វិស័យ​ពាណិជ្ជកម្ម

រដ្ឋបាលលោក ត្រាំ សងប្រាក់ពន្ធរហូតដល់ទៅ១០០ពាន់លានដុល្លារដល់ក្រុមហ៊ុនអាម៉េរិកវិញ


រដ្ឋបាលលោក ដូណាល់ ត្រាំ បាន​ទូទាត់សងប្រាក់ពន្ធរហូតដល់ទៅ១០០ពាន់លានដុល្លារទៅបណ្ដាក្រុមហ៊ុនអាម៉េរិក នៃប្រាក់ពន្ធដែលត្រូវសងត្រលប់សរុប១៦៦ពាន់លានដុល្លារបន្ទាប់ពីតុលាការកំពូលអាម៉េរិក សម្រេចលុបចោលពន្ធនាំចូលមួយចំនួន ដែលត្រូវបានចាត់ទុកថាខុសច្បាប់។
វិស័យ​ពាណិជ្ជកម្ម
ដោយ

 ខណៈក្រុមហ៊ុនយក្ស ដូចជា Amazon, Apple, Walmart និង Costco កំពុងប្រើប្រាស់ប្រាក់ពន្ធសងវិញនេះដើម្បីបញ្ចុះតម្លៃទំនិញ ពង្រីកការវិនិយោគ និងគាំទ្រប្រតិបត្តិការអាជីវកម្មនោះ អាជីវកម្មខ្នាតតូចជាច្រើនបានត្អូញត្អែរថា ប្រាក់ទាំងនេះនៅតែមិនគ្រប់គ្រាន់សម្រាប់ប៉ះប៉ូវការខាតបង់ធ្ងន់ធ្ងរដែលពួកគេបានទទួលរងពីគោលនយោបាយពន្ធនាំចូលដ៏ចម្រូងចម្រាសកន្លងមកនោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ ABC News កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។
គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៦ រដ្ឋាភិបាលអាម៉េរិក បានសងប្រាក់ពន្ធចំនួន១០០ពាន់លានដុល្លារទៅក្រុមហ៊ុនរាប់ពាន់ ដែលធ្លាប់បង់ពន្ធនាំចូល ក្រោយពន្ធទាំងនោះត្រូវបានតុលាការកំពូលសម្រេចថាខុសច្បាប់។ ទំហំប្រាក់ពន្ធសងត្រលប់នេះគ្របដណ្តប់ជាងពាក់កណ្តាល នៃទំហំប្រាក់ពន្ធដែលត្រូវសងត្រលប់សរុប១៦៦ពាន់លានដុល្លារ។ បច្ចុប្បន្នក្រុមហ៊ុនអាចដាក់ពាក្យស្នើសុំប្រាក់ពន្ធសងត្រលប់តាមប្រព័ន្ធអនឡាញថ្មី ដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានគយ និងការពារព្រំដែនសហរដ្ឋអាម៉េរិក។
ក្រុមហ៊ុនធំៗជាច្រើនទទួលបានប្រាក់ពន្ធសងត្រលប់រួចហើយ ក្នុងនោះក្រុមហ៊ុន Amazon ទទួលបាន ៦០០លានដុល្លារ ហើយប្រកាសថា នឹងសងប្រាក់ជូនអតិថិជនដែលធ្លាប់បង់ថ្លៃទំនិញខ្ពស់ដោយសារពន្ធនាំចូល។ ទន្ទឹមនេះ ក្រុមហ៊ុន Apple ទទួលបាន២,២ពាន់លានដុល្លារ ហើយគ្រោងយកប្រាក់ទាំងនេះទៅវិនិយោគលើការផលិត និងអភិវឌ្ឍន៍នវានុវត្តន៍នៅសហរដ្ឋអាម៉េរិក។ ចំណែកឯក្រុមហ៊ុន Walmart និងក្រុមហ៊ុន Costco ក៏ប្រកាសដែរថា នឹងប្រើប្រាស់មួយផ្នែកនៃប្រាក់ពន្ធសងត្រលប់នេះដើម្បីបញ្ចុះតម្លៃទំនិញសម្រាប់អតិថិជន ខណៈក្រុមហ៊ុន Pepsi បញ្ជាក់ថា ប្រាក់ពន្ធសងត្រលប់នេះនឹងជួយទប់ទល់ការកើនឡើង នៃថ្លៃដើមអាជីវកម្មរបស់ខ្លួន។
ទោះជាយ៉ាងណា អ្នកប្រើប្រាស់ភាគច្រើននៅសហរដ្ឋអាម៉េរិក ដែលបានបង់ថ្លៃទំនិញខ្ពស់ជាងធម្មតាអំឡុងពេលអនុវត្តពន្ធនាំចូលមិនទទួលបានប្រាក់សងត្រលប់វិញដោយផ្ទាល់នោះទេ។ យោងតាមមូលនិធិពន្ធ ដែលជាស្ថាប័នស្រាវជ្រាវឯករាជ្យបង្ហាញថា ពន្ធនាំចូលដែលក្រោយមកត្រូវបានតុលាការលុបចោលបានធ្វើឱ្យគ្រួសារពលរដ្ឋអាម៉េរិកជាមធ្យមចំណាយបន្ថែមប្រមាណ៧០០ដុល្លារ កាលពីឆ្នាំមុន។ បើគិតបូកទាំងពន្ធនាំចូលផ្សេងទៀតដែលនៅមានសុពលភាព គ្រួសារនីមួយៗត្រូវចំណាយបន្ថែមជាមធ្យមរហូតដល់ទៅ១,០០០ដុល្លារ។
សម្រាប់អាជីវកម្មខ្នាតតូចការសងប្រាក់ពន្ធត្រលប់វិញនេះត្រូវបានចាត់ទុកថា មានភាពយឺតពេក។ លោកស្រី បេស បេណៃ (Beth Benike) ស្ថាបនិកក្រុមហ៊ុន Busy Baby ដែលទើបទទួលបានប្រាក់ពន្ធសងត្រលប់វិញ៥០,០០០ដុល្លារ បន្ទាប់ពីរង់ចាំអស់ជាច្រើនខែបាននិយាយថា មុនពេលទទួលបានប្រាក់នេះ លោកស្រី ត្រូវបង្ខំចិត្តកាត់បន្ថយបុគ្គលិក និងដកប្រាក់សន្សំសម្រាប់ចូលនិវត្តន៍មកជួយទ្រទ្រង់ក្រុមហ៊ុនជាបណ្ដោះអាសន្ន។ លោកស្រីបានបញ្ជាក់ថា ប្រាក់ពន្ធសងត្រលប់នេះអាចជួយសម្រួលរំហូរសាច់ប្រាក់បានមួយកម្រិត ប៉ុន្តែមិនអាចប៉ះប៉ូវការខាតបង់ហិរញ្ញវត្ថុទាំងស្រុង ដែលបណ្តាលមកពីគោលនយោបាយពន្ធនាំចូលកន្លងមកនោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីជំរុញឱ្យវៀតណាម ប្តូរគំរូអភិវឌ្ឍន៍ជាតិ ដែលបានប្រើប្រមាណ៤០ឆ្នាំមកនេះ?

ក្រោយការអភិវឌ្ឍអស់រយៈពេលជិត៤០ឆ្នាំ ដែលបានជួយឱ្យ​ប្រទេសវៀតណាម ងើប​ផុតពីភាពក្រីក្រ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ រដ្ឋាភិបាលវៀតណា…

អ៊ីរ៉ង់ចំអកលោក ត្រាំ ថា កំពុងលេងល្ខោនការទូត និងច្រានចោលលទ្ធភាពសម្រេចបានកិច្ចព្រមព្រៀងជាមួយអាម៉េរិក

ប្រធានក្រុមអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ បានចេញមុខចំអកឱ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា កំពុងលេងល្ខោនការទូត ខណៈដែលទីក្រុងវ៉ាស៊ីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ