វិស័យដឹកជញ្ជូន

តើការចរចាបើកច្រកនាំចេញទំនិញឆ្លងកាត់ប្រទេសជិតខាងទៅកាន់ប្រទេសទី៣មានការវិវត្តដល់ណាហើយ?


ការស្វែងរកដំណោះស្រាយលើការដឹកជញ្ជូនទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសទី៣ ដោយឆ្លងកាត់ប្រទេសថៃ ពុំទាន់មានលទ្ធផលណាមួយគួរឱ្យកត់សម្គាល់នៅឡើយទេ បើទោះបីប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងដែលជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ជាមួយគ្នាក៏ដោយ។ ប្រធានសម្ព័ន្ធសមាគមហគ្រាសធុនតូច និងមធ្យមកម្ពុជា យល់ឃើញថា កម្ពុជាគួរបង្កើនការយកចិត្តទុកដាក់ដោះស្រាយលើបញ្ហានេះ ពោលគឺមិនគួរបណ្តែតបណ្តោយឱ្យបញ្ហានេះបន្តអូសបន្លាយនោះទេ។
វិស័យដឹកជញ្ជូន
ដោយ

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនបានព្រងើយកន្តើយលើបញ្ហានេះ​ទេ ពោលគឺក្រសួងរួមជាមួយភាគីពាក់ព័ន្ធបានជួបចរចាជាមួយភាគីថៃ ជាច្រើនលើកមកហើយដែរ។ សម្រាប់ក្រសួងពាណិជ្ជកម្ម មានតែការចរចាប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហានេះបាន ព្រោះកិច្ចព្រមព្រៀងដឹកជញ្ជូនទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរមានការកំណត់លក្ខខណ្ឌផ្សេងៗគ្នា។

​​ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានប្រាប់សារព័ត៌មាន ខេមបូណូមីស ថា មកទល់ពេលនេះ ដំណើរការពិភាក្សាជាច្រើនលើកក្នុងការស្វែងរកដំណោះស្រាយលើការដឹកជញ្ជូនទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសទី៣ ដោយឆ្លងកាត់ប្រទេសថៃ នៅពុំទាន់មានលទ្ធផលគួរឱ្យកត់សម្គាល់នោះទេ។ ប៉ុន្តែអ្នកជំនាញរូបនេះអះអាងថា ក្រុមការងារពាក់ព័ន្ធកំពុងរៀបចំសំណើដាក់ទៅកាន់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឱ្យរៀបចំការពិភាក្សាជាថ្មីទៀត ដើម្បីមានលទ្ធភាពយកទៅស្វែងរកដំណោះស្រាយជាមួយអ្នកពាក់ព័ន្ធរបស់ប្រទេសថៃ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ កម្ពុជា ស្ថិតក្នុងចំណោមបណ្ដាប្រទេសនៅក្នុងតំបន់ ដែលមានសិទ្ធិដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសទី២ ទៅកាន់ប្រទេសទី៣ ប៉ុន្តែត្រូវបានប្រទេសជិតខាងមិនគោរពច្បាប់ ហើយយកប្រៀបមកលើកម្ពុជា តាមរយៈការដឹកជញ្ជូនទំនិញឆ្លងកាត់កម្ពុជា តែផ្ទុយទៅវិញការដឹកជញ្ជូនទំនិញឆ្លងកាត់របស់កម្ពុជា ពុំត្រូវបានប្រទេសជិតខាងអនុញ្ញាតឡើយ ដោយគេបានយកករណីនានា មកបង្អាក់ធ្វើឱ្យមានការរាំងស្ទះ។

​ជាការកត់សម្គាល់របស់ឧកញ៉ា តែ តាំងប៉ ទំនិញរបស់ថៃ ត្រូវបានគេដឹកចូលមកកម្ពុជា ជាហូរហែ ប៉ុន្តែទំនិញរបស់កម្ពុជាវិញត្រូវបានគេរារាំង។ ការណ៍នេះត្រូវបានអ្នកជំនាញរូបនេះលើកឡើងថា កម្ពុជាមិនត្រូវធ្វើព្រងើយកន្តើយឡើយ ហើយក៏មិនគួរបន្ទោសខ្លួនឯងជាប្រទេសទន់ខ្សោយដែរ។ ផ្ទុយទៅវិញត្រូវរួមគ្នាដោះស្រាយ និងជំរុញការកែច្នៃសម្រាប់នាំចេញ។

​ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ដើម្បីអាចដោះស្រាយលើបញ្ហាពាក់ព័ន្ធការរឹតបន្តឹងលើការនាំចេញទំនិញឆ្លងកាត់នេះ មានតែការសម្របសម្រួល និងចរចាគ្នាប៉ុណ្ណោះ ដ្បិតថា កិច្ចព្រមព្រៀងដឹកជញ្ជូនទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរមានការកំណត់លក្ខខណ្ឌផ្សេងៗគ្នា។ បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ កន្លងមកក្រសួងពាណិជ្ជកម្មធ្លាប់សម្របសម្រួលជាមួយភាគីថៃ ជូនដល់ធុរជនកម្ពុជា នៅតាមបណ្ដាខេត្តមួយចំនួនជាប់ព្រំដែនថៃ ក្នុងការនាំចេញទំនិញឆ្លងកាត់ព្រំដែនផងដែរ។

​ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជឿជាក់ថា ប្រសិនបើកម្ពុជា អាចនាំចេញទំនិញឆ្លងប្រទេសជិតខាងទៅកាន់ប្រទេសទី៣បាន វានឹងជួយធ្វើឱ្យតម្លៃទំនិញរបស់កម្ពុជា កាន់តែមានភាពប្រកួតប្រជែង ខណៈខេត្តចំនួន៦របស់កម្ពុជា ដែលជាប់ព្រំប្រទល់ជាមួយប្រទេសថៃ គឺសុទ្ធសឹងជាខេត្តដែលមានសក្តានុពលខ្ពស់ក្នុងការផលិតកសិផល ហើយអ្នករកស៊ីក្នុងវិស័យនេះភាគច្រើនបានត្អូញត្អែរពីបញ្ហាលំបាកក្នុងការដឹកជញ្ជូនកសិផលឆ្លងកាត់ប្រទេសថៃ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះទាញទម្លាក់តម្លៃត្រីចិញ្ចឹមក្នុងស្រុកឱ្យធ្លាក់ចុះនៅដើមឆ្នាំនេះ?

មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករនៅកម្ពុជា បានគូសបញ្ជាក់ថា តម្លៃត្រីចិញ្ចឹមនៅកម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បើទោះ…

គម្រោងឧស្ម័នធម្មជាតិ តម្លៃជាង៤០ពាន់លានដុល្លាររបស់អាម៉េរិក ដែលជាប់គាំងជាយូរមកហើយមានសង្ឃឹមឡើងវិញ ក្រោយទទួលបានការគាំទ្រពីលោក ត្រាំ

ដោយមានការគាំទ្រពីប្រធានាធិបតី ដូណាល់ ត្រាំ ពេលនេះមានក្ដីសង្ឃឹមកាន់តែខ្លាំងឡើងថា គម្រោងឧស្ម័នធម្មជាតិ (LNG) ក្រោមទុនវិនិយោគរហូតដល់ទៅ៤៤ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ