លិខិតដដែល បានបញ្ជាក់ថា ការវិនិយោគព្រលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិនេះ បានទទួលទុនវិនិយោគពីកម្ចីពីធនាគារបរទេស១១០០ លានដុល្លារសហរដ្ឋអាមេរិក កម្ចីពីភាគទុនពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ២៨០លានដុល្លារសហរដ្ឋអាមេរិក និង ដើមទុនចុះបញ្ជី ១២០លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងនោះ ទុនរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) មាន៩០ភាគរយ ខណៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលតំណាងឲ្យរដ្ឋាភិបាលកម្ពុជាមាន១០ភាគរយ។
រយៈពេលពេញមួយឆ្នាំ២០១៧នេះ កំណើនភ្ញៀវធ្វើដំណើរតាមផ្លូវអាកាស ដែលបានឆ្លងកាត់អាកាសដ្ឋានទាំងបីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និង ខេត្តព្រះសីហនុ មានរហូតដល់ជាង ៨លាននាក់ ពោលគឺមានការកើនឡើង២៥% ធៀបនឹងឆ្នាំ២០១៦។
លោក Eric Delobel នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានលើកឡើងថា ក្នុងចំណោមភ្ញៀវធ្វើដំណើរមកកាន់កម្ពុជាច្រើនជាងគេ គឺមកពីប្រទេសចិន បន្ទាប់មកអាមេរិក និង អឺរ៉ុបជាដើម។
បើតាមការអះអាងពីនាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាដដែល ជើងហោះហើរក្នុងមួយថ្ងៃរបស់អាកាសយានដ្ឋានអន្តរជាតិ ទាំង៣របស់កម្ពុជា បានកើនឡើងដល់ជាង ១០០ជើងហើយក្នុងមួយថ្ងៃ ខណៈដែលមានក្រុមហ៊ុនអាកាសចរណ៍កំពុងប្រតិបត្តិការផ្ដល់សេវាហោះហើរមានជាង ៤០ក្រុមហ៊ុន៕