ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យចិន ឆាយណា អ៊ីនដិក អេខេដេមី (China Index Academy) បានបង្ហាញកាលពីថ្ងៃសៅរ៍ ទី០១ ខែកក្កដាថា តម្លៃផ្ទះថ្មីជាមធ្យមនៅក្នុងទីក្រុងចំនួន ១០០ នៅទូទាំងប្រទេសចិន បានធ្លាក់ចុះក្នុងអត្រា ០,០១% នៅក្នុងខែមិថុនា។ នេះជាការធ្លាក់ចុះក្នុងអត្រាដូចគ្នានឹងខែឧសភាដែរ។
ទិន្នន័យនេះបានបង្ហាញថា ទីក្រុងចំនួន ៤៥ ក្នុងចំណោមទីក្រុងទាំង១០០នេះ បានរាយការណ៍ពីការធ្លាក់ចុះតម្លៃផ្ទះ ហើយទិន្នន័យនេះក៏បានបង្ហាញដែរថា ក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ២០២៣នេះ តម្លៃផ្ទះជាមធ្យមបានកើនឡើងក្នុងអត្រា ០,០១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យនេះបាននិយាយថា កាលពីក្នុងអំឡុងត្រីមាសទី១ក្នុងឆ្នាំនេះ ទំនុកចិត្តទីផ្សារ ដែលបានកើនឡើងដោយសារតម្រូវការស្ទុះឡើងខ្លាំងនោះ បានត្រឡប់មកវិញជាបណ្តើរៗហើយ ហើយតម្លៃផ្ទះក៏ហាក់ដូចជាកំពុងងើបឡើងវិញផងដែរ។
ក្រុមហ៊ុននេះបានបន្ថែមទៀតថា ប៉ុន្តែនៅក្នុងត្រីមាសទី២ ល្បឿននៃការងើបឡើងវិញនៃទីផ្សារលំនៅឋានបានធ្លាក់ចុះទៅវិញ ហើយក៏គ្មានកម្លាំងស្ទុះគ្រប់គ្រាន់ដើម្បីជំរុញឱ្យតម្លៃផ្ទះកើនខ្ពស់នោះដែរ។
វិស័យអចលនទ្រព្យនៅប្រទេសចិនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិបំណុលដ៏ធ្ងន់ធ្ងរ ដែលដំបូងឡើយគឺដោយសារការផ្លាស់ប្ដូររដ្ឋាភិបាលក្នុងការទប់ទល់នឹងបំណុលដែលកំពុងតែកើនឡើង ជំរុញឱ្យអ្នកអភិវឌ្ឍន៍ជាច្រើនខកខានសងបំណុលខណៈដែលពួកគេខំប្រឹងលក់ផ្ទះល្វែង និងបង្កើនមូលនិធិរបស់ពួកគេ។
ទោះជារដ្ឋាភិបាលថ្នាក់ក្រោមជាតិបានដាក់ចេញរាប់រយវិធានការដើម្បីគាំទ្រវិស័យនេះ និងទោះជាការលុបចោលការទប់ស្កាត់ជំងឺកូវីដ១៩ដ៏អាក្រក់នៅក្នុងខែធ្នូបានធូរស្បើយមួយគ្រាក៏ពិតមែន ក៏អារម្មណ៍វិជ្ជមានរបស់វិនិយោគិនចំពោះវិស័យនេះបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។
ក្រុមហ៊ុន China Index Academy បាននិយាយថា ប្រសិនបើការគាំទ្រគោលនយោបាយនៅមានកម្រិត នោះវាពិបាកនឹងធ្វើឱ្យទំនុកចិត្តរបស់អ្នកទិញផ្ទះមានស្ថានភាពប្រសើរឡើងវិញខ្លាំងណាស់។
សូមបញ្ជាក់ថា វិស័យអចលនទ្រព្យបានរួមចំណែកប្រហែល១ភាគ៤ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសចិន៕