រដ្ឋាភិបាលរុស្សីកំពុងធ្វើជាតូបនីយកម្មក្រុមហ៊ុនបរទេសធំៗ

ក្រុមហ៊ុនបរទេសគ្រាក់ៗជិត៥០ក្រុមហ៊ុន នៅតែមិនព្រមចាកចេញពីប្រទេសរុស្ស៊ី


ក្នុងរយៈពេលជាងប្រាំមួយខែ ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ក្រុមហ៊ុនរកស៊ីធំៗរបស់ពិភពលោកប្រហែល ៣០០ បានចាកចេញពីទីផ្សាររុស្ស៊ី ហើយ ៧០០ ក្រុមហ៊ុនផ្សេងទៀតបានបញ្ឈប់ការវិនិយោគ និងអភិវឌ្ឍគម្រោងថ្មីៗ ព្រមទាំងទប់ស្កាត់ប្រតិបត្តិការនៅក្នុងនេះផងដែរ។
ក្រុមហ៊ុនបរទេសគ្រាក់ៗជិត៥០ក្រុមហ៊ុន នៅតែមិនព្រមចាកចេញពីប្រទេសរុស្ស៊ី
ដោយ

ប៉ុន្ដែ គេសង្កេតឃើញថា នៅមានក្រុមហ៊ុន​បរទេសគ្រាក់ៗជិត៥០ផ្សេងទៀត ដែលស្ថិត​ក្នុងចំណោម​ក្រុមហ៊ុនធំៗលំដាប់ពិភពលោកចំនួន​២០០ គឺនៅតែមិនព្រម​ដកខ្លួន​ចេញពីទីផ្សាររុស្ស៊ីនៅឡើយទេ ខណៈដែល​រដ្ឋាភិបាលទីក្រុងម៉ូស្គូ​នាពេលនេះ កំពុង​ព្យាយាម​កម្លាយសិទ្ធិកាន់កាប់​ក្រុមហ៊ុនទាំងនេះ ឲ្យមកស្ថិត​នៅក្រោម​ការគ្រប់គ្រង​ដោយរដ្ឋរុស្ស៊ីវិញ។ ​នេះបើតាមការចុះផ្សាយដោយកាសែត The Fortune។

បើយោងតាមការស្រាវជ្រាវពីសលកវិទ្យាល័យ (Yale) ដ៏ល្បីរបស់ពិភពលោក បានមើលឃើញថា ក្រុមហ៊ុនលោកខាងលិចមកពីសហរដ្ឋអាមេរិក និងអឺរ៉ុប ភាគច្រើន​សុទ្ធតែបាន​ដកខ្លួនចេញពីទីផ្សាររុស្ស៊ី ដែលរួមមាន​ធនាគារ (Citibank) និង (Goldman Sachs) ហ៊ាងម៉ាកសម្លៀកបំពាក់ដូចជា (Burberry) និង (Adidas) និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗ​ដូចជា IBM, Intel, Snap និង Twitterជាដើម។

ទោះជាយ៉ាងណា ​មិនមែន​ក្រុមហ៊ុនយក្សធំៗរបស់ពិភពលោក​ទាំងអស់សុទ្ធតែ​បាន​ដកខ្លួនចេញ​ពី​ប្រទេសរុស្សីនោះទេ ដែលក្នុងចំណោមក្រុមហ៊ុនលំដាប់ពិភពលោក ២០០ ក្រុមហ៊ុន​ យ៉ាងហោចណាស់នៅមាន ៤៧ ក្រុមហ៊ុនទៀត នៅតែធ្វើបន្ដអាជីវកម្មជាមួយរុស្សីដូចធម្មតា បើទោះបីជាមានការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចក្តី ព្រោះគេមើលឃើញថា ការថកខ្លួននោះនឹងទទួលរងផលវិបាកយ៉ាងខ្លាំង។

ក្នុងនោះដែរ ក្រុមហ៊ុនផ្សេងទៀត រួមទាំងក្រុមហ៊ុនជាច្រើនមកពីប្រទេសជប៉ុន និងចិន នៅតែមានវត្តមាននៅលើទីផ្សាររុស្ស៊ី។ ត្បិតថា ប្រទេសជប៉ុនបានថ្កោលទោសពីសង្គ្រាមរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនមែន តែប្រទេសដែលក្សត់ធនធានមួយនេះ នៅតែបន្តភាពជាដៃគូប្រេង និងឧស្ម័នជាមួយវិមានក្រឹមឡាំង។

លើសពីនេះ ក្រុមហ៊ុនសាងសង់ផ្លូវដែក និងទូរគមនាគមន៍ដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន រួមជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាឯកជន និងក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ផ្សេងៗទៀត ក៏នៅតែដំណើរការដូចធម្មតានៅក្នុងប្រទេសរុស្សីដែរ បើទោះបីជាពួកគេមិនយូរមិនឆាប់គង់តែ​រងនូវការដាក់ទណ្ឌកម្ម​ពីប្រទេសបច្ចឹមលោកក៏ដោយ។

កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដាកន្លងទៅ លោក ពូទីន ​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យមួយ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាលរុស្សី​រឹបអូស​គម្រោង​ប្រេង និង​ឧស្ម័ន​ធម្មជាតិ Sakhalin-2 ផងដែរ ដែលមានការវិនិយោគដោយបរទេស​ជាមួយក្រុមហ៊ុនក្នុងស្រុក។

បញ្ជារបស់វិមានក្រឹមឡាំងនេះ បានផ្តល់ការគ្រប់គ្រងគម្រោង Sakhalin-2 ដល់ក្រុមហ៊ុនថ្មី ដែលបង្កើតដោយរដ្ឋ ដែលអាចដកហូតសិទ្ធិវិនិយោគិនបរទេស ប្រសិនបើខ្លួនចង់ ដែលនេះជាទង្វើដ៏បង្ខំបំផុតមួយ​ដោយរដ្ឋាភិបាលក្នុងការឆ្លើយតប​ទៅនឹង​ការចាកចេញ​របស់ក្រុមហ៊ុន​រកស៊ីធំៗតែម្តង។

លោកម៉ាក ដីហ្សុន (Mark Dixon) ស្ថាបនិកទីភ្នាក់ងារវាយ​តម្លៃ​សីលធម៌ ដែលជាអង្គការស្រាវជ្រាវផ្តោតលើក្រុមហ៊ុន​បរទេសក្នុងប្រទេសរុស្ស៊ី បានបកស្រាយនៅក្នុងក្រិត្យនេះថា ប្រទេសរុស្ស៊ីមិនត្រឹមតែមានឆន្ទៈ​ក្នុងការដកហូតទ្រព្យសម្បត្តិបរទេស​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួម​ក្នុង «ការដកហូត​លាយ​លំ​នឹងការគំរាមគំហែង»។

គួររំលឹកត្រួសៗថា វិនិយោគិនអ៊ឺរ៉ុប ជប៉ុន និងចិននៅក្នុងគម្រោងថាមពលសរុបរបស់រុស្ស៊ី​បានបង្ហាញ​ពីការរួមចំណែកធំ ដែលភាគហ៊ុន​ជិត ២០% របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ BP នៅក្នុងក្រុមហ៊ុនប្រេងរដ្ឋរុស្សី (Rosneft) មានតម្លៃជាង ១១ ពាន់លានដុល្លារ ខណៈការវិនិយោគ​របស់​ក្រុមហ៊ុនបារាំង TotalEnergies នៅរុស្ស៊ីមានដល់ទៅ ១៤ ពាន់លានដុល្លារឯណោះ។

ទោះជាបែបនេះក្តី តាមការស្រាវជ្រាវលើក្រុមហ៊ុនដែលបានចាកចេញពីប្រទេសរុស្ស៊ី លោកចេហ្វ្រី សុននេនហ្វេល (Jeffrey Sonnenfeld) ដែលជាសាស្ត្រាចារ្យជាន់ខ្ពស់ និងអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យយេល (Yale) បានប្រាប់កាសែត Fortune ថា៖​ «ការធ្វើជាតូបនីយកម្ម ឬហៅថា​ការផ្ទេរសិទ្ធិកាន់កាប់​ក្រុមហ៊ុន​បរទេស​ឲ្យ​មកស្ថិតក្រោមការគ្រប់គ្រង​ដោយ​​ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី នាពេលថ្មីៗ បានគូសបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ប្រទេសរុស្សីនឹងក្លាយជាប្រទេស ដែលមិនអាចវិនិយោគបានតទៅទៀតឡើយ»។

លោកបានសង្កត់ធ្ងន់​ថា​៖ «​ទង្វើទាំងអស់នោះ គឺគ្មានការជួយគាំទ្រ​ដល់ក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មសោះឡើយ ហើយវានឹងបាត់បង់​បន្តើរៗនូវ ការគ្រប់គ្រងប្រតិបត្តិការ បុគ្គលិក ម៉ាកយីហោរ និងការគ្រប់គ្រងកេរ្តិ៍ឈ្មោះជាដើម»៕




អត្ថបទបន្ទាប់


តម្លៃប្រេងឆៅធ្លាក់ចុះជិត ១ ដុល្លារក្នុងមួយធុងបារ៉ែល ក្រោយការបង្ហាញទិន្នន័យសេដ្ឋកិច្ចចិនធ្លាក់ចុះគួរឱ្យព្រួយបារម្ភ

តម្លៃប្រេងបានធ្លាក់ចុះជាលើកទី២នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោយការបើកបង្ហាញឡើងនូវទិន្នសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងចុះទន់ខ្សោយ បានបង្កឱ្យមានការព្…

ក្រុមសមាជិកសភាអាមេរិកបន្ដមកទស្សនកិច្ចកោះតៃវ៉ាន់ជាថ្មីទៀត ទាំងដែលស្ថានការណ៍តៃវ៉ាន់នៅមិនទាន់ត្រជាក់នៅឡើយ

គណៈប្រតិភូនៃសមាជិកសភាអាមេរិកបានទៅដល់កោះតៃវ៉ាន់ ជាថ្មីទៀតហើយកាលពីថ្ងៃអាទិត្យ ទី១៤ សីហានៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលពួកគេក៏នឹងជួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ