តាមការព្យាករដោយស្ថាប័នផែនការសេដ្ឋកិច្ចនៃក្រុមប្រឹក្សាអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍បានបង្ហាញឲ្យដឹងថា សេដ្ឋកិច្ចប្រទេសនៅក្នុងតំបន់អាស៊ីគ្នេយ៍ជាច្រើនសុទ្ធតែមានការធ្លាក់ចុះទាំងអស់ ជាក់ស្ដែង ប្រទេសហ្វីលីពីនធ្លាក់ចុះ -៤,២% ឥណ្ឌូនេស៊ី -០,៧% ម៉ាឡេស៊ី -០,៥% និង ប្រទេសថៃមាន -២,៦% ។ ប្រទេសទាំងអស់នេះ សុទ្ធតែកំពុងជួបប្រទះការផ្ទុះឡើងនៃកូវីដ១៩ យ៉ាងដំណំ ដែលបានបង្កការរំខានដល់សកម្មភាពសេដ្ឋកិច្ចស្ទើរគ្រប់វិស័យទាំងអស់។
ដោយឡែក មានតែប្រទេសសិង្ហបុរី និង វៀតណាម ប៉ុណ្ណោះទេ ជាប្រទេសដែលបានស្គាល់ពីកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី១ឆ្នាំ ២០២១នេះ។ ក្នុងនោះសិង្ហបុរីមានកំណើន ០,២% រីឯវៀតណាមមានកំណើនដល់ទៅ ៤,៥% ឯណោះ។ ប្រទេសទាំងពីរនេះ ទទួលបានកំណើនវិជ្ជមានពីភាពធន់ក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ខ្លួន បូករួមនឹងការគ្រប់គ្រងកូវីដ-១៩ បានល្អជាងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្ដែដោយឡែករបាយការណ៍នេះ មិនបានបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានោះទេ។
យើងក្រឡេកទៅមើលស្ថានភាពផលប៉ះពាល់សេដ្ឋកិច្ចនៅប្រទេសថៃឲ្យលម្អិតជាងគេបន្តិច បើតាមស្ថាប័នផែនការសេដ្ឋកិច្ចនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិថៃ បានឲ្យដឹងដែរថា សេដ្ឋកិច្ចថៃដែលបានធ្លាក់ចុះ ២,៦% នៅ៣ខែដំបូងឆ្នាំ២០២១នេះ គឺជាការស្រុតចុះ ៤ត្រីមាសជាប់ៗគ្នាហើយ សម្រាប់ប្រទេសក្បែរខាងកម្ពុជាមួយនេះ។
មុនពេលមានការស្រុតចុះនេះ សេដ្ឋកិច្ចថៃបានស្គាល់កំណើនបន្តិចក្នុងរង្វង់ ១,១% កាលពីត្រីមាសទី៤ ឆ្នាំ២០២០ គ្រាដែលពេលនោះ ថៃមិនទាន់មានការរាលដាលឆ្លងកូវីដ-១៩ខ្លាំងក្លាដូចបច្ចុប្បន្ននេះទេ។
សម្រាប់ពេញមួយឆ្នាំ២០២១ ការិយាល័យផែនការសេដ្ឋកិច្ចនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិថៃបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចថៃពីចន្លោះ ២,៥% ទៅ ៣,៥% មកនៅត្រឹមចន្លោះ ១,៥% ដល់ ២,៥%វិញ។
គួររំឭកថា ប្រទេសថៃទទួលរងផលប៉ះពាល់ដោយសាររលកឆ្លងកូវីដ-១៩រលកទី២ និងទី៣បន្តបន្ទាប់គ្នា នៅក្នុងត្រីមាសទី១ រលកឆ្លងទី២ ផ្តើមផ្ទុះឡើងពីពាក់កណ្តាលខែធ្នូឆ្នាំ២០២០ រហូតដល់ដើមខែកុម្ភៈឆ្នាំ២០២១ ដែលកាលនោះ វាបានប៉ះពាល់ដល់ដំណើរការធ្វើអាជីវកម្មលក់គ្រឿងស្រវឹង និង ភោជនីយដ្ឋាននៅតាមតំបន់ជាច្រើន ពិសេសក្នុងទីក្រុងបាងកក។
អាជីវកម្មដូចជា ក្លឹបកម្សាន្ត ហាងខារ៉ាអូខេ និង ម៉ាស្សាជាដើម ត្រូវបានគេមើលឃើញថា ជាអាជីវកម្មងាយរងគ្រោះ ព្រោះតម្រូវឱ្យបិទទ្វារអាជីវកម្មអំឡុងការរាលដាល។
ចំណែកឯ រលកឆ្លងទី៣វិញ ដែលកំពុងតែបោកបក់ក្នុងប្រទេសថៃពេលនេះ ចាប់ផ្តើមឡើងតាំងពីខែមីនា ។ រលកឆ្លងកូវីដ១៩លើកទី៣ ក្នុងប្រទេសថៃ ហាក់មានសភាពធ្ងន់ធ្ងរជាងរលកទី២ ដោយសារតែ វាបានចម្លងលឿនរហ័សនៅពាសពេញក្រុងបាងកក និងឈានទៅរាលដាលដល់បណ្តាខេត្តផ្សេងៗជាច្រើនទៀត។ ខុសពីរលកឆ្លងមុនៗ រលកឆ្លងទី៣ ក្នុងប្រទេសថៃតម្រូវឲ្យបិទទ្វារអាជីវកម្មតូចៗជាច្រើន ជាក់ស្តែងសូម្បីតែនៅតាមបណ្តាខេត្ត មានភោជនីយដ្ឋានតម្រូវឲ្យលក់អាហារសម្រាប់តែវេចខ្ចប់ប៉ុណ្ណោះ។
ដោយឡែកវិស័យទេសចរណ៍ ដែលថៃត្រៀមផែនការស្តារឡើងវិញសម្រាប់ឆ្នាំ២០២១ ក៏ត្រូវរលាយ ស្របពេលដែលការចំណាយក្នុងវិស័យឯកជន និង ការចំណាយរបស់ពលរដ្ឋបានដាំក្បាលចុះយ៉ាងខ្លាំង។
សូមបញ្ជាក់ផងដែរថា ប្រទេសថៃកាលពីថ្ងៃច័ន្ទម្សិលមិញ ត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ដល់ទៅជិត១ម៉ឺននាក់ ដែលនេះជាចំនួនឆ្លងច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ៕