អ៊ីរ៉ង់ចំអកលោក ត្រាំ

អ៊ីរ៉ង់ចំអកលោក ត្រាំ ថា កំពុងលេងល្ខោនការទូត និងច្រានចោលលទ្ធភាពសម្រេចបានកិច្ចព្រមព្រៀងជាមួយអាម៉េរិក


ប្រធានក្រុមអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ បានចេញមុខចំអកឱ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា កំពុងលេងល្ខោនការទូត ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានផ្តល់របាយការណ៍ផ្ទុយគ្នាស្រឡះជុំវិញកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជម្លោះ ដែលបានអូសបន្លាយពេលជាច្រើនខែកន្លងមកនេះ។ ការដំឡើងសរសៃកដាក់គ្នាសាជាថ្មីនេះបានធ្វើឱ្យចរាចរណ៍ថាមពលតាមច្រកសមុទ្រ Hormuz រងការរង្គោះរង្គើ និងជំរុញឱ្យតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិហក់ឡើងថ្លៃជាថ្មីម្តងទៀត។
អ៊ីរ៉ង់ចំអកលោក ត្រាំ
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍ថា លោក ម៉ូហាមម៉ាដ បាហ្គឺ ហ្កាលីបាហ្វ (Mohammad Bagher Ghalibaf) ប្រធានសភា និងជាប្រធានក្រុមចរចាកំពូលអ៊ីរ៉ង់បានសរសេរសារនៅលើបណ្តាញសង្គម X ដែលមានន័យឌឺដង និងចំអកឱ្យលោក ដូណាល់ ត្រាំ ដោយធ្វើត្រាប់តាមសម្តី ដែលលោក ត្រាំ ធ្លាប់បាននិយាយកន្លងមកថា ការវាយប្រហារដ៏ធំមួយកំពុងជិតកើតឡើងហើយ តែឈប់សិន ពួកគេចង់ចរចាវិញហើយ។
សារឌឺដងឡកឡើយយ៉ាងក្តៅគគុកនេះបានកើតឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានប្រកាសលុបចោលផែនការវាយប្រហារ និងបានអះអាងថា សេចក្តីព្រាងកិច្ចព្រមព្រៀងត្រូវបានឯកភាពគ្នារួចរាល់ហើយជាមួយទីក្រុងតេអេរ៉ង់។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបដិសេធចំពោះការអះអាងនេះ ដោយបញ្ជាក់ថា គ្មានការចរចា ឬកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនោះឡើយ។
ទន្ទឹមនឹងភាពតានតឹងការទូតនេះ ជម្លោះបានរុញច្រានឱ្យច្រកផ្លូវនាវាចរណ៍ដ៏សំខាន់ Hormuz ស្ថិតក្រោមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានរាយការណ៍ថា ក្រោមសេចក្តីព្រាងផែនការរួមរវាងអ៊ីរ៉ង់ និងអូម៉ង់ នាវាចរណ៍អាម៉េរិក និងអ៊ីស្រាអែល ព្រមទាំងនាវានៃបណ្តាប្រទេស ដែលបានបង្កការខូចខាតដល់អ៊ីរ៉ង់ នឹងត្រូវហាមឃាត់យ៉ាងដាច់ខាតមិនឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើយ រហូតទាល់តែមានការទូទាត់សំណងសង្គ្រាមរួចរាល់។ លើសពីនេះ អ៊ីរ៉ង់ថែមទាំងគ្រោងដាក់ការពិន័យជាប្រាក់រហូតដល់២០% នៃតម្លៃទំនិញលើនាវាណាដែលល្មើសបទបញ្ជានេះទៀតផង។
ដោយឡែកឆ្លើយតបនឹងការទម្លាយព័ត៌មានថា អាវុធ និងស្តុកគ្រាប់រំសេវរបស់អាម៉េរិកកំពុងខ្សត់ខ្សោយ ទីភ្នាក់ងារព័ត៌មាន The Straits Times បានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ដោយច្រានចោល និងវាយបកវិញថា នោះជារបាយការណ៍ភូតកុហកទាំងស្រុង។ លោក ត្រាំ អះអាងថា សហរដ្ឋអាម៉េរិកនៅមានអាវុធ និងគ្រាប់រំសេវយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសគឺមីស៊ីលនាំផ្លូវកំណត់គោលដៅ ហើយលោកថែមទាំងបានព្រមានដាក់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរចំពោះអ្នក ដែលទម្លាយព័ត៌មានមិនពិតទាំងនេះ។
ឥរិយាបថរឹងរូសប្រឈមមុខគ្នារវាងមហាអំណាចទាំងពីរបានធ្វើឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិស្ទុះហក់ឡើងវិញភ្លាមៗ ដោយប្រេងឆៅប្រភេទ Brent បានកើនឡើង១,៣% ឈានដល់ជាង៨៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅនៅលើទីផ្សារអាម៉េរិកបានកើនឡើងជាង១% ដល់ជាង៧៨ដុល្លារក្នុងមួយបារ៉ែល ធ្វើឱ្យក្តីសង្ឃឹមនៃការសម្រេចបានកិច្ចព្រមព្រៀងការទូតត្រូវរលាយសាបសូន្យទៅវិញ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


រដ្ឋបាលលោក ត្រាំ សងប្រាក់ពន្ធរហូតដល់ទៅ១០០ពាន់លានដុល្លារដល់ក្រុមហ៊ុនអាម៉េរិកវិញ

រដ្ឋបាលលោក ដូណាល់ ត្រាំ បាន​ទូទាត់សងប្រាក់ពន្ធរហូតដល់ទៅ១០០ពាន់លានដុល្លារទៅបណ្ដាក្រុមហ៊ុនអាម៉េរិក នៃប្រាក់ពន្ធដែលត្រូវសងត្រលប់សរុប១៦៦ពាន…

សមាជិកសភាថៃម្នាក់ត្រូវសមត្ថកិច្ចចាប់អូសចេញ ក្រោយស្រែកប្រឆាំងវត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ាដល់ក្នុងសភា

ការប្រឆាំងនឹងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោក មីន អ៊ុងលាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារទម្លាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ