ងន់ធ្ងរនៅឡើយ ដោយចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅតែមានរាប់សិបម៉ឺននាក់ក្នុងមួយថ្ងៃ និងអ្នកស្លាប់វិញមានដល់រាប់ពាន់នាក់ក្នុងមួយថ្ងៃ។
ក្នុងកាលៈទេសៈដ៏សែនយ៉ាប់យ៉ឺននេះ មានការរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗថា មានក្រុមមហាសេដ្ឋី តារាភាពយន្តបូល្លីវូដ និងគ្រួសារអ្នកមានថ្នាក់លើមធ្យមជាច្រើននៅក្នុងប្រទេសឥណ្ឌា នាំគ្នារត់ភៀសខ្លួនចេញប្រទេសនេះ ដើម្បីគេចចេញពីជំងឺកូវីដ-១៩។
ថ្មីៗនេះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរក ក៏បានអនុញ្ញាតឲ្យមន្ត្រីរដ្ឋាភិបាលរបស់ខ្លួន រួមនឹងក្រុមគ្រួសាររបស់ពួកគេអាចធ្វើដំណើរចាកចេញពីឥណ្ឌាដោយការស្មគ្រចិត្តផងដែរ។ ដោយឡែក ប្រទេសថៃឯណោះវិញ កាលពីសប្ដាហ៍មុន ក៏បានផ្ដល់ដំបូន្មានដល់ប្រជាជនថៃដែលរស់នៅឥណ្ឌា ក្នុងកាលៈទេសៈនេះ គួរតែចាកចេញពីប្រទេសឥណ្ឌា បើសិនជាមិនមានការចាំបាច់ត្រូវនៅទេនោះ។
សូមជម្រាបថា មកទល់នឹងពេលនេះ មានរយៈពេលជិតមួយខែហើយ ដែលរលកឆ្លងកូវីដ-១៩នៅឥណ្ឌាបានផ្ទុះឡើង ហើយមិនទាន់បង្ហាញពីសញ្ញាថមថយនោះទេ ពោលគឺចំនួនឆ្លងប្រចាំថ្ងៃនៅតែមានរាប់សិបម៉ឺននាក់ដដែល ដោយគិតត្រឹមថ្ងៃទី១២ ខែឧសភា អ្នកឆ្លងសរុបនៅឥណ្ឌាមានជាង ២៣លាននាក់ អ្នកជាសះស្បើយមានជាង ១៩លាននាក់ ខណៈអ្នកស្លាប់ជាង២៥ម៉ឺននាក់ហើយ៕