បើតាមខ្លឹមសារក្នុងលិខិតដដែលនេះ បានឲ្យដឹងថា គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នេះ មានសមភាពចំនួន ២៣រូប ដែលក្នុងនោះ គឺមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន និងឯកឧត្តម ម៉ៅ ភិរណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ជាសមាជិកអចិន្ត្រៃយ៍ និងសមាសភាព២០នាក់ផ្សេងទៀត សុទ្ធសឹងជាសមាជិក។
បើតាមខ្លឹមសារលិខិតរបស់រាជរដ្ឋាភិបាល គណៈកម្មការបង្កើតថ្មីៗនេះ មានភារកិច្ច ពិនិត្យ និងកំណត់និយាមកាទីតាំងសម្រាប់គម្រោងសាសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី , សិក្សាវាយតម្លៃថ្លៃដី នៅតំបន់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងដើរតួនាទីសម្របសម្រួល និងដោះស្រាយបញ្ហា ពាក់ព័ន្ធនានាជាច្រើនទៀត ដើម្បីបង្កលក្ខណៈដល់ដំណើរការគម្រោងសាងសង់អាកាសយាន្ដដ្ឋានថ្មីនេះ។
ទោះយ៉ាងណា នៅក្នុងលខិតនេះ មិនបានបញ្ជាក់ពីទីតាំងជាក់លាក់ របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ នៅឡើយទេ។
យ៉ាងណាក៏ដោយចុះ កាលពីជាងពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ តាមរយៈលិខិតមួយ របស់ទិស្ដីការគណៈរដ្ឋមន្ត្រី ដែលមានការផ្សាយព្រោងព្រាតលើបណ្ដាញសារព័ត៌មាន បានឲ្យដឹងថា កម្ពុជានឹងសាងសង់ ព្រលានយន្តហោះអន្តរជាតិខ្នាតធំមួយទៀត ទំហំ ២.៦០០ ហិចតា នៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាការវិនិយោគក្នុងទំហំទឹកប្រាក់ ១៥០០ លានដុល្លារសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែលជាក្រុមហ៊ុនភាពជាដៃគូវិនិយោគរវាងវិស័យសាធារណៈ និង ឯកជន។
លិខិតដដែល បានបញ្ជាក់ថា ការវិនិយោគព្រលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិនេះ បានទទួលទុនវិនិយោគពីកម្ចីពីធនាគារបរទេស១.១០០ លានដុល្លារសហរដ្ឋអាមេរិក កម្ចីពីភាគទុនពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ២៨០លានដុល្លារសហរដ្ឋអាមេរិក និង ដើមទុនចុះបញ្ជី ១២០លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងនោះ ទុនរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) មាន៩០ភាគរយ ខណៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតំណាងឲ្យរដ្ឋាភិបាលកម្ពុជាមាន ១០ភាគរយ៕